គ្រោះទឹកជំនន់, ការកើនឡើងកំដៅ ព្រមទាំងគ្រោះធម្មជាតិជាច្រើនផ្សេងទៀតដែលកំពុងបង្កបញ្ហាដល់ពិភពលោកនៅតាមតំបន់ជាច្រើនសុទ្ធតែជាការកកើតឡើងពីបញ្ហាបម្រែបម្រួលអាកាសធាតុទាំងអស់។ យ៉ាងណាក៏ដោយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិក្តី ប៉ុន្តែបញ្ហានេះហាក់ដូចជាមិនទាន់មានភាពធូរស្រាលនៅឡើយទេ និងកំពុងបន្តកើនឡើងឥតឈប់ឈរ។
ផលប៉ះពាល់ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុបានបង្កឲ្យសេដ្ឋកិច្ចពិភពលោក និងបាត់បង់តម្លៃសេដ្ឋកិច្ចអស់រាប់រយពាន់លានដុល្លារជារៀងរាល់ឆ្នាំដោយក្នុងនោះគិតត្រឹមសហរដ្ឋអាមេរិកប៉ុណ្ណោះកាលពីឆ្នាំ២០២២ការខាតបង់មានទំហំរហូតទៅដល់១៦៥ពាន់លានដុល្លារ។
បញ្ហាសំរាមប្រចាំថ្ងៃ គឺជាកត្តាដ៏សំខាន់ដែលមិនអាចប្រកែកបានថាក្នុងការធ្វើឲ្យមានបញ្ហាបម្រែបម្រួលអាកាសធាតុ តែសកម្មភាពធ្វើកសិកម្មនិងការទាញយកប្រេង និងហ្គាស ឬស្មើនឹង២០ភាគរយនៃការបញ្ចេញសារធាតុបំពុលមេតាននៃចំណែកទាំងអស់របស់ពិភពលោក។
ជាធម្មតានៅពេលដែលកាកសំណល់ទាំងឡាយដែលយើងគ្រប់គ្នាបានបោះចោលពាសវាលពាសកាលវានឹងចាប់ផ្តើមរលួយ ហើយបញ្ចេញកាបូនឌីអុកស៊ីត និងឧស្ម័នមេតានចូលទៅក្នងបរិយាកាស។ ទាំងកាបូនឌីអុកស៊ីត និងមេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបំផ្លាញស្រទាប់អូហ្ស៊ូនដែលការពារពន្លឺព្រះអាទិត្យ និងជាហេតុធ្វើឲ្យការកើនឡើងនៃកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ ដូច្នេះយើងអាចកំណត់បានថា បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាកាកសំណល់គឺជារឿង២ផ្សេងគ្នាដែលវាមានការពាក់ព័ន្ធគ្នាដោយផ្ទាល់ ហើយមនុស្សដែលមានទំនួលខុសត្រូវចំពោះបញ្ហានេះក៏ត្រូវបានបែងចែកជា២ផងដែរដោយបម្រែបម្រួលអាកាស ឬ Climate Change គឺជាការទទួលខុសត្រូវរួមគ្នា ខណៈដែលបញ្ហាបញ្ចេញកាកសំណល់ប្រចាំថ្ងៃគឺជាទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗ៕