វិស័យអាកាសចរណ៍ជាចំណែកមួយដ៏សំខាន់នៃការធ្វើពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងរវាងមនុស្សមកពីគ្រប់កន្លែងទាំងអស់លើពិភពលោក និងមិនអាចខ្វះបានឡើយនៅក្នុងយុគសម័យបែបទំនើប មិនថាជាដំណើរកំសាន្ត ការធ្វើអាជីវកម្មរវាងគ្នា ឈានទៅដល់ការដឹកជញ្ជូនទំនិញសំខាន់ៗពីតំបន់មួយទៅតំបន់មួយផ្សេងទៀតដែលស្ថិតនៅ
ចម្ងាយរាប់ពាន់គីឡូម៉ែត្រពីគ្នា។
ទោះបីជាយ់ាងណាក្តី មានមនុស្សជាច្រើននៅមិនទាន់បានដឹង ឬចាប់អារម្មណ៍ទៅលើរឿងរ៉ាវមួយចំនួនដែលអាចកើតឡើងនៅពេលដែលធ្វើដំណើរតាមយន្តហោះនោះទេ។ តាមរយៈអត្ថបទមួយនេះ នឹងចែករំលែកជាចំណេះដឹងទូទៅ និងចំណុចសំខាន់ៗមួយចំនួនដែលមនុស្សភាគច្រើនមិនសូវបានដឹងពាក់ព័ន្ធទៅនឹងយន្តហោះ។
ការធ្វើដំណើរនៅលើទីខ្ពស់កប់ពពកជៀសមិនផុតឡើយក្នុងការហោះហើរឆ្លងកាត់ព្យុះភ្លៀង ប៉ុន្តែលោកអ្នកមិនបាច់ព្រួយបារម្ភនោះទេ ពីព្រោះថាទោះបីជាមានរន្ទះបាញ់ក៏មិនអាចធ្វើឲ្យមានបញ្ហាដល់តួយន្តហោះ ឬម៉ាស៊ីននោះដែរ ពីព្រោះថា The Aviation Disaster Law បានអះអាងថា ចាប់តាំងតែពីសម័យកាលបច្ចេកវិទ្យាហោះហើរទំនើបចាប់ផ្តើមកាលពីឆ្នាំ១៩៦៣ គេពុំដែលទទួលបានរបាយការណ៍អំពីការធ្លាក់យន្តហោះ ឬបញ្ហាគ្រោះថ្នាក់ណាមួយដោយសាររន្ទះបាញ់នោះឡើយ ព្រោះថាបច្ចេកវិទ្យាទំនើបដែលបានបំពាក់លើយន្តហោះគឺមានប្រសិទ្ធភាពខ្លាំងចំពោះហេតុការណ៍ធម្មជាតិទាំងនោះ។
អ្វីដែលអ្នកគួរដឹង ដើម្បីបញ្ចៀសអារម្មណ៍ភ័យខ្លាចពេលហោះហើរនោះគឺថាយន្តហោះមានបញ្ហាភាគច្រើនគឺតែងតែកើតឡើងនៅពេលដែលម៉ាស៊ីនរបស់វាចាប់ផ្តើមបង្កើនកម្លាំងក្នុងការហោះហើរឡើងផុតពីដីប្រហែលជា៣នាទី និង៨នាទីនៅមុនពេលដែលយន្តហោះនឹងត្រូវចុះចតដែលហេតុការណ៍ទាំងនោះត្រូវបានគេរកឃើញថាមានដល់ទៅ៨០ភាគរយនៃហេតុការណ៍កើតហេតុដែលអាចកើតឡើងទាំងអស់ ដូច្នេះការប្រុងប្រយ័ត្ននៅក្នុងរយៈពេលនេះគឺជាការត្រៀមខ្លួនដ៏ល្អបំផុត។
មួយវិញទៀត កាលដែលអ្នកមិនបានដឹងអំពីយន្តហោះនោះគឺថា កាលអតីតកាលយន្តហោះភាគច្រើនគឺផលិតពីអាលុយមីញ៉ូមសុទ្ធសាធ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនអ្នកផលិតមួយចំនួនបានធ្វើការបញ្ចូលសារធាតុ fiberglass, carbon fiber, Kevlar និង titanium ជាដើម ខណៈដែល Boeing B787 Dreamliner គឺមានតួយន្តហោះដែលផលិតចេញពី carbon fiber ១០០ភាគរយ។
ដោយឡែក សម្រាប៉អាយុកាលរបស់យន្តហោះនីមួយៗវិញ ភាគច្រើនត្រូវបានគេកំណត់ស្តង់ដាថា គួរតែមានចន្លោះពី៣០ ទៅ ៣៥ឆ្នាំមុនពេលដែលយន្តហោះទាំងនោះអាចបញ្ចប់ការហោះហើរ ឬចូលនិវត្តបាន ប៉ុន្តែទោះបីជាយ៉ាងណា វាក៏អាស្រ័យទៅលើការថែទាំ និងជួសជុលបានល្អប្រសើរកម្រិតណាផងដែរ។
ចំណុចចុងក្រោយដែលអ្នកគួរដឹងអំពីយន្តហោះនោះគឺតាមរយៈការចេញផ្សាយដោយ The Popular Mechanics ដែលធ្លាប់បានធ្វើការស្រាវជ្រាវរកឃើញថា ទីតាំងដែលអ្នកអង្គុយមានសុវត្ថិភាពបំផុតក្នុងពេលហោះហើរនោះគឺនៅផ្នែកខាងក្រោយក្បែរទៅនឹងកន្ទុយយន្តហោះ។ ប្រភពនេះបានសរសេរថា អ្នកអង្គុយកាន់តែកៀកនឹងកន្ទុយយន្តហោះបំផុតភាគរយនៃការរស់រានមានជីវិតពេលជួបឧប្បទេវហេតុគឺមានខ្ពស់បំផុត ឬប្រហែលជា៤០ភាគរយច្រើនជាងអ្នកអង្គុយនៅផ្នែកខាងមុខ ហើយរបាយការណ៍ទាំងនោះត្រូវបានគេប្រមូលបានពីហេតុការណ៍គ្រោះថ្នាក់ច្រើនរយដងដែលកើតមានឡើងក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយ៕
ទោះបីជាយ៉ាងណាក្តី អ្នកមិនគួរមានការព្រួយបារម្ភឬភ័យខ្លាចខ្លាំងពេកនោះទេពេលដែលត្រូវធ្វើដំណើរតាមយន្តហោះ ពីព្រោះអត្រានៃគ្រោះថ្នាក់លើយន្តហោះមានកម្រិតតិចតួចបំផុតធៀបទៅនឹងគ្រោះថ្នាក់ចរាចរលើផ្លូវគោកដោយក្នុងនោះ FlyFlight រកឃើញថា ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ មាហេតុការណ៍គ្រោះថ្នាក់យន្តហោះប្រហែលជា ០,៣៤ដងប៉ុណ្ណោះក្នុងចំណោមការហោះហើរ១០ម៉ឺនដង ឬអាចប្រហែលជា១ដងរៀងរាល់ការហោះហើរ៣០ម៉ឺនដង៕