ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ផលិតផលទាំងក្នុងស្រុក និងនាំចេញមានទឹកប្រាក់ប្រមាណជាង ២ ពាន់លានដុល្លារ ហើយការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបានរហូត ៩៥ ភាគរយ និងការងារចិញ្ចឹមសត្វ គឺសម្រេចកំណើនបាន ៨,៨ ភាគរយ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានជំរុញស្ថាប័នពាក់ព័ន្ធឱ្យបង្កើនផលិតកម្មសត្វនៅកម្ពុជា និងបានជំរុញបន្ថែមទៀតឱ្យមន្ត្រីដោះស្រាយបញ្ហាទាក់ទងនឹងផលិតផលសត្វឱ្យបានទាន់ពេល។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា ចំពោះការងារចិញ្ចឹមសត្វ គឺសម្រេចកំណើនបាន ៨,៨ ភាគរយក្នុងឆ្នាំ២០២២ ហើយជាលទ្ធផលកម្ពុជាអាចផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបានរហូត ៩៥ ភាគរយ ហើយផលិតកម្មសាច់ ការនាំចេញសត្វ និងផលិតផលសត្វ គឺមានទំហំទឹកប្រាក់ប្រមាណជាង ២ ពាន់លានដុល្លារ ក្នុងឆ្នាំកន្លងទៅ។ លើសពីនេះទៀតរោងចក្រក្នុងស្រុក ២៦ មានសមត្ថភាពផលិតចំណីសត្វជាង ១,៥ លានតោន /១ ឆ្នាំដែលអាចផ្គត់ផ្គង់បាន ៦៧ ភាគរយនៃតម្រូវការក្នុងស្រុក។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យធ្វើការពិនិត្យ និងចាត់អាទិភាពការងារ ដោយមានផែនការច្បាស់លាស់ តម្រង់ទិសទាំងការងារជំនាញ និងនយោបាយ ព្រមទាំងត្រូវចំណាយឱ្យចំគោលដៅ និងមានប្រសិទ្ធភាពការងារពិតប្រាកដ។ ការធ្វើផែនការគឺត្រូវផ្តោតគិតគូរលើសន្តិសុខស្បៀង និងនិរន្តរភាព ផ្អែកលើអាហារមានជីវជាតិតាមទំនៀមទម្លាប់ និងវប្បធម៌ ដោយដាក់សន្តិសុខស្បៀងជាអាទិភាព។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា៖
“ត្រូវធ្វើយ៉ាងណាឱ្យទាំងអ្នកចិញ្ចឹម អ្នកបរិភោគ និងអ្នកពាក់ព័ន្ធក្នុងខ្សែចង្វាក់ផលិតកម្មសប្បាយចិត្ត យល់ត្រឹមត្រូវ មិនមានការយល់ច្រឡំអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចំពោះការងារសត្តឃាតដ្ឋាន គឺត្រូវធ្វើឱ្យប្រសើរឡើង និងមានស្តង់ដារ មាននិរន្តរភាព និងមានផលចំណេញ ដើម្បីបម្រើជាតិប្រជាជនពិតប្រាកដ”
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ដ្រីគ្រប់លំដាប់ថ្នាក់ព្យាយាមជំរុញបន្ថែម និងដោះស្រាយបញ្ហាប្រឈម ដោយកុំបណ្ដែតបណ្ដោយឱ្យបញ្ហានៅចាក់ស្រែះគ្មានដំណោះស្រាយ។ ជាមួយនេះលោកបានស្នើឱ្យអគ្គនាយកដ្ឋានវិភាគពីតម្លៃសត្វ និងចំណូលចំណាយ ដែលអាចតម្រង់ទិសទាន់ពេលវេលា ហើយត្រូវពិនិត្យឡើងវិញ និងមិនត្រូវឱ្យមានការិយាធិបតេយ្យឡើយ តែត្រូវរក្សាធនធានមនុស្សមានសមត្ថភាព និងធ្វើការឱ្យមានប្រសិទ្ធភាព ឱ្យមានការទទួលខុសត្រូវទៅតាមជំនាញ និងបច្ចេកទេសផ្ទាល់។
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក RS នៅខេត្តកំពង់ឆ្នាំង បានប្រាប់ AMS ថា កសិដ្ឋានគាត់មានចិញ្ចឹមជ្រូកប្រមាណ ៧ 000 – ៨ ០០០ក្បាល បានបង្ហាញក្តីសប្បាយចិត្ត ដែលរដ្ឋមន្ត្រីក្រសួងបានជំរុញឱ្យមានវិធានការ និងដំណោះស្រាយសម្រាប់បញ្ហាផលិតកម្មសាច់នៅកម្ពុជា។ ម្ចាស់កសិដ្ឋានបានរំពឹងថា បញ្ហាដែលកសិករជួបប្រទះនឹងបញ្ហាប្រាកដជាត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព ការចិញ្ចឹមសត្វនៅកម្ពុជាបច្ចុប្បន្នបានកំពុងដំណើរការបានល្អ និងប្រកបដោយស្តង់ដារ ។
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក RS បានបញ្ជាក់ថា ៖
“បទពិសោធន៍ ចិញ្ចឹមជ្រូកវិស័យឯកជនកាន់តែល្អទៅៗ តែបច្ចុប្បន្នយើងនៅប្រឈមនឹងបញ្ហាដដែលៗដូចជា បញ្ហានាំចូលផលិតផលគ្មានគុណភាពពីប្រទេសជិតខាង។ បញ្ហាអគ្គិសនីដែលមានតម្លៃថ្លៃ ចំណាយលើថ្លៃដើមខ្ពស់ តែលក់មិនដល់ថ្លៃដើម ប្រសិនបើក្រសួងអាចដោះស្រាយបញ្ហាទាំងនេះបាន គឺកាន់តែប្រសើរដល់ពួកយើង”
ម្ចាស់កសិដ្ឋានRS បានរំពឹងថា ចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី នឹងជំរុញឱ្យមានដំណោះស្រាយសមស្របមួយ ដែលជំរុញឱ្យពលរដ្ឋទទួលបានអត្ថប្រយោជន៍ជាពិសេសអ្នកចិញ្ចឹមសត្វនេះតែម្តង។
លោកបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធផ្សេងៗទៀតជុំវិញដំណើរការដោះស្រាយបញ្ហា តម្លៃលើទីផ្សារសម្រាប់ផលិតផលសាច់ដោយធ្វើយ៉ាងម៉េចឱ្យតម្លៃជ្រូករស់ទទួលបានតម្លៃសមរម្យ និងលើកទឹកចិត្តឱ្យមានការផ្គត់ផ្គង់នូវការចិញ្ចឹមបន្ថែមសម្រាប់ម្ហូបអាហារ និងការនាំចេញ រួមនឹងការប្រើប្រាស់ផលិតផលក្នុងស្រុករបស់យើង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content