បរទេស៖ យោងតាមប្រភពព័ត៌មានពី Financial Times បានរាយការណ៍ថា ចិនបានចាប់ផ្តើមអនុញ្ញាតឱ្យនាំចេញលោហៈធាតុកម្រមួយចំនួនក្រោមច្បាប់គ្រប់គ្រងការនាំចេញថ្មី ប៉ុន្តែការអនុម័តមានភាពយឺតយ៉ាវកំពុងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
កាលពីដើមខែមេសា ទីក្រុងប៉េកាំងបានដាក់ការរឹតបន្តឹងលើការនាំចេញលើលោហៈធាតុកម្រចំនួន៧ និងមេដែកដែលមានសារៈសំខាន់សម្រាប់ផលិតផលដូចជា យន្តហោះគ្មានមនុស្សបើក រថយន្តអគ្គិសនី ទួរប៊ីនខ្យល់ មនុស្សយន្ត បច្ចេកវិទ្យាស្អាត ទូរស័ព្ទដៃ ថាមពលនុយក្លេអ៊ែរ និងយន្តហោះចម្បាំងជាដើម។ ក្រោយមក ក្រសួងពាណិជ្ជកម្មចិនបានអនុម័តអាជ្ញាប័ណ្ណមួយចំនួនសម្រាប់ការនាំចេញទៅកាន់អឺរ៉ុប ប៉ុន្តែមានភាពយឺតយ៉ាវក្នុងការបំពេញតម្រូវការ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអាម៉េរិកធំៗរួមមាន Tesla, Ford និង Lockheed Martin បានបង្ហាញពីការព្រួយបារម្ភចំពោះការឹតបន្តឹងការនាំចេញថ្មីរបស់ចិន។
គួរឲ្យបញ្ជាក់ដែរថា ការរឹតបន្តឹងរបស់ចិនលើការនាំចេញលោហៈធាតុកម្រគឺជាការឆ្លើយតបទៅនឹងការដាក់ពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump។ ការរឹតបន្តឹងនេះតម្រូវឱ្យអ្នកនាំចេញទទួលបានអាជ្ញាប័ណ្ណពីមន្ត្រីក្រសួងពាណិជ្ជកម្មសម្រាប់ការនាំចេញលោហៈធាតុកម្រចំនួន ៧ និងមេដែក។ យ៉ាងណាមិញ គេមិនច្បាស់ទេថា តើចិនបានចាប់ផ្តើមបន្ធូរបន្ថយការនាំចេញទៅកាន់សហរដ្ឋអាមេរិក ឬនៅ ចាប់តាំងពីមហាអំណាចសេដ្ឋកិច្ចទាំងពីរព្រមព្រៀងកាតបន្ថយពន្ធគយក្នុងខែនេះ។
Yantai Zhenghai Magnetic Material ដែលជាអ្នកនាំចេញមកពីខេត្ត Shandong បានលើកឡើងថា ខ្លួន ទទួលបានអាជ្ញាប័ណ្ណនាំចេញ ហើយបន្តទទួលបានការបញ្ជាទិញពីអតិថិជនមួយចំនួន។ ទន្ទឹមនឹងនេះ ការដឹកជញ្ជូនត្រូវបានអនុម័តយ៉ាងហោចណាស់ចំនួនមួយសម្រាប់នាំចេញទៅក្រុមហ៊ុនផលិតរថយន្ត Volkswagen។ ក្រុមហ៊ុន Volkswagen លើកឡើងថា ការផ្គត់ផ្គង់ផ្នែកសារធាតុកម្រមានស្ថិរភាព ប៉ុន្តែអាជ្ញាប័ណ្ណការនាំចេញរបស់អ្នកផ្គត់ផ្គង់មានកំណត់។ យ៉ាងណាមិញ គេមានភាពភ័យខ្លាចនៅឡើយដោយសារការផ្តល់អាជ្ញាប័ណ្ណរបស់ចិននឹងកាន់តែតឹងតែង ឬ យឺតយ៉ាវ ដោយសារចំនួនស្នើសុំកាន់តែកើនឡើង។ បន្ថែមពីនេះ ពួកគេត្រូវប្រាកដថា ពួកគេនឹងមិននាំចេញធាតុកម្រទាំងនោះបន្តទៅកាន់សហរដ្ឋអាម៉េរិក ដែលជាផ្នែកមួយនៃលក្ខខណ្ឌអាជ្ញាប័ណ្ណ។
លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla បានលើកឡើងថា ចិនចង់បានការធានាថា មេដែក និងលោហៈធាតុកម្រដែលក្រុមហ៊ុនរបស់ខ្លួនត្រូវការសម្រាប់មនុស្សយន្ត នឹងមិនត្រូវបានប្រើសម្រាប់គោលបំណងយោធាទេ។ Rajesh Jejurikar នាយកប្រតិបត្តិនៃក្រុមហ៊ុនឥណ្ឌា Mahindra & Mahindra’s Auto Unit បញ្ជាក់ដែរថា ការទទួលបានអាជ្ញប័ណ្ណពីចិនត្រូវមានការធានាថាការផ្គត់ផ្គង់មិនត្រូវបានប្រើសម្រាប់សព្វាវុធ។ ការប្រើប្រាស់ធាតុកម្រទាក់ទងនឹងយោធាគឺជាការព្រួយបារម្ភសម្រាប់អាជ្ញាធរចិន ដោយសារមេដែកត្រូវបានប្រើប្រាស់នៅក្នុងយន្តហោះចម្បាំង ដូចជា F-35 ជាដើម៕