បរទេស ៖ មន្ទីរប៉ង់តាហ្គោន ថ្មីៗនេះទទួលបានជោគជ័យក្នុងការជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យាផលិតអាវុធសរុបជាង១០០០ ដើម្បីអាចចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ និងផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើបមួយដែលត្រូវបានគេឲ្យឈ្មោះថា Golden Dome។ បច្ចេកវិទ្យាការពារដ៏ទំនើបនេះត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអនុម័តកញ្ចប់ថវិការហូតដល់ប្រមាណ១៥១ពាន់លានដុល្លារដោយមិនកំណត់ពេលវេលា និងចំនួននោះទេសម្រាប់រយៈពេល ១ទសវត្សរ៍ខាងមុខនេះ។
យោងតាមការចេញផ្សាយរបស់ The Defense News កាលពីដើមខែធ្នូនេះបានឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើនគេបានសង្កេតឃើញមានវត្តមានក្រុមហ៊ុនដែលមានភាព្បីល្បាញផ្នែកផលិតសព្វាវុធចូលរួមផងដែរ ដូចជា ក្រុមហ៊ុន BAE Systems, Booz Allen Hamilton, L3Harris និង General Atomics ផងដែរ។

នៅក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារជាតិកិច្ចការងារការពារជាតិ មីស៊ីល ( The Missile Defense Agency [MDA] ) កាលពីថ្ងៃអង្គារ ដើមខែធ្នូកន្លងទៅនេះបានឲ្យដឹងថា កម្មវិធីអនុវត្តកុងត្រាដំណាក់កាលដំបូង Scalable Homeland Innovative Enterprise Layered Defense (SHIELD) នឹងត្រូវធ្វើឡើងជាមួយក្រុមហ៊ុនមានសមត្ថភាពគ្រប់គ្រាន់រហូតដល់ទៅ ១០១៤ ក្រុមហ៊ុនដែលបានចុះបញ្ជីដាក់ពាក្យស្នើសុំចូលរួមក្នុងចំណោម ២៤៦៣ ក្រុមហ៊ុន ដែល MDA បានទទួល។
អ្នកនាំពាក្យ MDA លោក Mark Wright បាននិយាយនៅក្នុងបទសំភាសមួយជាមួយនឹង Defence News ថា ការអនុវត្តកម្មវិធីតាមកុងត្រាក្នុងដំណាក់កាលដំបូង (SHIELD) គឺសំដៅលើការបង្កើតទិន្នន័យក្រុមហ៊ុនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងអាចធ្វើការលើកម្មវិធី Golden Dome ព្រមទាំងកម្មវិធីជាតិផ្សេងទៀត។ ក្រុមហ៊ុនដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្រោមកិច្ចសន្យា SHIELD អាចប្រកួតប្រជែងសម្រាប់តម្រូវការនាពេលអនាគតតាមរយៈកិច្ចការមួយចំនួនដែលផ្តល់ជូនពីកម្មវិធី។
គួរឲ្យដឹងដែរថា Golden Dome គឺជាប្រព័ន្ធការពារដ៏ទំនើបចុងក្រោយដែលអាម៉េរិកដាក់ផែនការជាមួយខ្ទង់ចំណាយរាប់សិបពាន់លានដុល្លារក្នុងការអភិវឌ្ឍ។ វាមានលក្ខណៈខុសប្លែកខ្លាំងពីបច្ចេកវិទ្យាការពារនាពេលបច្ចុប្បន្ន ដោយក្នុងនោះ Golden Dome គឺជាបណ្តាញការពារដែលកើតចេញពីការបញ្ចូលគ្នាដោយផ្កាយរណបយ៉ាងច្រើន ពោលគឺរហូតទៅដល់រាប់រយគ្រឿងនៅក្នុងលំហអាកាសដែលអាចមានសមត្ថភាពធ្វើការងាររួមគ្នាដើម្បីតាមដាន និងទប់ស្កាត់ប្រឆាំងទៅនឹងគ្រប់ប្រភេទមីស៊ីលទាំងអស់របស់សត្រូវ។
សូមរំលឹកថា កាលពីអតីតកាល ប្រធានាធិបតីអាម៉េរិក លោក Ronald Reagan ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ ក៏ធ្លាប់មានផែនការក្នុងការរៀបចំប្រព័ន្ធអាវុធបែបនេះដែរ ប៉ុន្តែបច្ចេកវិទ្យារបស់អាម៉េរិក និងពិភពលោកកាលគ្រានោះនៅមិនទាន់អាចប្រើប្រាស់ផ្កាយរណបទៅជាឧបករណ៍ការពារមីស៊ីលជំនួសឲ្យប្រព័ន្ធការពារដែលបាញ់ចេញពីផ្ទាល់ដី ឬអាកាសនៅឡើយនោះទេ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content