បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ រាយការណ៍ថា ទីក្រុងប៉េកាំងបានដំឡើងពន្ធរហូតដល់ ១៥ ភាគរយលើទំនិញម្ហូបអាហារដែលនាំចូលពីសហរដ្ឋអាមេរិក និងរឹតបន្តឹងលើការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។

កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសអំពីការយកពន្ធចំនួន ១៥ ភាគរយលើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ ភាគរយលើអង្ករ សណ្តែកសៀង សាច់ជ្រូក សាច់គោ ផលិតផលវារីវប្បកម្ម ផ្លែឈើ បន្លែ និងទឹកដោះគោពីសហរដ្ឋអាម៉េរិក ដែលវិធានការនេះចូលជាធរមាននៅថ្ងៃទី១០ ខែមីនា ហើយចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលចិនបានរឹតបន្តឹងក្រុមហ៊ុនអាម៉េរិកចំនួន ១៥ លើការនាំចេញ និងការវិនិយោគ ដោយលើកឡើងពីបញ្ហាសន្តិសុខជាតិ។ បន្ថែមពីនេះ ទីក្រុងប៉េកាំងក៏បានផ្តួចផ្តើមវិធានការផ្លូវច្បាប់ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ដោយអះអាងថា ពន្ធឯកតោភាគីរបស់សហរដ្ឋអាម៉េរិកបំពានលើច្បាប់របស់ស្ថាប័ន និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាម៉េរិកបានដំឡើងពន្ធទ្វេដងលើការនាំចូលរបស់ចិនទាំងអស់ពី ១០ ភាគរយទៅ ២០ ភាគរយ ដោយចោទប្រកាន់ថា ចិនផលិត fentanyl ដែលជាថ្នាំអាភៀនសំយោគអាចសម្លាប់មនុស្ស។
កាលពីថ្ងៃអង្គារ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឆ្លើយតបវិញថា ៖
«ការលើកឡើងរបស់អាម៉េរិកពីបញ្ហា fentanyl គឺជាលេសមិនសមរម្យទាល់់តែសោះ ដើម្បីដំឡើងពន្ធលើការនាំចូលរបស់ចិន។ សហរដ្ឋអាមេរិកខ្លួនឯង គឺជាអ្នកទទួលខុសត្រូវចំពោះបញ្ហា fentanyl នៅក្នុងប្រទេស។ ក្នុងស្មារតីនៃមនុស្សជាតិ និងសុច្ឆន្ទៈចំពោះពលរដ្ឋអាម៉េរិក យើងបានចាត់វិធានការដ៏រឹងមាំដើម្បីជួយសហរដ្ឋអាម៉េរិកក្នុងការដោះស្រាយបញ្ហា ប៉ុន្តែជំនួសឱ្យការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន សហរដ្ឋអាម៉េរិកបែរជាព្យាយាមចោទប្រកាន់ និងស្តីបន្ទោសដល់ចិនទៅវិញ ដោយដាក់សម្ពាធ និងបង្ខូចតម្លៃទំនិញចិនតាមរយៈការដំឡើងពន្ធ»។

ទន្ទឹមនឹងនេះ សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន និងការឆ្លើយតបទៅទីក្រុងប៉េកាំងវិញ ត្រូវបានអ្នកសេដ្ឋកិច្ចមើលឃើញថា វាកំពុងជំរុញឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ។ នេះគឺជាជុំទីពីរដែលប្រទេសទាំងពីរបានដាក់ពន្ធលើគ្នាទៅវិញទៅមកចាប់តាំងពីខែកុម្ភៈមក។ គួរឲ្យបញ្ជាក់ដែរថា ចិនគឺជាអតិថិជនដ៏ធំបំផុតមួយរបស់អាម៉េរិកសម្រាប់ផលិតផលម្ហូអាហារដូចជា សាច់មាន់ សាច់គោ សាច់ជ្រូក និងសណ្តែកសៀង ប៉ុន្តែឥឡូវនេះផលិតផលទាំងអស់នោះនឹងត្រូវប្រឈមនឹងការយកពន្ធ ១០ ទៅ ១៥ ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃទី ១០ ខែមីនា។ យ៉ាងណាក្ដី ទោះបីជាអាម៉េរិកផ្គត់ផ្គង់ពោត និងសណ្តែកសៀងគ្រប់គ្រាន់ទៅកន្លែងផ្សេងក៏ដោយ ប៉ុន្តែវានៅតែជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក ពីព្រោះចិនមានចំណែកនៃការនាំចូលសណ្តែកសៀងពីអាម៉េរិកពី ៣០ ភាគរយរួចទៅហើយ។ ការដាក់ពន្ធរបស់ចិនវាយបកទៅ Donald Trump វិញនឹងប៉ះពាល់ធ្ងន់ធ្ងរដល់កសិករអាម៉េរិក ដែលភាគច្រើនគឺជាអ្នកគាំទ្ររបស់លោក។ លើសពីនេះ ពន្ធគយនេះនឹងមានផលប៉ះពាល់ខ្លាំងលើទីផ្សារកសិកម្មរបស់សហរដ្ឋអាម៉េរិក ជាពិសេសតម្លៃ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content