ភ្នំពេញ ៖ ស្ទើរតែគ្រប់ពិធីបុណ្យទានបែបប្រពៃណី ជាពិសេសរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម មីឆា ជាមុខម្ហូបដែលគេនិយមចម្អិនសម្រាប់សែនព្រេន និងទទួលទាននៅក្នុងពិធីត្បិតគេមានជំនឿថា ការធ្វើបែបនេះអាចនាំមកនូវសេចក្ដីសុចចម្រើន មានអាយុវែង ជាពិសេសមានទ្រព្យដូចជាមាសជាដើមហូរចូលច្រើន ព្រោះសរសៃមីមានពណ៌ស្រដៀងគ្នាទៅនឹងមាស។ ហេតុដូច្នេះហើយ ឱ្យតែដល់រដូវពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម តម្រូវការមីតែងកើនឡើងយ៉ាងខ្លាំង ហើយតម្លៃក៏ទទួលបានគួរសម។

អ្នកស្រី ធុច សុគន្ធា ជាម្ចាស់សិប្បកម្មផលិតមី ម៉ែដាម បានប្រាប់ AMS Economy ឱ្យដឹងថា ៖ ជាទូទៅ សិប្បកម្មរបស់អ្នកស្រីត្រូវបានគេសង្កេតឃើញថាមានការគាំទ្រច្រើន ជាពិសេសកំឡុងពេលចូលឆ្នាំចិនតែម្ដង ដែលការផលិតត្រូវធ្វើឡើងស្ទើរតែទ្វេដង ព្រោះមានការបញ្ជាទិញមានការកើនឡើងខ្លាំង ទាំងការលក់រាយ និងការបោះដុំឱ្យអ្នកយកទៅលក់បន្ត។

អ្នកស្រីបានបន្តថា ៖
«ដោយសារឆ្នាំនេះគេនិយមពណ៌បៃតង និងពណ៌ក្រហម ដែលជាពណ៌មានហុងស៊ុយ ទើបយើងចេញផលិតផលមីស្លឹករសជាតិគូឆាយដែលមានពណ៌បៃតង ហើយយើងក៏រំពឹងទុកដែរថា មីប្រភេទថ្មីនេះ នឹងមានទីផ្សារមិនចាញ់ផលិតគោលដែលជាប្រភេទមីល្ពៅរបស់យើងនោះទេ។ ក្រៅពីនេះ សិប្បកម្ម ម៉ែដាម ក៏មានផលិតមីរសជាតិផ្សេងទៀតដែរ ដូចជា មីរសជាតិដំឡូង និងមីរសជាតិត្រាវ ដែលរាល់ផលិតផលនីមួយៗសុទ្ធសឹងផលិតពីវត្ថុធាតុដើមធម្មជាតិ ពុំមានដាក់សារធាតុរក្សាទុក មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន»។

ម្ចាស់សិប្បកម្មខាងលើរៀបរាប់ពីទៀតថា ត្បិតមីរសជាតិគូឆាយជាផលិតផលថ្មី តែមានគាំទ្រ និងមានមតិសរសើរច្រើនពីសំណាក់អ្នកទទួលទាន ព្រោះមីប្រភេទនេះផលិតចេញពីស្លឹកគូឆាយដែលផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដូចជា ជំនួយប្រព័ន្ធរំលាយអាហារ សុខភាពបេះដូង ពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយភ្នែក ពិសេសគឺជួយឱ្យដើរខ្យល់ស្រួល។

គួររំឭកដែរថា ដោយសារមានបទពិសោធផ្គត់ផ្គង់មីនៅលើទីផ្សារមិនគ្រប់តាមតម្រូវការកាលពីឆ្នាំកន្លងទៅនោះ សម្រាប់ឆ្នាំនេះអ្នកស្រី ធុច សុគន្ធា និងក្រុមគ្រួសារបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំការផលិតឱ្យបានគ្រប់គ្រាន់ ហើយអ្នកស្រីក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែនិយមគាំទ្រផលិតផលមីក្នុងស្រុក ដែលធ្វើឱ្យក្រុមអ្នកផលិតមានទឹកចិត្តក្នុងការបន្តការខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃស្របតាមការគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការផលិត និងជំរុញការនាំចេញនៅនឹងកន្លែង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content