ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានចាកចេញពីទីក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសជប៉ុន។
មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិសេស ដើម្បីរំលឹកខួបលើកទី៥០ នៃមិត្ត ភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-អាស៊ាន។ សម្តេចតេជោ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម. Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន នៅខាងក្រៅកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងកម្មវិធីពាក់ព័ន្ធនៅទីក្រុងតូក្យូ។

ក្នុងអំឡុងកិច្ចប្រជុំកំពូលរំលឹកខួបជាប្រវត្តិសាស្ត្រនេះ នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Kishida Fumio នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ជាមួយឯកឧត្តម Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍រួមដែលនឹងកំណត់ចក្ខុវិស័យថ្មីសម្រាប់ពេលអនាគត ហើយផែនការអនុវត្តរបស់ខ្លួន រួមទាំងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើននឹងត្រូវបានអនុម័តជាឯកសារលទ្ធផលរបស់ខ្លួន ដោយផ្អែកលើទំនាក់ទំនង “ចិត្ត និងចិត្ត” ដែលមានការជឿជាក់គ្នាដែលត្រូវបានកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីពង្រឹងទំនាក់ទំនងជប៉ុន-អាស៊ានបន្ថែមទៀត។

នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Kishida Fumio ក៏បានលើកឡើងក្នុងសារនៃកិច្ចប្រជុំ ដោយបញ្ជាក់ថា ឯកឧត្តម នឹងសរុបសកម្មភាពនៃទំនាក់ទំនងជប៉ុន-អាស៊ាន ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ និងស្នើឡើងនូវចក្ខុវិស័យថ្មី ព្រមទាំងកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់អនាគត។

សាររបស់ ឯកឧត្តម Kishida Fumio បានបញ្ជាក់ថា ឆ្នាំនេះ គឺខួបលើកទី៥០នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។ ចាប់តាំងពីប្រទេសជប៉ុនបានចាប់ផ្តើមកិច្ចសន្ទនាជាលើកដំបូងជាមួយអាស៊ានក្នុងឆ្នាំ១៩៧៣ មុនប្រទេសដទៃទៀតនៃពិភពលោក ប្រទេសជប៉ុនបានដើរជាមួយអាស៊ានលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍ និងសមាហរណកម្មរួមគ្នា។ ជប៉ុនបានគាំទ្រដល់ការអភិវឌ្ឍតំបន់អាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងវិស័យផ្សេងៗ។
លើសពីនេះទៀត ជប៉ុន និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក ហើយទំហំពាណិជ្ជកម្មជាមួយកម្ពុជាបានកើនឡើង១០ដង ពីចំនួនសរុបប្រមាណ ២២០លានដុល្លារក្នុងឆ្នាំ២០០៥ ដល់ប្រមាណ ២.២ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។

ប្រទេសជប៉ុន គឺជាអ្នកវិនិយោគផ្ទាល់ធំទីពីរនៅក្នុងអាស៊ានបន្ទាប់ពីសហរដ្ឋអាមេរិក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគផ្ទាល់របស់ប្រទេសជប៉ុននៅបណ្តាប្រទេសអាស៊ានជាមធ្យម គឺប្រមាណ ២.៣ទ្រីលានយ៉េន(ស្មើនឹងប្រមាណ ១៩.៣ ប៊ីលានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ។
បច្ចុប្បន្ន ចំនួនក្រុមហ៊ុនជប៉ុននៅអាស៊ានមានប្រមាណ ១៥ ០០០ ក្រុមហ៊ុន ហើយពួកគេកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាន ដោយបញ្ចូលនូវភាពរស់រវើកនៃតំបន់អាស៊ានដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ទៅក្នុងសេដ្ឋកិច្ចរបស់ជប៉ុន ជាមួយនឹងការបង្កើតផលិតផល សេវាកម្ម និងការងារនៅក្នុងប្រទេសអាស៊ាននីមួយៗ។

ប្រទេសជប៉ុន និងអាស៊ាន ក៏បានឆ្លងកាត់បញ្ហាប្រឈមជាច្រើន រួមទាំងវិបត្តិរូបិយប័ណ្ណអាស៊ីឆ្នាំ១៩៩៧ ការរញ្ជួយដីដ៏ធំនៅស៊ូម៉ាត្រា និងរលកយក្សស៊ូណាមិ នៅមហាសមុទ្រឥណ្ឌាឆ្នាំ២០០៤ ការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសជប៉ុនឆ្នាំ២០១១ និងវិបត្តិជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៩ជាដើម ដែលយើងបានឈោងចាប់ដៃទៅរកគ្នា ហើយបង្ហាញខ្លួនយើងថាជា «ដៃគូដែលគួរឱ្យទុកចិត្ត»៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content