បរទេស៖ ចិនទំនងជាបន្តរក្សាគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនក្នុងរង្វង់ ៥% ដដែលសម្រាប់ឆ្នាំ ២០២៦ ។ ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ចិនកំពុងស្ថិតនៅលើផ្លូវឈានដល់គោលដៅកំណើនប្រហែល ៥% សម្រាប់ឆ្នាំនេះ។នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

គោលដៅកំណើនសេដ្ឋកិច្ច ៥% នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការចាប់ផ្តើមផែនការថ្មីរយៈពេល ៥ ឆ្នាំផ្អែកលើមូលដ្ឋានដ៏រឹងមាំ និងការដោះស្រាយបញ្ហាដូចជា វិបត្តិអចលនទ្រព្យ តម្រូវការអ្នកប្រើប្រាស់ខ្សោយ សមត្ថភាពរោងចក្រលើស និងការធ្លាក់ចុះនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ស្របពេលដែលក្រុមមន្រី្តកំពូលៗប្តេជ្ញាផ្លាស់ប្តូរឆ្ពោះទៅរកការជំរុញការប្រើប្រាស់គ្រួសារ និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេល ៥ ឆ្នាំខាងមុខ វិធានការបែបនេះអាចត្រូវការពេលវេលាដើម្បីផ្តល់ជាលទ្ធផល។ លើសពីនេះ ទីប្រឹក្សារដ្ឋាភិបាលភាគច្រើនរំពឺងថា៖ កំណើនសេដ្ឋកិច្ចនឹងស្ថិតក្នុងរង្វង់ ៥% សម្រាប់ឆ្នាំ ២០២៦។ យ៉ាងណាមិញ គោលដៅកំណើនផ្លូវការពិតប្រាកដមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេរហូតដល់កិច្ចប្រជុំសភាប្រចាំឆ្នាំក្នុងខែមីនា។
ចិនដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងស្ថិតនៅលើផ្លូវឈានដល់គោលដៅកំណើនប្រហែល ៥% សម្រាប់ឆ្នាំ ២០២៥ នេះ ដែលត្រូវបានជំរុញគោលនយោបាយរឹងមាំ និងការនាំចេញមានភាពធន់។ យ៉ាងណាមិញ សេដ្ឋកិច្ចក៏មានអតុល្យភាពខ្លាំងផងដែរនៅឆ្នាំនេះ ដោយសារទិន្នផលរោងចក្រលើសពីតម្រូវការ ខណៈដែលសម្ពាធបរិត្តផរណានឹងបន្តអូសបន្លាយនៅឆ្នាំ ២០២៦ បើទោះបីជារដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផលិតលើស និងសង្គ្រាមតម្លៃក្នុងចំណោមក្រុមហ៊ុនក៏ដោយ។ យ៉ាងណាមិញ អ្នកវិភាគនៅ Morgan Stanley ព្យាករណ៍ថា សេដ្ឋកិច្ចរបស់ចិនអាចនឹងចេញពីបរិត្តផរណាបាននៅក្នុងឆ្នាំ ២០២៧។

អ្នកវិភាគរបស់ Citi ព្យាករថា បន្ទាប់ពីធនាគារកណ្តាលចិនបានកាត់បន្ថយអត្រាការប្រាក់លើកចុងក្រោយកាលពីខែឧសភា ពួកគេទំនងជាបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុឡើងវិញនៅដើមខែមករាឆ្នាំក្រោយ។ នៅក្នុងលក្ខខណ្ឌនៃគោលនយោបាយសារពើពន្ធ រដ្ឋាភិបាលអាចនឹងបង្កើនថវិកាជាតិដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងការចំណាយសុខុមាលភាព។ គេព្យាករថា រដ្ឋាភិបាលចិននឹងបន្តឧបត្ថម្ភធនលើពាណិជ្ជកម្មទំនិញប្រើប្រាស់ដែលមានតម្លៃសរុប ៣០០ ពាន់លានយ័ន (៤២,៤៣ ពាន់លានដុល្លារ) នៅឆ្នាំនេះ ប៉ុន្តែនឹងផ្លាស់ប្តូរទៅវិស័យសេវាកម្មនៅឆ្នាំ ២០២៦។ យោងតាមការសិក្សាផ្លូវការមួយអំពីផែនការ ៥ ឆ្នាំរបស់ចិន បង្ហាញថា ចិននឹងត្រូវសម្រេចកំណើនប្រចាំឆ្នាំជាមធ្យម ៤,១៧% ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីបង្កើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP) ទ្វេដងដល់ ២ ម៉ឺនដុល្លារក្នុងមួយឆ្នាំពីកម្រិតឆ្នាំ ២០២០។ យ៉ាងណាមិញ ផែនការថ្មីរយៈពេល ៥ ឆ្នាំខាងមុខដែលនឹងត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំសភា ទំនងជាមិនកំណត់គោលដៅកំណើនជាក់លាក់សម្រាប់ឆ្នាំ ២០២៦-២០៣០ នោះទេ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content