បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាក្នុងការបន្តសេវាកម្មហោះហើរត្រង់ (Direct flight) ឡើងវិញបន្ទាប់ពីអាក់ខានអស់រយៈពេលជិត ៥ឆ្នាំ ក្រោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនកាលពីឆ្នាំ២០២០ ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ មានកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងរវាងអ្នកការទូតកំពូលរបស់ឥណ្ឌា លោក Vikram Misri និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដោយភាគីទាំងពីរបានចរចាលើក្របខ័ណ្ឌស្តីពីការបន្តជើងហោះហើរត្រង់ ឬ direct flight។ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនឹងបន្តឡើងវិញ។ លើសពីនេះ លោក Wang Yi បានប្រាប់លោក Vikram Misri ថា ប្រទេសចិន និងឥណ្ឌា គួរតែប្តេជ្ញាចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកជាជាងការសង្ស័យ និងមានភាពរង្គោះរង្គើររវាងគ្នា។ នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយរវាងមន្ត្រីថ្នាក់អនុរដ្ឋមន្ត្រី បានព្រមព្រៀងគ្នាក្នុងការសម្របសម្រួល និងផ្លាស់ប្តូរអ្នកសារព័ត៌មានរវាងប្រទេសទាំងពីរទៀតផង។ បន្ថែមពីនេះ សេចក្តីថ្លែងការណ៍របស់ឥណ្ឌាបានលើកឡើងថា ការព្រួយបារម្ភនៅក្នុងតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូវបានលើកយកមកពិភាក្សាក្នុងគោលបំណងដោះស្រាយបញ្ហាទាំងនេះ និងលើកកម្ពស់តម្លាភាពនៃគោលនយោបាយរយៈពេលវែង។
អ្នកវិភាគបានលើកឡើងថា ការគំរាមកំហែងពាណិជ្ជកម្មពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងជំរុញឲ្យចិន និងឥណ្ឌា ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ។ ឥណ្ឌា គឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសចិន ខណៈដែលទីក្រុងញូដេលីចង់បានអ្នកជំនាញផ្នែកគ្រឿងបន្លាស់ និងគ្រឿងចក្ររបស់ចិន ដើម្បីជំរុញការនាំចេញ និងរក្សាកំណើនសេដ្ឋកិច្ចដែលកំពុងតែកើនឡើងខ្ពស់នាពេលថ្មីៗនេះ។ ដូច្នេះ ប្រសិនបើការគំរាមកំហែងពី Trump កាន់តែខ្លាំងមកលើប្រទេសចិន នោះច្បាស់ណាស់ថា ប្រទេសចិននឹងកាន់តែពង្រឹងទំនាក់ទំនងជាមួយឥណ្ឌាក្នុងយុទ្ធសាស្ត្រផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងឥណ្ឌាយ៉ាងប្រាកដ៕

គួរឲ្យបញ្ជាក់ដែរថា ការផ្អាកជើងហោះហើររវាងចិន និងឥណ្ឌានៅឆ្នាំ២០២០ គឺដោយសារការផ្ទុះភាពតានតឹងបង្កជាការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរនៅតាមព្រំដែនភ្នំហិម៉ាឡៃ ដែលបានសម្លាប់ទាហានឥណ្ឌាយ៉ាងហោចណាស់ ២០ នាក់ និងចិន ៤ នាក់។ ក្រោយមក ឥណ្ឌាបានដាក់សម្ពាធដល់ក្រុមហ៊ុនចិនក្នុងការវិនិយោគក្នុងប្រទេសខ្លួន ដោយបានហាមឃាត់កម្មវិធីពេញនិយមរាប់រយ និងផ្អាកផ្លូវហោះហើរត្រង់ បើទោះបីជាជើងហោះហើរដឹកទំនិញផ្ទាល់នៅតែបន្តប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដោយ។ ក្រោយមក នៅឆ្នាំ២០២៤ ទំនាក់ទំនងរវាងភាគីទាំងពីរមានភាពប្រសើរឡើងចាប់តាំងពីមានកិច្ចព្រមព្រៀងក្នុងខែតុលា ដើម្បីបន្ធូរបន្ថយការប្រឈមុខដាក់គ្នាផ្នែកយោធានៅតាមព្រំដែនភ្នំហិម៉ាឡៃ។ ក្នុងខែតុលាដដែលនោះ ប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបពិភាក្សាគ្នាក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រទេសទាំងពីរគឺជាសមាជិកដំបូងគេបង្អស់របស់ក្រុមប្រទេស BRICS ចាប់តាំងពីឆ្នាំ២០០៩។ ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងចិនបានកើនឡើង ៤ ភាគរយ ឬដល់ទៅ ១១៨០,៤០ ពាន់លានដុល្លារ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ដែលភាគច្រើនជាទំនិញនាំចូលពីចិនមកកាន់ឥណ្ឌា៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content