បរទេស ៖ យោងទៅតាមប្រភពពី The Guardian បានរាយការណ៍ថា ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុរួមផ្សំជាមួយនឹងកង្វះខាតទឹកកំពុងគំរាមកំហែងដល់កសិកម្ម និងស្បៀងអាហារពិភពលោក។
លោក Alain-Richard Donwahi អតីតរដ្ឋមន្ត្រីការពារជាតិប្រទេសកូតឌីវ័រ ដែលបានដឹកនាំកិច្ចប្រជុំកំពូល UN Cop15 ស្តីពីការបំផ្លិចបំផ្លាញវាលខ្សាច់បាននិយាយថា ឥទ្ធិពលនៃគ្រោះរាំងស្ងួតកំពុងរិករាលដាលលឿនជាងការរំពឹងទុក។ លើសពីនេះ សន្តិសុខស្បៀងអាហារពិភពលោកអាចប្រឈមមុខពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កង្វះខាតទឹក និងការធ្វើកសិកម្មមានកម្រិតខ្សោយ។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំដែលពិភពលោកចាំបាច់ត្រូវប្រយុទ្ធប្រឆាំងឱ្យបានឆាប់រហ័ស ដោយសារវាអាចជះឥទ្ធិពលអវិជ្ជមានលឿនជាងការរំពឹងទុកដូចជា ការរិចរិលដី កង្វះខាតទឹក និងការបោះបង់វាលខ្សាច់ចោល ដែលអាចកើតឡើងមុនពេលសម្រេចឲ្យបាននូវទិសដៅទប់ស្កាត់ការឡើងកម្ដៅភពផែនដីមិនឲ្យលើសពី ១,៥ អង្សាសេ។

មិនត្រឹមតែប៉ុណ្ណោះ បញ្ហានៃការកើនឡើងសីតុណ្ហភាព រលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់កាន់តែខ្លាំង កំពុងបង្កគ្រោះថ្នាក់ដល់សន្តិសុខស្បៀងអាហារនៅក្នុងតំបន់ជាច្រើន។ គ្រោះរាំងស្ងួតផ្តល់ផលប៉ះពាល់អវិជ្ជមានផ្សេងពីសីតុណ្ហភាពដូចជា សន្តិសុខស្បៀងអាហារ ការធ្វើចំណាកស្រុករបស់មនុស្ស និង អតិផរណាជាដើម។ លើសពីនេះ ការធ្វើកសិកម្មមានកម្រិតខ្សោយក៏ជាបញ្ហាប្រឈមផងដែរ ដោយសារវាបង្កជាបញ្ហានាំឱ្យដីខូចគុណភាព និង ប៉ះពាល់ដល់ទិន្នផល។
ទន្ទឹមនឹងនេះ កង្វះខាតទឹកនៅឥណ្ឌាអាចបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារសម្រាប់មនុស្សរាប់លាននាក់នៅឆ្នាំ២០២៥។ កាលពីឆ្នាំ ២០២០ កន្លងទៅនេះ គ្រោះរាំងស្ងួតកម្រិតធ្ងន់ធ្ងរប៉ះពាល់ដល់តំបន់មួយចំនួននៅប្រទេសហ្ស៊ីមបាវ៉េរហូតដល់ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ដែលនាំឲ្យមានការខូចដំណាំ និង ខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។ នៅប្រទេសម៉ិកស៊ិកវិញ ការឡើងកម្តៅខ្លាំង និងគ្រោះរាំងស្ងួតបានធ្វើឲ្យខូចខាតទិន្នផលនៃដំណាំម្ទេស និងផលិតកម្ម mustard បានធ្លាក់ចុះ ៥០ ភាគរយនៅប្រទេសបារាំង និងកាណាដា។ បញ្ហាបម្រែបម្រួលអាកាសាធាតុ និង គ្រោះធម្មជាតិបានរួមចំណែកដល់ការឡើងថ្លៃអាហារសំខាន់ៗដូចជា ស្រូវសាលី ពោត កាហ្វេ ផ្លែប៉ោម សូកូឡា និងស្រាជាដើម។

ទន្ទឹមនឹងនេះ លោក Donwahi បានអំពាវនាវដល់អ្នកវិនិយោគវិស័យឯកជនឱ្យចូលរួម និងទាញយកអត្ថប្រយោជន៍ពីឱកាសឲ្យប្រែក្លាយប្រាក់ចំណេញ ដោយសារវិស័យឯកជនមួយចំនួនមានចំណាប់អារម្មណ៍លើវិស័យកសិកម្ម ដែលអាចធ្វើឲ្យការប្រើប្រាស់ដីកាន់តែប្រសើរ។ ស្របពេលនេះដែរ ពិភពលោកមិនគួរមើលរំលងបញ្ហាវាលខ្សាច់នោះទេ ដោយវាទាមទារការដោះស្រាយរួមគ្នា ដោយសារវាលខ្សាច់ និង គ្រោះរាំងស្ងួតនាំឱ្យមានបម្រែបម្រួលអាកាសធាតុ ការបាត់់បង់ជីវៈចម្រុះ និង គ្រោះធម្មជាតិផ្សេងៗ។
បញ្ហាទាំងនេះមិនត្រឹមតែកើតឡើងលើប្រទេសក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកើតឡើងលើប្រទេសអភិវឌ្ឍន៍ផងដែរ។ ដូច្នោះហើយ ប្រទេសអ្នកមានគួរសម្លឹងមើលទៅទ្វីបអាហ្វ្រិកសម្រាប់ដំណោះស្រាយចំពោះវិបត្តិបម្រែបម្រួលអាកាសធាតុ ដោយសារអាហ្រ្វិកមានធនធានធម្មជាតិជាច្រើន សារធាតុរ៉ែដែលត្រូវការសម្រាប់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ព្រៃឈើ ព្រះអាទិត្យ និង ទឹកក្រោមដីដ៏ធំ ដែលសុទ្ធសឹងតែជាដំណោះស្រាយក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពង្រឹងសន្តិសុខស្បៀងអាហារ និងអភិរក្សជីវចម្រុះ។ លើសពីនេះផងដែរ អ្នកដែលមានហិរញ្ញវត្ថុគួរជួយអ្នកដែលមានធនធានធម្មជាតិ ដែលវាគឺជាដំណោះស្រាយឈ្នះ-ឈ្នះក្នុងភាពជាដៃគូផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content