ភ្នំពេញ ៖ មុខដំណាំមានសក្តានុពល ដែលជាកសិផលរបស់កសិករកម្ពុជា ត្រូវបានលើកយកមករៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយរួមបញ្ចូលនូវមុខដំណាំបន្ថែមទៀត ព្រមទាំងបើកកិច្ចចរចាអំពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលដទៃទៀត ដើម្បីនាំចេញទៅកាន់ប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន ក្នុងឱកាសជួបជាមួយគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត Zhang Lubiao បានលើកយកនូវការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាដ៏មានសារសំខាន់។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្ម ដែលប្រទេសទាំងពីរ កម្ពុជា-ចិន មានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ដោយថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយ និងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនពីកម្ពុជាឆាប់ៗខាងមុខនេះថែមទៀត។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ៖
“កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹង និងពង្រីកកាន់តែរឹងមាំថែមមួយកម្រិតទៀត តាមរយៈការបើកការចរចាលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកាំ និងផ្លែទុរេននាពេលខាងមុខនេះផងដែរ”
ឯកឧត្តមបណ្ឌិត Zhang Lubiao តាមរយៈផែនការដ៏សំខាន់មួយនេះ ពិតជាអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយគាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត Zhang Lubiao បានគូសបញ្ជាក់ថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបានរៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយ ដែលមានសមត្ថភាព និងបទពិសោធខ្ពស់ក្នុងការរៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ការរៀបចំផែនការមេ គឺពិតជាសំខាន់ណាស់ ប៉ុន្តែការអនុវត្ត ក៏ដូចជាការយន្តការនៃការអនុវត្តគឺកាន់តែសំខាន់ថែមទៀត ដូចជាការប្រមូលកៀរគរ និងប្រើប្រាស់ធនធាន រួមមានធនធានមនុស្ស និងធនធានថវិកាជាដើម ពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមបណ្ឌិតជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាទទួលបានជោគជ័យដូចការរំពឹងទុក។
សូមបញ្ជាក់ជូនថា លទ្ធផលនៃប្រជុំលើកិច្ចសហប្រតិបត្តិការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា៖
១-ឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។
២-ស្នើដល់ក្រុមការងារជំនាញបន្ថែមមុខដំណាំមានសក្តានុពលផ្សេងទៀតដូចជា ស្វាយ ស្វាយចន្ទីក្នុងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។
៣- ស្នើភាគីចិន ពន្លឿនការបើកកិច្ចចរចា លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងផ្លែទុរេន។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្ឃឹម និងជឿជាក់ថា ក្រុមការងារជំនាញពីក្រសួងទាំងពីរ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយ ដោយផ្តោតជាសំខាន់លើការផ្សារភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារតាមរយៈការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុង និងក្រៅប្រទេស៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content