ភ្នំពេញ ៖ នៅក្នុងជំនួបនាពេលថ្មីៗនេះ ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកម្ពុជា លោក ចាង តឺឡាំង(Zhang Deliang) អគ្គនាយករងក្រុមហ៊ុន China Energy International Group បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា ដែលមិនត្រឹមតែជាក្រុមហ៊ុនម៉ៅការប៉ុណ្ណោះទេ។ ក្រុមហ៊ុននេះមានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាង ៧០ ទីតាំងនៅក្នុងប្រទេសចិន ជាមួយសមត្ថភាពអាចផលិតជាង ៤,៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងគម្រោងអន្តរជាតិសំខាន់ៗ ដូចជា នៅប្រទេសប្រេស៊ីល និងអារ៉ាប់រួម។
លោក ចាង តឺឡាំង(Zhang Deliang) បានឱ្យដឹងថា៖ Energy China គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលផ្តោតវិនិយោគលើវិស័យថាមពល ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាងពីរទសវត្សរ៍នៅកម្ពុជា និងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាតបន្ថែមទៀត។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលរួមមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង ៤០០ នៅទូទាំងប្រទេស។
ឯកឧត្តមបានលើកឡើងថា៖
«កម្ពុជាមានប្រតិបត្តិករទឹកស្អាតច្រើនដែលមានសមត្ថភាពលើបច្ចេកទេស និងធនធានផ្សេងៗគ្នា។ ស្ថានភាពនេះខុសប្លែកពីស្ថានភាពនៅប្រទេសផ្សេងទៀត ប៉ុន្តែវាក៏ជាឱកាសសម្រាប់ការវិនិយោគខ្នាតធំផងដែរ។ យើងស្វាគមន៍ដៃគូវិនិយោគនានា រួមទាំង Energy China ដែលអាចនាំមកទាំងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុរយៈពេលវែង ខណៈដែលតម្រូវការទឹកស្អាតនឹងបន្តកើនឡើងជាមួយកំណើននៃការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា»។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ ក្រសួងលើកទឹកចិត្តការអនុវត្តគំរូវិនិយោគដែលដៃគូ ដូចជា Energy China វិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញបំពង់មេចែកចាយទឹក ហើយប្រតិបត្តិករខ្នាតតូចអាចផ្តោតលើការលក់ទឹករាយ ក្រោមប្រព័ន្ធគ្រប់គ្រងគុណភាពទឹកស្អាតរួមមួយ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Energy China រៀបចំស្នើជាជម្រើសវិនិយោគផ្សេងៗ ដែលមានភាពបត់បែនផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផង និងនិរន្តរភាពផង ជាពិសេសទាក់ទងនឹងប្រភពទឹក៕