បរទេស៖ យោងតាមប្រភពពី The Guardian បានលើកឡើងថា តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត ខណៈដែលវិនិយោគិនកំពុងមានក្តីសង្ឃឹមពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលដែលជំរុញឲ្យពួកគេទិញមាសបន្ថែមទៀត។
កាលពីថ្ងៃអង្គារ៍ ក្នុងសប្ដាហ៍នេះ តម្លៃមាសបានឡើងថ្លៃ ១ ភាគរយ ឬ ២ ៥៣១ ដុល្លារក្នុងមួយអោន។ ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគកំពុងរំពឹងទុកពីការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ដោយសារអត្រាការប្រាក់ទាបធ្វើឱ្យមូលបត្របំណុល និងភាគហ៊ុនមិនសូវមានភាពទាក់ទាញ ប៉ុន្តែតម្លៃមាសនឹងឡើងថ្លៃ។ ជាទូទៅ មាសត្រូវបានចាត់ទុកដោយថាទ្រព្យសម្បត្តិមានសុវត្ថិភាពក្នុងអំឡុងពេលដែលមានភាពចលាចលនៃសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ រយៈពេល ២ ឆ្នាំកន្លងមកនេះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងតំបន់ហ្គាហ្សាបានជំរុញតម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់ ទោះបីជាមានអាម៉េរិកបានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៣ ឆ្នាំក៏ដោយ។ ឈ្មួញកណ្តាលមាស លើកឡើងថា អ្នកទិញកំពុងងាកទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា និងជម្លោះរុស្ស៊ី – អ៊ុយក្រែន។
លោក Antonio Ernesto Di Giacomo អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ XS លើកឡើងថា ការឡើងថ្លៃតម្លៃមាសនាពេលថ្មីៗនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពមិនច្បាស់លាស់របស់អ្នកវិនិយោគទៅរកទ្រព្យសម្បត្តិមានសុវត្ថិភាព។ ការឡើងថ្លៃមាសជាប្រវត្តិសាស្រ្តដែលមានតម្លៃលើសពី ២ ៥០០ ដុល្លារក្នុងមួយអោនឆ្លុះបញ្ចាំងពីការកើនឡើងនូវភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការបន្តស្វែងរកសុវត្ថិភាពរបស់អ្នកវិនិយោគ។ ជាមួយនឹងកត្តាសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងរូបិយវត្ថុបានជំរុញឱ្យមានមាសឡើងថ្លៃ និងបង្ហាញថា វាគឺជាទ្រព្យសម្បត្តិក្នុងអំឡុងពេលស្ថានភាពណាមួយប្រែប្រួល។ ធនាគារវិនិយោគ UBS ព្យាករណ៍ថា តម្លៃមាសអាចឡើងថ្លៃដល់ ២ ៦០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៤។
មកទល់ពេលនេះ តម្លៃមាសបានកើនឡើងបន្ថែម ៤៦០ ដុល្លារ ឬ ២២ ភាគរយនៅឆ្នាំនេះ។ ការឡើងថ្លៃតម្លៃមាសត្រូវបានជំរុញដោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ភាពមិនច្បាស់លាស់បង្កដោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ និងការរំពឹងលើការកាត់បន្ថយអត្រាការប្រាក់។ ទន្ទឹមនឹងនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាគោលដៅរបស់ខ្លួន ០,២៥ ភាគរយ ដោយអត្រាការប្រាក់ថយចុះមកនៅចន្លោះពី ៥ ភាគរយទៅ ៥,២៥ ភាគរយ។ ឥឡូវនេះ វិនិយោគិនកំពុងរង់ចាំស្តាប់សុន្ទរកថារបស់ប្រធានធនាគារកណ្តាលអាម៉េរិក Jerome Powell នៅថ្ងៃសុក្រខាងមុខនេះ ដោយរំពឹងថា ធនាគារកណ្តាលអាម៉េរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅកិច្ចប្រជុំបន្ទាប់របស់ពួកគេនៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ។ យ៉ាងណាមិញ ធនាគារកណ្តាលធំៗផ្សេងទៀតបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់រួចហើយ ដោយធនាគារកណ្តាលអ៊ឺរ៉ុបបានកាត់បន្ថយអត្រាការប្រាក់កាលពីខែមិថុនា ខណៈដែលធនាគារកណ្តាលអង់គ្លេសបានកាត់បន្ថយនៅដើមខែនេះ៕