បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានគំរាមដាក់ពន្ធ ៥០% លើទំនិញនាំចូលពីប្រទេសប្រេស៊ីល។

ថ្មីៗនេះ លោក Donald Trump បានគំរាមដាក់ពន្ធលើទំនិញនាំចូលពីប្រទេសប្រេស៊ីលដោយចោទប្រកាន់ប្រទេសនេះពីការវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិក និងការស៊ើបអង្កេតអយុត្តិធម៌ប្រឆាំងនឹងអតីតប្រធានាធិបតី Jair Bolsonaro ដែលកំពុងប្រឈមមុខនឹងការកាត់ទោសពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២២។ ជាការឆ្លើយតប ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានលើកឡើងថា ប្រេស៊ីល នឹងដំឡើងពន្ធសងសឹកទៅវិញជាមួយនឹងការព្រមានអំពីការជ្រៀតជ្រែកណាមួយរបស់បរទេសនៅក្នុងប្រព័ន្ធតុលាការរបស់ប្រេស៊ីល។
កាលពីប៉ុន្មានថ្ងៃមុន Trump បានប្រកាសអំពីការដាក់ពន្ធឆ្លើយតបឲ្យមានភាពស្មើគ្នាលើ ១៤ ប្រទេស ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា។ ពន្ធទាំងនេះត្រូវបានប្រកាសម្តងរួចហើយកាលពីខែមេសា ប៉ុន្តែ Trump បានពន្យារពេលការយកពន្ធនេះរយៈពេល ៩០ ថ្ងៃ ដើម្បីទុកពេលឲ្យប្រទេសទាំងនោះចរចាពាណិជ្ជកម្មជាមួយនឹងអាម៉េរិក។ ទន្ទឹមនឹងនេះ ប្រេស៊ីល ក៏ទទួលបានសារលិខិតអំពីពន្ធពីអាម៉េរិកផងដែរ ដែលមានលក្ខណៈកំណត់គោលដៅច្រើនជាងមុន និងការគំរាមកំហែងអំពីការដំឡើងពន្ធ។ នៅក្នុងលិខិតនោះ Trump បានលើកឡើងថា ការដាក់ពន្ធ ៥០% លើប្រេស៊ីល នឹងចាំបាច់ ដើម្បីកែតម្រូវភាពអយុត្តិធម៌ដ៏ធ្ងន់ធ្ងរនៃរបបបច្ចុប្បន្ន។

លើសពីនេះ Trump នឹងបញ្ជាឱ្យតំណាងពាណិជ្ជកម្មអាម៉េរិកចាប់ផ្តើមការស៊ើបអង្កេត ៣០១ លើការអនុវត្តពាណិជ្ជកម្មឌីជីថលរបស់ប្រេស៊ីល ខណៈដែលអាម៉េរិកធ្លាប់ចាត់ចំណាត់ការបែបនេះក្នុងការដំឡើងពន្ធនាពេលកន្លងមក ដែលធ្វើឱ្យមានការគំរាមកំហែងកាន់តែខ្លាំង។ នៅក្នុងលិខិតនោះផងដែរ Trump បានចោទប្រកាន់រដ្ឋាភិបាលប្រេស៊ីលពាក់ព័ន្ធនឹងការវាយប្រហារលើការបោះឆ្នោតដោយសេរី, ការរឹតបន្តឹងសិទ្ធិបញ្ជេញមតិដោយសេរីរបស់ជនជាតិអាម៉រិក, និងការរឹតបន្តឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អាម៉េរិក ដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកគឺ Trump Media ស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិកដែលតុលាការប្រេស៊ីលផ្អាកដំណើរការ សូម្បីតែ X ក៏ត្រូវបានហាមឃាត់ផងដែរ។ វិធានការដែលប្រេស៊ីលរឹតបន្តឹង ឬ ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អាម៉េរិកពាក់ព័ន្ធករណីសរសេរព័ត៌មានមិនពិតអំពីការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២២។
មិនត្រឹមតែប៉ុណ្ណោះ Trump បាននិយាយពីការគោរពពេញចិត្តចំពោះអតីតប្រធានាធិបតីប្រេស៊ីល Bolsonaro នៅក្នុងលិខិតនោះផងដែរ ដោយរិះគន់ប្រេស៊ីលពីការកាត់ទោសប្រឆាំងនឹងរូបលោក។ គួរឲ្យបញ្ជាក់ដែរថា Trump និង Bolsonaro មានទំនាក់ទំនងមិត្តភាពចាប់តាំងពីអាណត្តិដំបូងរបស់គាត់នៅឆ្នាំ២០១៩។ បន្ថែមពីនេះ Trump បានរិះគន់ចំពោះកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ផងដែរ ដោយចោទប្រកាន់ពួកគេថាជាក្រុមប្រឆាំងនឹងអាម៉េរិក ជាមួយនឹងការគំរាមដាក់ពន្ធបន្ថែមលើប្រទេសទាំងនោះ ១០% ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content