ភ្នំពេញ៖ នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញបង្កងប៉ាកជាលើកដំបូងទៅទីផ្សារចិនចំនួន១តោន ហើយនៅដើមឆ្នាំ២០២៤នេះ បាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន។ នេះបើតាមការឱ្យដឹងពីសំណាក់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបានឱ្យដឹងទៀតថា៖ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹងថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្មកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញបង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត ជាពិសេសការកំណត់តម្លៃបង្កងប៉ាកឱ្យមានតម្លៃសមរម្យជាងមុន។

ទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ AMS Economy ថា ៖ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអន្ទង់ទៅចិនចំនួន ០.២០តោន និងនាំចេញកំពិសបង្កកចំនួន ៣៥.៨០តោន។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ នៅដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញផលិតផលជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បានចំនួន៣៨តោន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលជលផលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ។ ក្រៅពីផលិតផលជលផលទៅទីផ្សារចិន កម្ពុជាក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូងកាលពីដើមឆ្នាំ២០២៤នេះផងដែរ។
គួរឱ្យដឹងផងដែរថា៖ កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបចំនួន ៣១៤ ពាន់តោន ទាំងទឹកសាប និងសមុទ្រ ក្នុងឆ្នាំ២០២៣ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ជាងនេះទៀត កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង ៣ ៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង៕






វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content