បរទេស៖ សហរដ្ឋអាម៉េរិក បានអនុម័ត និងយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំងក្នុងតម្លៃ ៣៣០ លានដុល្លារអាម៉េរិកទៅឱ្យកោះតៃវ៉ាន់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។
កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មន្ទីរបញ្ចកោណ ឬប៉ង់តាហ្គោន (Pentagon)ដែលជាអគារទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយថា ការលក់ត្រូវបានស្នើឡើងដោយអ្នកទិញក្នុងគោលបំណងជំរុញសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ជាមួយនឹងការត្រៀមខ្លួនប្រតិបត្តិការនៃកងនាវា F-16, C-130 និងយន្តហោះចម្បាំងផ្សេងទៀត។
ជាមួយគ្នានេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងមានទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងប៉េកាំង ប៉ុន្តែខ្លួនៅបន្តរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះមួយនេះ។ លើសពីនេះ អាម៉េរិកត្រូវបានកំណត់ដោយច្បាប់ដើម្បីផ្តល់នូវមធ្យោបាយការពារខ្លួនឱ្យតៃវ៉ាន់ថែមទៀតផង។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានកត់សម្គាល់ថា នេះគឺជាលើកដំបូងដែលរដ្ឋបាល Trump បច្ចុប្បន្នលក់អាវុធមកឱ្យខ្លួន ហើយបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាម៉េរិកសម្រាប់ការបន្តគោលនយោបាយលក់អាវុធជាប្រចាំដល់កោះតៃវ៉ាន់ និងគាំទ្រក្នុងការបង្កើនសមត្ថភាពការពារខ្លួន។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបង្ហាញពីក្ដីសង្ឃឹមថា អាម៉េរិកនឹងបន្តជួយកោះតៃវ៉ាន់រក្សាសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះ វាជាផ្នែកមួយដែលជួយកោះតៃវ៉ាន់ក្នុងការត្រៀមខ្លួនប្រយុទ្ធ និងពង្រឹងកិច្ចការពារដែនអាកាសឲ្យមានភាពធន់ ដើម្បីអាចឆ្លើយបតទៅនឹងការលុកលុយពីសំណាក់យោធាចិនដែលតែងតែធ្វើសកម្មភាពជាប្រចាំទៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដោយរដ្ឋាភិបាលក្រុងតៃប៉ិបានប្រើពាក្យថា “តំបន់ប្រផេះ ឬ Grey Zone ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content