ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា រយៈពេល៥ខែដើមឆ្នាំ២០២៣ នេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាប្រមាណ ២.១៦លាននាក់ ជាមួយនឹងការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងថា កាលពីឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២.២លាននាក់ កើនឡើង ១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ១៣.៩លាននាក់ កើនឡើង១៩៩% ធៀបនឹងឆ្នាំ២០២១។
ឯកឧត្តមបានបន្តឱ្យដឹងថា សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិប្រមាណ១០លាននាក់ កើនឡើង៧៦.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍បន្ថែមថា ៖
“ពេញមួយឆ្នាំ២០២៣នេះ យើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ។”
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដើម្បីធានាចីរភាពនៃការស្តារ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗ រួមមាន៖ ១-ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩, ២-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និង៣-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។

ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារដ៏មានសារៈសំខាន់៣ទៀត រួមមាន៖ ១-វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣, ២-ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និង៣-វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣។
ឯកឧត្តម ថោង ខុន ក៏បានបង្ហាញសុទិដ្ឋិនិយមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ក៏ជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែងផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content