ស្វាយរៀង ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ៩ ខែមេសា កន្លងទៅ បានដឹកនាំប្រតិភូនៃក្រសួងចូលរួមក្នុង ពិធីបើកសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦។ ពិធីសម្ពោធនេះផងដែរ បានប្រារព្ធឡើងនៅក្នុងខេត្តស្វាយរៀង ក្រោមប្រធានបទ «រួមគ្នាទិញផលិតផលខ្មែរ បង្កើនការងារ ជូនពលរដ្ឋខ្មែរ»។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានរំលឹកឡើងផងដែរនូវសារលិខិតរបស់សម្ដេចតេជោ ដែលថ្លែងកាលពីថ្ងៃទី៤មេសាកន្លងទៅ។

នៅក្នុងសារលិខិតនោះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការជំរុញផលិតផលក្នុងស្រុក។ រីឯភាគីដែលជាអ្នកផលិតវិញ សម្ដេចតេជោ ក៏បានលើកទឹកចិត្តទៅដល់ពួកគេឲ្យមានការផលិតបន្ថែម និងជាពិសេសពង្រឹងនូវគុណភាពរបស់ខ្លួន ដើម្បីភាពសម្បូរបែបនៃទីផ្សារផងដែរ។
ទាក់ទិននិងរឿងនេះ លោកបណ្ឌិត សួង ណយ បានដាក់ក្ដីរំពឹងខ្ពស់ចំពោះវេទិកាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦នេះ។ ការរំពឹងខ្ពស់នេះគឺដោយសារ កម្ពុជាបានខកខានប្រារព្ធវេទិកានេះ កាលពីឆ្នាំកន្លងទៅ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

ម្យ៉ាងទៀត តាមរយៈការផ្សព្វផ្សាយផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ ២០១៧ មកដល់ពេលនេះ ក៏មាន ភាពទូលំទូលាយច្រើនជាងមុន មានការគាំទ្រច្រើនជាងមុន ជាពិសេសមានការចូលរួមពីសំណាក់ អ្នកផលិតក្នុងការដាក់ចូលផលិតផលប្រមាណជា ៥០០ មុខ។
យ៉ាងណាមិញ វេទិកានេះក៏ធ្វើឡើងចំពេលវេលានៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺពេលវេលា ដែលប្រជាជនកម្ពុជាសម្រាកពីការងារ និងជាពេលដែលប្រជាជនចាយលុយផងដែរ។ ដូច្នេះហើយ លោកបណ្ឌិតបានរំពឹងយកព្រឹត្តិការណ៍ប្រពៃណីជាតិនេះទៅផ្សព្វផ្សាយពីផលិតផលខ្មែរដែលកំពុងដាក់តាំងត្រៀបត្រា។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយខេត្តស្វាយរៀង ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ នៅលើបរិវេណសួនវិមានឯករាជ ខេត្តស្វាយរៀង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម-លោកជំទាវ ឧកញ្ញ៉ា លោក-លោកស្រី មន្រ្តីរាជការនៃក្រសួង ស្ថាប័ន មកពីរាធានី-ខេត្ត សិស្ស និសិត្ស ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។
ក្រៅពីការរៀបចំការតាំងពិពរណ៍ផលិតផលខ្មែរ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏មានរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀតដូចជា ៖ ការដង្ហែរក្បួនទូងស្គរផ្សព្វផ្សាយផលិតផលសំខាន់ៗ វេទិកាផ្គូរផ្គងអ្នកទិញ-អ្នកលក់ ការប្រគំតន្រ្ដីនៅតាមដងផ្លូវមាត់ព្រែកកំពង់ចម្លង និងកម្មវិធីកំសាន្តផ្សេងៗទៀត ដែលញុំាងឱ្យទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី ៦ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងអធិកអធមគួរជាទីមោទនៈ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content