អាជីវកម្មកើតថ្មីមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីស្រាអ៊ែល The Re-Fresh Global បាន និងកំពុងទាក់ចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគជាច្រើនដោយសារតែប្រតិបត្តិការអាជីវកម្មដ៏មានអត្ថប្រយោជន៍សម្រាប់បរិស្ថាន និងអ្នកប្រើប្រាស់ទូទៅ។ Re-Fresh Global មានជំនាញក្នុងការកែច្នៃសម្លៀកបំពាក់ចាស់ៗដែលជាកាកសំណល់ចេញពីរោងចក្រផលិតទៅជាវត្ថុប្រើប្រាស់ចាំបាច់ជាច្រើនប្រភេទ ដូចជា ទឹកអប់ ហើយសូម្បីតែស្បែកជើង រហូតទៅដល់គ្រឿងសង្ហារឹមប្រើប្រាស់នានាផងដែរ។
ប្រព័ន្ធម៉ាស៊ីនដ៏ឆ្លាតវ៉ៃរបស់ក្រុមហ៊ុន អាចបែកចែកក្រណាត់សម្លៀកបំពាក់ទៅតាមពណ៌ និងតាមប្រភេទនៃវត្ថុធាតុដើមផងដែរ។ កាកសំណល់ដែលបែងចែករួចរាល់ត្រូវប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាបែបជីវវិទ្យាដើម្បីបំប្លែងកាកសំណល់ទាំងនោះទៅជាវត្ថុធាតុដើមច្រើនប្រភេទសម្រាប់ការផលិតបានជាវត្ថុប្រើប្រាស់ផ្សេងៗ។
វត្ថុធាតុដើមដែលគេអាចទទួលបាននោះមានដូចជា Bio-ethanol ដែលអាចប្រើប្រាស់បាននៅក្នុងដំណើរការផលិតជាទឹកអប់ និងជីវឥន្ធនៈហើយវត្ថុធាតុដើមទី២គឺ Nanocellulose ដែលចាំបាច់អាចផលិតបានជាស្បែកជើង និងសំភារៈវេចខ្ចប់មួយចំនួនផ្សេងទៀត ហើយក៏អាចយកទៅផលិតបានជាក្រណាត់ថ្មីដែលមាននៅលើសាឡុងខ្នើយ និងពូកសម្រាប់រថយន្តជាដើម។
គួរឲ្យដឹងដែរថា អាជីវកម្ម Re-Fresh Global ត្រូវបានចាត់ទុកថាជាអាជីវកម្មដ៏មានសារៈប្រយោជន៍បំផុតក្នុងវិស័យកែច្នៃកាកសំណល់ចេញពីរោងចក្រដែលជាប្រភពបង្ហបញ្ហា និងបញ្ចេញឧស្ម័នកាបូនិកដ៏ច្រើនបំផុតមួយរបស់ពិភពលោក។
ជារៀងរាល់ឆ្នាំ គិតត្រឹមឧស្សាហកម្មវាយនភណ្ឌបានប្រើប្រាស់ធនធានដែលមិនងាយកែច្នៃឡើងវិញបានដល់ទៅ៩៨លានតោនដែលរួមមានទាំងប្រេង ជី សារជាតិគីមី និងក្រណាត់សម្លៀកបំពាក់ជាដើមផងដែរ ដោយក្នុងនោះមានប្រមាណជា១២ភាគរយប៉ុណ្ណោះដែលអាចយកមកច្នៃឡើងវិញបាន ខណៈដែល៧៣ភាគរយទៀតត្រូវបានចាក់ចោលទៅក្នុងបរិស្ថាន៕