ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិក្នុងរយៈពេល ៩ ខែនៃឆ្នាំ២០២៥ បានឈានដល់ ៤៦.៩៩ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានត្រឹម ៤០ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ ដោយក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ២២,៣៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១២,៩ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់សរុប ២៤,៦១ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៦ ភាគរយ។

ជាមួយនឹងការទទួលបានកំណើននៃទំហំពាណិជ្ជកម្មរបស់កម្ពុជាដូចបានបង្ហាញជូននៅខាងលើនេះ ឯកឧត្តម ប៉ែន សុវិជ្ជា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងពីតួនាទីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងការបើកឱកាសទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជ្ជា បានមានប្រសាសន៍ថា៖
«ការអនុវត្ត FTAs និងការអនុគ្រោះទៅលើការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញផលិតផល ដែលផលិតនៅប្រទេសកម្ពុជា។ ជាក់ស្ដែង នៅក្នុងឆ្នាំនេះ បើទោះជាមានភាពប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏កំណើនការនាំចេញរបស់កម្ពុជានៅតែមានប្រកបដោយការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារបរទេស។ ចំណែកដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន សហរដ្ឋអាម៉េរិក វៀតណាម ជប៉ុន និងកាណាដា ដែលសុទ្ធសឹងតែមើលឃើញពីកំណើននៃការនាំចេញគួរឲ្យកត់សម្គាល់»។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា សម្រាប់ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល៩ខែកន្លងទៅនេះ សហរដ្ឋអាម៉េរិក ឈរនៅលំដាប់ទី១ ជាមួយនឹងទំហំ ៩.២ពាន់លានដុល្លារ កើនឡើង២២%។ បន្ទាប់មក គឺវៀតណាម ឈរនៅលំដាប់ទី២ មានតម្លៃ ២.៩ពាន់លានដុល្លារ កើនឡើង៧.៨%។ ចំណែកប្រទេសចិន ឈរនៅលំដាប់ទី៣ មានទំហំជាង ១ពាន់លានដុល្លារ, ជប៉ុន មានទំហំជាង ១ពាន់លានដុល្លារ, អេស្ប៉ាញ ជាង ៨៧៥លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗមួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលីជាដើម។

ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញភាគច្រើនដូចជា សម្លៀកបំពាក់ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ ស្បែកជើង កាបូបដៃ វត្ថុសម្រាប់វេចខ្ចប់ ធញ្ញជាតិ កៅស៊ូ និងកង់ នៅតែមានតម្រូវការ។ បន្ថែមពីនេះ ការនាំចេញផ្សេងទៀតរួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសង្ហារឹម ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់ឧបករណ៍អគ្គិសនី និងផលិតផលកសិកម្ម ដូចជាអង្ករ ផ្លែឈើ និងគ្រាប់ស្វាយចន្ទី។

សូមជ្រាបថា កម្ពុជា គឺជាប្រទេសហត្ថលេខីនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន+១ ជាមួយដៃគូសន្ទនា RCEP និង FTAs ទ្វេភាគីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអារ៉ាប់រួម៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content