ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃដើមសប្តាហ៍នេះនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិក ។
យោងតាមក្រសួងកសិកម្ម កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មនៃភាគីកម្ពុជា និងសហភាពអឺរ៉ុប និងដោះស្រាយនូវបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មកន្លងមក។
ឯកឧត្តម ប្រាក់ ដាវីដ បានថ្លែងឱ្យដឹងថា៖ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើភាពអនុគ្រោះនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ការពិភាក្សាលើទិដ្ឋភាពនៃការវិនិយោគនៅកម្ពុជា ការបើកទីផ្សារ និងបរិស្ថាននៃការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ រួមទាំងពិនិត្យលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងកិច្ចសហការផ្នែកឯកជនក្នុងការធ្វើពាណិជ្ជកម្មនៃភាគីទាំងពីរ។
ក្រៅពីនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើកិច្ចសហការក្នុងកម្រិតតំបន់អាស៊ាន និងសហភាពអឺរ៉ុប ដោយពិនិត្យមើលលើវឌ្ឍនភាពការអនុវត្ត កិច្ចព្រមព្រៀងតំបន់ និងសមាហរណកម្មអាស៊ាន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(ASEAN Integration and Regional Agreement in the Asia-Pacific Region) និងការតធ្វើបច្ចុប្បន្នភាពនៃការវិវត្តទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់អាស៊ាន-សហភាពអឺរ៉ុប ក៏ដូចជាធ្វើបច្ចុប្បន្នភាពអំពីការវិវត្តទូទៅនៃការធ្វើពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន៕