បរទេស ៖ យោងតាមប្រភពពី KITCO បានបង្ហាញថា តម្លៃមាសបានបន្តឡើងថ្លៃ ដោយសារការព្រួយបារម្ភអំពីហានិភ័យនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះនៅមជ្ឈិមបូព៌ា។
តម្លៃមាសបានឡើងថ្លៃ ០,៤ ភាគរយ ឬ ២ ០១២ ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះបន្ទាប់ពីការកើនឡើងដល់កម្រិតខ្ពស់រយៈពេល៥សប្តាហ៍។ ជាមួយគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការព្រួយបារម្ភអំពីការកើនឡើងនៃសម្ពាធអតិផរណាដោយសារតែភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា រួមផ្សំជាមួយនឹងសេដ្ឋកិច្ចមិនរឹងមាំនៅតែបន្តមានដដែល។
ស្របពេលជាមួយគ្នានេះដែរ ទីផ្សារភាគហ៊ុនអាស៊ី និងអឺរ៉ុបត្រូវបានលាយបញ្ចូលគ្នាកាន់តែរឹងមាំ ខណៈដែលសន្ទស្សន៍ភាគហ៊ុនរបស់សហរដ្ឋអាម៉េរិកឡើងខ្ពស់ជាងមុនបន្តិច។ យ៉ាងណាមិញ ទីផ្សារខាងក្រៅសំខាន់ៗត្រូវបានមើលឃើញថា សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះបន្តិចបន្ទាប់ពីឡើងដល់កម្រិតខ្ពស់រយៈពេល៥សប្តាហ៍។ មិនត្រឹមតែប៉ុណ្ណោះ អ្នកវិនិយោគមាសកំពុងវិភាគថា តើការពន្យារពេលនៃការកាត់បន្ថយអត្រាការប្រាក់អាចនឹងឥទ្ធិពលអវិជ្ជមានលើតម្លៃមាសប៉ុណ្ណា?
ជាមួយនឹងការកើនឡើងនូវក្តីព្រួយបារម្ភអំពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានធ្វើឲ្យតម្លៃមាសឡើងថ្លៃ ដោយសារវាគឺជាទ្រព្យសម្បតិ្តមានតម្លៃ និងសុវត្ថិភាពសម្រាប់វិនិយោគ។ លើសពីនេះផងដែរ បញ្ហាភូមិសាស្ត្រនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចតានតឹងកាន់តែខ្លាំង ខណៈដែលប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសសងសឹកនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានសម្លាប់មនុស្សយ៉ាងតិច ៩ នាក់ ។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់វាយប្រហារលើទឺកដីប៉ាគីស្ថានកាលពីថ្ងៃអង្គារ និងបានសម្លាប់មនុស្សពីរនាក់។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហានិភ័យរឹតតែកើនឡើង ខណៈដែលអ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធការពារដែនអាកាសដែលបានគ្រោងទុកពីកំពង់ផែ Chabahar របស់ខ្លួននៅជិតប្រទេសប៉ាគីស្ថាន។ បន្ថែមពីនេះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសបន្ថែមទៀតប្រឆាំងនឹងគោលដៅរបស់ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន៕