ភ្នំពេញ៖ វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការរីកចម្រើននៃប្រជាជន ព្រមទាំងអ្នកប្រើប្រាស់ថ្នាក់កណ្តាល (middle class) ជាមូលដ្ឋានគាំទ្រដល់ការពង្រីកខ្លួនរបស់វិស័យឯកជន។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ របស់ក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលម្ហូបអាហារ LSH នៅកម្ពុជាកាលពីពេលថ្មីៗនេះ។

LSH គឺជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្ហូបអាហារ និងផលិតផលមិនមែនម្ហូបអាហារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានបង្កើតបណ្តាញដៃគូផ្គត់ផ្គង់ក្នុងប្រទេសជាង២០ ដើម្បីនាំយកផលិតផលចម្រុះប្រមាណ ៤ ០០០ មុខ ដោយមានម៉ាកយីហោអន្តរជាតិល្បីៗមកបំពេញតម្រូវការអ្នកប្រើប្រាស់នៅកម្ពុជា។
ថ្លែងនៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនេះ លោក អ៊ឹង ឆយី អគ្គនាយកក្រុមហ៊ុន LSH បានរំលឹកពីដំណើរវិវត្តរបស់ក្រុមហ៊ុនដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ ជាមួយបុគ្គលិកត្រឹមតែ៥នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកខ្លួន និងមានបុគ្គលិកជាង៣០០នាក់។
លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានកោតសរសើរក្រុមហ៊ុន LSH ដែលបានបំពេញតម្រូវការទីផ្សារសម្រាប់ទាំងពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងរស់នៅ ធ្វើការ ឬធ្វើដំណើរកំសាន្តនៅកម្ពុជា។ ផលិតផលរបស់ក្រុមហ៊ុនអនុញ្ញាតឱ្យជនបរទេសអាចស្វែងរករសជាតិម្ហូបប្រទេសកំណើតនៅលើទីផ្សារ តាមបណ្តាភោជនីយដ្ឋាន ឬសម្រាប់ធ្វើម្ហូបដែលពួកគេចូលចិត្ត។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ ជោគជ័យរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការដឹកនាំ ភាពឈ្លាសវៃ និងការផ្តោតលើគុណភាព និងសេវាកម្មអតិថិជនរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ព្រមទាំងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងពេលជាង២ទសវត្សរ៍ជាប់គ្នា។
ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖
«ខណៈដែលកម្ពុជារំពឹងថា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ អំណាចទិញរបស់អ្នកប្រើប្រាស់ថ្នាក់កណ្តាលនឹងកើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តបណ្តាក្រុមហ៊ុនឯកជនឱ្យបន្តធ្វើនវានុវត្តន៍, ពង្រីកទីផ្សារដោយនាំចូលផលិតផលដែលមានគុណភាពខ្ពស់, បន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស, និងពិនិត្យសក្តានុពលនៃការបញ្ចូលផលិតផលក្នុងស្រុកដែលមានគុណភាពទៅក្នុងបណ្តាញចែកចាយរបស់ខ្លួន និងអាចឈានទៅការនាំចេញនាពេលខាងមុខ»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញវិស័យឯកជនចាប់យកអត្ថប្រយោជន៍ពីកំណែទម្រង់សេវាកម្មសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមានការកែលម្អសេវាចុះបញ្ជីផលិតផល និងការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីបំពេញតម្រូវការធ្វើតេស្តសុវត្ថិភាពចំណីអាហារជាដើម៕






វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content