ភ្នំពេញ ៖ ឧស្សាហកម្មផលិតស្ករអំពៅនៅក្នុងប្រទេសថៃ កំពុងប្រឈមវិបត្តិខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីពលករខ្មែរភាគច្រើនបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយសារជម្លោះព្រំដែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។
ប្រភពខាងលើដដែលបានឲ្យដឹងទៀតថា កង្វះកម្លាំងពលកម្មនេះបានធ្វើឲ្យឧស្សាហកម្មឈានមុខគេមួយនៅថៃ បាត់បង់ប្រាក់ចំណូលជាង ៩៦លានដុល្លារ ដោយសារតែមិនមានកម្លាំងពលកម្មគ្រប់គ្រាន់ដើម្បីប្រមូលផលអំពៅ ហើយកសិដ្ឋានដាំអំពៅមួយចំនួននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្ខំចិត្តដុតអំពៅចោល។ សូមបញ្ជាក់ថា មានរោងចក្រផលិតស្ករចំនួន៥៥ ក្នុងចំណោមរោងចក្រផលិតស្ករសចំនួន ៥៨ របស់ប្រទេសថៃ បានចាប់ផ្តើមបំផ្លាញដំណាំអំពៅចោល។

លោក សុខ សុថា អ្នកជំនាញក្នុងវិស័យកសិកម្មនៅកម្ពុជា យល់ឃើញថា ការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ពលករខ្មែរនឹងធ្វើឱ្យឧស្សាហកម្មថៃរងផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះថៃពឹងផ្អែកលើកម្លាំងពលកម្មពីខាងក្រៅច្រើនលើសលប់។
ផ្អែកតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ក្នុងឆ្នាំ២០២៥ ថៃពឹងលើកម្លាំងពលកម្មពីខាងក្រៅប្រមាណជាង ៣លាន ទៅជិត ៤លាននាក់។ ជាមួយគ្នានេះ អ្នកជំនាញកសិកម្មដដែលបានកត់សម្គាល់ឃើញថា ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ កំពុងរួមចំណែកក្នុងវិស័យកសិកម្មនៅកម្ពុជាតាមរយៈធ្វើកសិកម្មលើផ្ទៃដីស្រែចម្ការរបស់ខ្លួន ឬយកចណេះដឹងដែលបានធ្វើនៅប្រទេសថៃ ទៅធ្វើការឱ្យក្រុមហ៊ុននានាដែលកំពុងធ្វើលើវិស័យកសិកម្ម។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឲ្យបានដឹងថា គិតត្រឹមឆ្នាំ២០២៥ មានពលរដ្ឋខ្មែរជាង ៣០ម៉ឺននាក់ កំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃនៅឡើយ។ ខណៈពលករខ្មែរប្រមាណ ៩៥ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយក្នុងនោះមាន ៦២ម៉ឺននាក់ ទទួលបានការងារធ្វើ ហើយភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និងវិស័យកសិកម្ម ជាដើម។

លោក សុខ សុថា បានបញ្ជាក់ថា ៖
«វិស័យកសិកម្ម ក៏ជាវិស័យមួយដែលស្រូបទាញកម្លាំងពលកម្មតាមរយៈកសិដ្ឋានធំៗ តាមរយៈអាជីវកម្មបែបគ្រួសារ និងការធ្វើអាជីវកម្មជាលក្ខណៈបុគ្គលស្វ័យនិយោជន៍»។
សូមជម្រាបថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានអូសបន្លាយតាំងពីពាក់កណ្ដាលឆ្នាំ២០២៥មកម៉្លេះ ហើយជម្លោះនេះ ក្រៅពីជាការឈ្លានពានពីសំណាក់យោធាថៃមកលើដែនដីកម្ពុជា វាបានក្លាយទៅជាសង្គ្រាមសេដ្ឋកិច្ច ហើយរាល់សកម្មភាពដោះដូរទំនិញតាមព្រំដែនក៏ត្រូវបានផ្អាកស្ទើរទាំងស្រុង និងទាញទម្លាក់ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ។ ជាក់ស្ដែង របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មប្រទេសទាំង២ សម្រេចបានជាង ៣,៦ពាន់លានដុល្លារ ធ្លាក់ចុះជិត ១៥ភាគរយបើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ៤,២ពាន់លានដុល្លារ៕ អត្ថបទ ៖ ខន ណារី AMS





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content