នវានុវត្ត ៖ គ្រប់ទីក្រុងឆ្លាតវៃ ឬ Smart City ទាំងអស់នៅលើពិភពលោកបើទោះបីជានៅមានចំនួនកំណត់នៅឡើយក្តី ប៉ុន្តែវាត្រូវបានចាត់ទុកថាជាការបោះជំហានយ៉ាងធំមួយនៅក្នុងគំនិតផ្តួចផ្តើមដើម្បីប្រែក្លាយពិភពលោកក្នុងទទួលយកបទពិសោធថ្មីនៃការរស់នៅដែលប្រកបដោយនិរន្តភាពបំផុតទាំងចំពោះបរិស្ថាន និងចំពោះថាមពលប្រើប្រាស់។
បេសកកម្មដ៏សំខាន់ក្នុងការទទួលយកបច្ចេកវិទ្យាឆ្លាតវៃប្រកបដោយភាពច្នៃប្រឌិតជាមធ្យោបាយមួយដើម្បីធ្វើឱ្យទីក្រុងរបស់ពួកគេកាន់តែមាននិរន្តរភាព និងថាមពលប្រកបដោយប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចគឺជាដំណើរការវែងឆ្ងាយ និងទាមទារការចូលរួមយ៉ាងសកម្មទាំងវិស័យរដ្ឋ និងឯកជន។
សម្រាប់ឆ្នាំ២០២៣នេះ បញ្ជីកំពូលទីក្រុងឆ្លាតវ៉ៃ ឬ Smart City ទាំង៧នៅលើពិភពលោកដែលត្រូវបានដកស្រង់ និងយកមកចេញផ្សាយដោយ The Earth.org ដោយក្នុងនោះគេសង្កេតឃើញថាមានទីក្រុងនៅក្នុងតំបន់អាស៊ីយើងចំនួន២ ដែលជាប់នៅក្នុងចំណាត់ថ្នាក់នេះ។
ស្ថិតនៅលេខរៀងទី៧ គឺទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ខណៈដែលទីក្រុងលេខរៀងទី៦ គឺទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ ដោយឡែកលេខរៀងទី៥ គឺទីក្រុងអាំស្តឺដាម ប្រទេសហូឡង់ ហើយទីក្រុងអូលសូប្រទេសន័រវេសស្ថិតនៅលេខរៀងទី៤ ចំណែកឯលេខរៀងទី៣គឺទីក្រុងហ្ស៊ុយរិច ប្រទេសស្វីស។
ក្នុងនោះទីក្រុងដែលស្ថិតនៅលេខរៀងទី២ក្នុងបញ្ជីកំពូលទាំង៧នោះគឺទីក្រុងហេឡស៊ីងគី ប្រទេសហ្វាំងឡង់ ហើយទីក្រុងអាស៊ីមួយទៀតដែលស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១នោះគឺទីក្រុងស៊ីហ្គាពួរប្រទេសសិង្ហបុរី។
កន្លងមករបាយការណ៍អង្គការសហប្រជាជាតិហៅកាត់ថា UN បានធ្វើការព្យាករណ៍ថា ប្រមាណជា៧០ភាគរយនៃចំនួនប្រជាជនពិភពលោកនឹងប្តូរទៅរស់នៅតាមតំបន់ទីក្រុងនៅត្រឹមឆ្នាំ២០៥០ ឬមានន័យថាការបំភាយឧស្ម័ន និងការប្រើប្រាស់ថាមពលនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំ។
ដូច្នេះតម្រូវការសម្រាប់ការកសាងបន្ថែមបណ្តាញដឹកជញ្ជូនក្នុងទីក្រុងដ៏ឆ្លាតវៃ កន្លែងសំអាតនិងចោលទឹកកខ្វក់ដែលមិនប៉ះពាល់ដល់បរិស្ថាន និងអគារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការទាញយកថាមពលសម្រាប់ប្រតិបត្តិការនៅតាមទីក្រុងឆ្លាតវ៉ៃ គឺជាកិច្ចការងារដ៏មានសារៈសំខាន់ជាងពេលណាទាំងអស់៕