បញ្ហាវិបត្តថាមពលសកលត្រូវបានគេមើលឃើញថាបានកើតឡើងតាំងពីអំឡុងឆ្នាំ២០២១ រហូតមកទល់បច្ចុប្បន្ន ពោលគឺនៅក្នុងអំឡុងពេលវិបត្តិកូវីដ និងបន្តបន្ទាប់ដោយសាររិបទនយោបាយសំខាន់ៗព្រមទាំងជម្លោះដោយយោធារវាងរុស្ស៊ី និងអ៊ុយក្រែនផង ។
កត្តាទាំងទាំងនេះបានធ្វើឲ្យមានបញ្ហាខ្វះខាតប្រេងឆៅព្រមទាំងហ្កាសផងនៅក្នុងទីផ្សារនៃការប្រើប្រាស់ថាមពលអគ្គិសនី។ ក្រៅពីនោះកត្តាដោយប្រយោលផ្សេងទៀតដែលបណ្តាលឲ្យពិភពលោកប៉ះពាល់ដល់វិស័យថាមពលនោះមានដូចជាការបំពុលអាកាសធាតុ បញ្ហាបម្រែបម្រួលអាកាសធាតុ ការបំពុលទឹក ព្រមទាំងការខ្ជះខ្ជាយនៃការប្រើប្រាស់ធនធានជាដើម។

មានដំណោះស្រាយជាច្រើនដែលត្រូវបានពិភាក្សា និងវែកញែកដើម្បីយកមកអនុវត្តដោយបណ្តាអង្គការ និងប្រទេសមហាអំណាចជាច្រើន ប៉ុន្តែមួយក្នុងចំណោមនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេសម្រាប់របៀបនៃការរចនាលំនៅដ្ឋានរស់នៅថ្មីដែលអាចសម្របខ្លួនទៅនឹងវិបត្តិថាមពលបាននោះគឺជាគំនិតសាងសង់អគាររស់នៅប្រភេទថ្មីដែលត្រូវបានគេស្គាល់ថា Passive House ។
តើអ្វីទៅជា Passive House Concept ?
Passive House គឺជាស្តង់ដាររចនាដែលសម្រេចបាននូវផាសុកភាពទាំងពេលដែលអ្នករស់នៅក្នុងផ្ទះត្រូវការកម្ដៅ និងពេលដែលលំនៅដ្ឋានត្រូវការភាពត្រជាក់។ អគារនេះមានភាពធន់ទៅនឹងខ្យល់ មានការរចនាបង្អួច និងទ្វារដែលសមស្របប្រព័ន្ធខ្យល់ចេញចូលសមស្របតាមរដូវកាល។
នៅក្នុងរបៀបនៃការសាងសង់លំនៅដ្ឋានប្រភេទនេះត្រូវបានរចនាឡើងដោយមានបញ្ចូលនូវស្ទើរគ្រប់ប្រភេទនៃការទាញយកថាមពលពីធម្មជាតិ សូម្បីតែកំដៅដែលមាននៅលើរាង្គកាយរបស់ម្ចាស់ផ្ទះទៀត។

បច្ចេកវិទ្យាទំនើបត្រូវបានដាក់បញ្ចូលក្នុងការទាញយកថាមពលដែលមានដូចជាបន្ទះសូឡាលើដំបូល នៅតាមបង្អួច តួប៊ីនទាញយកថាមពលពីខ្យល់ ជាពិសេសការសាងសង់គ្រឹះដ៏រឹងម៉ាំពីបេតុងដែលអាចថែរក្សាសិតណ្ហភាពបានយ៉ាងល្អពីខាងក្នុងអគារព្រមទាំងបច្ចេកវិទ្យាសន្សំសំចៃ និងប្រើប្រាស់ឡើងវិញជាច្រើនផ្សេងទៀត៕
ការសាងសង់លំនៅដ្ឋានតាមបែប Passive House ត្រូវបានបង្កើតឡើងដំបូងឡើងនៅប្រទេសអាល្លឺម៉ង់នៅដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះដោយសាស្រ្តាចារ្យ Bo Adamson និង Wolfgang Feist ។ លំនៅដ្ឋាន Passive House ដំបូងត្រូវបានសាងសង់នៅ Darmstadt ក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ១៩៩១។
តាមការស្រាវជ្រានដោយវិទ្យាស្ថាន Passive House Institute ដែលកំពុងបណ្តុះបណ្តាលក្រុមអ្នកឌីសាញរាប់រយនាក់មកពីបណ្តាប្រទេសចំនួនជាង៣០បានអះអាងថា ការរចនាផ្ទះតាមបែប Passive House នឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីដល់ទៅ៩០ភាគរយធៀបទៅនឹងលំនៅដ្ឋានទូទៅអាចផ្តល់អាកាសធាតុត្រជាក់ជាងនៅរដូវក្តៅ និងទទួលបានកំដៅគ្រប់គ្រាន់នៅពេលរដូវត្រជាក់។ មិនត្រឹមតែប៉ុណ្ណោះការចំណាយក៏មានតម្លៃទាបជាងលំនៅដ្ឋានធម្មតា ហើយមាននិរន្តភាពជាងចំពោះបរិស្ថាន។
យ៉ាងណាក៏ដោយ បើទោះបីជាបច្ចុប្បន្នសមាគមអ្នកឌីសាញ Passive House អន្តរជាតិ ( International Passive House Association ) បានទទួលស្គាល់ថា ចំនួននៃការសាងសង់លំនៅដ្ឋានប្រភេទនេះនៅមានកម្រិត ឬមានប្រមាណត្រឹមតែ ៤៤ ០០០ខ្នងនៅជុំវិញពិភពលោក ប៉ុន្តែគេមានជំនឿចិត្តថា វានឹងមានសន្ទុះកើនឡើងនៃការប្រើប្រាស់ដោយសារបញ្ហាវិបត្តថាមពលសកល និងបញ្ហាបម្រែបម្រួលអាកាសធាតុជាសកលផងដែរ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content