កណ្ដាល៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល ស្ដីពីការប្រែប្រួលទំហំផ្ទៃដី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល កាលពីថ្ងៃទី០៩ ខែកក្កដា ២០២៥ បានឱ្យដឹងថា ផ្ទៃដីទំហំ ២ ៤៧៥ហិកតា និង ៦ ១៧៨ម៉ែត្រការ៉េ ក្នុងឃុំព្រែកផ្ទោល និងឃុំគោកធ្លក នៃស្រុកអង្គរបុរី ត្រូវបានកាត់ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដោយកំណត់យកស្ទឹងអង្គរបុរីជាខ្សែព្រំដែនរដ្ឋបាល ។
យោងតាមសេចក្ដីជូនដំណឹងដដែលនេះក៏បានបង្ហាញផងដែរពីការកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១៩៤០ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីគោកទំហំ ១៨១ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងផ្ទៃទឹកទំហំ ៤៤ហិកតា ៦ ៩២៦ម៉ែត្រការ៉េ ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលដី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលផងដែរ ។
តាមរយៈការកាត់ផ្ទៃដីពីផ្នែកខ្លះនៃរាជធានីភ្នំពេញ និងផ្នែកខ្លះនៃស្រុកអង្គរបុរី ខេត្តតាកែវ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល បានធ្វើឱ្យទំហំផ្ទៃដីខេត្តកណ្ដាលកើនឡើងពី ៣ ២៥១,៤៦គីឡូម៉ែត្រក្រឡា មុនឆ្នាំ២០២៥ ដល់ទំហំ ៣ ២៧៨,៤៨គីឡូម៉ែត្រក្រឡា ដោយបច្ចុប្បន្ននេះខេត្តកណ្ដាលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ខាងកើតជាប់នឹងព្រៃវែង ខាងត្បូងជាប់នឹងប្រទេសវៀតណាម និងខាងលិចជាប់នឹងតាកែវ និងខេត្តកំពង់ស្ពឺ ។ ខេត្តកណ្ដាលក៏ជាខេត្តដែលព័ទ្ធជុំវិញរាជធានីភ្នំពេញផងដែរ ។

បើតាមអ្នកជំនាញវិស័យអចលនទ្រព្យបានលើកឡើងថា ការកាត់ដីតំបន់មួយទៅឱ្យក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ឬខេត្តផ្សេងទៀត មានទាំងផលវិជ្ជមាន និងផលលំបាក ជាក់ស្ដែង ពលរដ្ឋរស់នៅតំបន់មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តមួយ ហើយត្រូវផ្លាស់ប្តូរទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីវិញ គឺពលរដ្ឋតំបន់នោះត្រូវធ្វើឯកសារបញ្ជាក់ទីលំនៅជាថ្មី ដែលត្រូវចំណាយពេលសម្រាប់ការងារនេះ ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍លើកឡើងថា ជាទូទៅគេសង្កេតឃើញថា នៅពេលរាជធានីភ្នំពេញ កាន់តែរីកចម្រើន រាជរដ្ឋាភិបាលបានសម្រេចកាត់យកដីខេត្តជាប់ភ្នំពេញឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជធានី ។ នៅពេលនោះ ឯកសាររបស់ពលរដ្ឋដែលធ្លាប់បញ្ជាក់រស់នៅខេត្តត្រូវផ្លាស់ប្តូរមកនៅក្រោមរដ្ឋបាលរាជធានីភ្នំពេញ ។ នេះជាផលលំបាកមួយ ប៉ុន្តែសម្រាប់ផលវិជ្ជមានវិញ ឃើញថាដីធ្លីនៅតំបន់នោះ នឹងអាចឡើងថ្លៃជាងមុន ពេលកាត់ចូលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ហើយតំបន់នោះក៏ត្រូវបានយកចិត្តទុកដាក់អភិវឌ្ឍន៍ឱ្យសមជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរាជធានីភ្នំពេញដែរ ដោយត្រូវពង្រីកផ្លូវ តបណ្ដាញអគ្គិសនី ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើបជាងមុន ។

សម្រាប់ខេត្តកណ្ដាលក៏ជាខេត្តមួយដែលមានសក្ដានុពលខ្ពស់បន្ទាប់ពីរាជធានីភ្នំពេញ ពីព្រោះតែខេត្តនេះ ស្ថិតនៅជាប់គ្នានឹងរាជធានីភ្នំពេញស្រាប់ ។ ការអភិវឌ្ឍឧស្សាហកម្ម ការអភិវឌ្ឍលំនៅឋានក៏ឃើញថាមានការរីកសាយទៅកាន់តំបន់មួយចំនួននៃខេត្តកណ្ដាល ជាពិសេសសម្រាប់តំបន់ដែលស្ថិតនៅជិតភ្នំពេញ ហើយក៏មានពលរដ្ឋដែលធ្វើការនៅរាជធានីភ្នំពេញ បានទិញផ្ទះសម្រាប់ការស្នាក់នៅតំបន់នៃខេត្តកណ្ដាលច្រើនផងដែរ ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content