ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារអាម៉េរិក(៣២ ៧០៨ ៩០៨ ដុល្លារ) ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង៧០ម៉ឺននាក់(៧០៥២៦៩ នាក់) ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥ (គិតចាប់ពីខែមករា ដល់ខែកញ្ញា) ។ ចំណូលនេះ បានកើនឡើង ០,៥៧ភាគរយ ធៀបនឹងឆ្នាំរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា៖ ដោយឡែកសម្រាប់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៣៥៦៥០ នាក់ ធ្លាក់ចុះ ២៥.៧២%ធៀបនឹងខែកញ្ញាឆ្នាំ២០២៤ ហើយទទួលបានចំណូល ១ ៦៤០ ១៦៥ ដុល្លារ ធ្លាក់ចុះ២៥.០៦%ធៀបនឹងខែកញ្ញា ឆ្នាំ២០២៤។
ជាការកត់សម្គាល់ ក្នុងរយៈពេល៩ខែនេះ ការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរមានចំនួន ១៤ ៣៦៤នាក់ ទទួលបានចំណូល ២១៥ ៤៦០ ដុល្លារ, ការលក់សំបុត្រនៅប្រាសាទបេងមាលា មានចំនួន ១១០១៣ នាក់ ដោយទទួលបានចំណូល ១១០ ១៣០ ដុល្លារ, ការលក់សំបុត្រនៅភ្នំក្បាលស្ពាន មានចំនួន ៨៧២នាក់ ទទួលបានចំណូល៤៣៦០ដុល្លារ និងការលក់សំបុត្រទូក រកចំណូលបានចំនួន ៩៩២ ៦៩២ដុល្លារ។
ចំណែកការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរប្រចាំខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៥៨៥នាក់ ប្រាក់ចំណូល ៨៧៧៥ដុល្លារ, ការលក់សំបុត្រនៅប្រាសាទបេងមាលា មានចំនួន ៨២៨នាក់ ចំណូល ៨២៨០ ,ការលក់សំបុត្រនៅភ្នំក្បាលស្ពាន មានចំនួន ៦២នាក់ ទទួលបានចំណូល៣១០ដុល្លារ និងការលក់សំបុត្រទូកប្រចាំខែកញ្ញា រកចំណូលបានចំនួន ៤៤៧២៦ដុល្លារអាម៉េរិក៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content