ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ កំពុងធ្វើការសិក្សាសមិទ្ធិលទ្ធកម្មគម្រោងកែច្នៃប្រេងសំបកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គនៅកម្ពុជា។ ទន្ទឹមនឹងនេះ គណៈប្រតិភូវិទ្យាស្ថានថាមពលកូរ៉េ ក៏បានស្នើសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការបន្ថែមលើការកែច្នៃថង់ប្លាស្ទីកទៅជាប្រេងឥន្ធន: និងជាដំណោះស្រាយសម្រាប់បញ្ហាសំរាម។
ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងគាំទ្រចំពោះការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ទាំងគម្រោងកែច្នៃប្រេងពីសំបកគ្រាប់ស្វាយចន្ទី និងគម្រោងកែច្នៃសំរាមប្លាស្ទីកជាថាមពលឥន្ធនៈ។
ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េស្វែងរកដៃគូសហការបន្ថែមទៀតដើម្បីទាញអត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។

គួររំលឹកថា៖ កាលពីខែកក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ដែលដឹកនាំដោយបណ្ឌិត ឆយ យុង ចាន់ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ។ កិច្ចប្រជុំបានជជែកពិភាក្សាទៅលើបច្ចេកវិទ្យាថ្មីនៃការចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន និងកែច្នៃអស់លទ្ធភាព ជៀសវាងការដុត ឬបោះចោល។ បច្ចេកវិទ្យានេះនឹងជួយជំរុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយទទួលបានប្រាក់ចំណូលបន្ថែមពីសំបកស្វាយចន្ទី។
អ្នកឧកញ៉ា លឹម ហេង កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ។ នៅក្នុងជំនួបពិភាក្សានោះ គណៈប្រតិភូកូរ៉េបានធ្វើបទបង្ហាញអំពីរបកគំហើញ និងបច្ចេកវិទ្យាថ្មីក្នុងការកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គដែលនឹងផ្ដល់អត្ថប្រយោជន៍ជា ច្រើនមកប្រទេសកម្ពុជា។
ជាមួយគ្នានោះផងដែរវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក៏បានស្នើសុំការសហការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការអនុវត្តន៍គម្រោងនៃសង្វាក់ផលិតកម្មមួយនេះនៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចផ្ដល់ផលប្រយោជន៍មកកាន់សេដ្ឋកិច្ច ដូចជា គាំទ្រដល់កំណើនការងារសម្រាប់ប្រជាជន និងបង្កើនប្រាក់ចំណូលសម្រាប់ជាតិ។ បន្ថែមពីនេះទៅទៀតវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ បានអញ្ជើញសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េដើម្បីស្វែងយល់ពីសង្វាក់ផលិតកម្មឳ្យកាន់តែច្បាស់ និងទស្សនកិច្ចនៅមន្ទីរពិសោធន៍ស្រាវជ្រាវ និងកែច្នៃឥន្ធនៈថាមពលពីសំបកគ្រាប់ស្វាយចន្ទីនៅពេលវេលាសមស្របណាមួយ។






វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content