បរទរស ៖ បច្ចុប្បន្ន សកលលោកកំពុងរស់នៅក្នុងភាពមិនច្បាស់លាស់គ្រប់ទីកន្លែងទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងជម្លោះរវាងមហាអំណាចនៅលោកខាងលិច ហើយជឿជាក់ថា ពេលវេលាដ៏អាក្រក់នេះនឹងមិនអាចត្រឡប់មករកស្ថានភាពល្អប្រសើរឡើងវិញក្នុងរយៈពេលខ្លីនោះឡើយ។
ទោះបីជាយ៉ាងណាក្តី ពេលវេលាដ៏លំបាកនេះ គ្រប់គ្នាត្រូវរៀនចេះសម្របខ្លួនឲ្យបានលឿន និងតាមកាលៈទេសៈបំផុតដូចដែលយើងឃើញជាក់ស្តែងការផ្លាស់ប្តូរនៃការរស់នៅក្នុងអំឡុងពេលកូវីដ បន្ទាប់មកជីវិតដែលរស់នៅក្នុងការផ្ទុះឡើងនៃទីផ្សារអនឡាញ ហើយចុងក្រោយនេះស្ថានភាពពិភពលោកក៏កំពុងទទួលយកយ៉ាងលឿននូវបច្ចេកវិទ្យាឆ្លាតវ៉ៃ AI ។
តើយើងអាចមើលឃើញពិភពលោកនឹងអាចប្រែប្រួលយ៉ាងណានៅប៉ុន្មានឆ្នាំខាងមុខនេះ?
មានការសិក្សាស្រាវជ្រាវ និងព្យាករណ៍ជាច្រើនពីសំណាក់អង្គភាព និងក្រុមហ៊ុនធំៗនៅលើពិភពលោក ប៉ុន្តែចំពោះអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច OECD វិញ ពួកគេបានបញ្ចប់របាយការណ៍ស្រាវជ្រាវរបស់ខ្លួនទៅដល់ឆ្នាំ២០៥០ខាងមុខ។
រយៈពេល២៥ឆ្នាំខាងមុខនេះមានបម្រែបម្រួលជាច្រើន ទាំងភូមិសាស្ត្រ និងសេដ្ឋកិច្ច ដែលត្រូវបានព្យាករណ៍ដោយ OECD ។ អង្គការអន្តរជាតិនេះមើលឃើញថា ពិភពលោកនឹងអាចមានចំនួនមនុស្សកើនឡើងទៅដល់ ៩ពាន់លាននាក់ធៀបនឹងបច្ចុប្បន្នមានត្រឹមតែ ៨,១ពាន់លាននាក់។ កត្តានេះធ្វើឲ្យមនុស្សជាតិអាចប្រឈមមុខទៅនឹងសំពាធនៃការរស់នៅកាន់តែខ្លាំងក្លា ជាពិសេសចំពោះបញ្ហាធនធានធម្មជាតិដែលចាំបាច់ ក៏ដូចជាសង្វាក់ផលិតកម្មអាហាររបស់សកលលោក។

របាយការណ៍នេះក៏បានបង្ហាញដែរថា សេដ្ឋកិច្ចសកលដែលកំពុងមានវិបត្តិនៅពេលនេះនឹងហក់ឡើងវិញខ្លាំងនៅឆ្នាំ២០៥០។ យ៉ាងណាក៏ដោយ បើទោះជានៅមិនទាន់ប្រាកដចាប់ផ្តើមពីឆ្នាំណាក្តី ប៉ុន្តែជឿជាក់ថា ទំហំសេដ្ឋកិច្ចសកលនៅត្រឹមឆ្នាំ២០៥០នេះនឹងអាចមានកំណើនកើនឡើងដល់ទៅ៤ដង ខណៈដែលបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូងគឺជាក្រុមប្រទេសដែលអាចទទួលបានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតអំឡុងពេល២ទសវត្សរ៍នេះ។
សម្រាប់វិស័យថាមពលវិញ ពិភពលោកនឹងមានកំណើនតម្រូវការដល់ទៅ៨០ភាគរយ ប៉ុន្តែការពឹងផ្អែកទៅលើវិស័យថាមពលចម្រុះនៅតែបន្តដំណើរការនៅក្នុងទីផ្សារដែលក្នុងនោះថាមពលឥន្ធនៈនៅតែអាចកាន់កាប់ចំណែកដល់ទៅ៨៥ភាគរយ ចំណែកឯថាមពលកកើតឡើងវិញមានប្រមាណជា១០ភាគរយ និងនៅសេសសល់គឺជាថាមពលនុយក្លេអ៊ែរ។
ច្បាស់ណាស់ថា បើយើងគិតដល់វិស័យកសិកម្ម OECD បានវិភាគឃើញថា ដីធ្លីសម្រាប់ធ្វើកសិកម្មនឹងមានទំហំកើនឡើងខ្លាំងដើម្បីអាចបំពេញតម្រូវការសង្វាក់ផ្គត់ផ្គង់ចំណីអាហារពិភពលោក ខណៈដែលពលរដ្ឋដល់ទៅ៧០ភាគរយនឹងងាកទៅរស់នៅតាមទីក្រុងទាំងអស់នៅត្រឹមឆ្នាំ២០៥០។
OECD និងរបាយការណ៍ The World in 2050 ចេញដោយដោយ PwC បានអះអាងស្រដៀងគ្នាថា នៅឆ្នាំ២០៥០ខាងមុខនេះ ប្រទេសចិននឹងក្លាយទៅជាមហាអំណាចផុតលេខរបស់ពិភពលោក គិតជា GDP ដែលអាចមានចំណែកទៅដល់២០ភាគរយនៃសេដ្ឋកិច្ចសកលក្នុងគ្រាដែលចិនពេលនេះកំពុងនាំមុខអាមេរិករួចទៅហើយក្នុងនាមជាប្រទេសដែលមានកម្លាំងបញ្ជាទិញ ឬ Purchasing Power Parity (PPP) ហើយលើសពីនេះគឺឥណ្ឌា ដែលនឹងឈរនៅលំដាប់ទី៣របស់ពិភពលោក។
តាមរយៈតួលេខដែលបានបង្ហាញអាចបង្ហាញថា GDP ចិន នឹងអាចមានទំហំដល់ទៅ ៤២,៩៦ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៥០នេះ ហើយចំនួនពលរដ្ឋវិញអាចមានទៅដល់ ១,៣១ពាន់លាននាក់៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content