ភ្នំពេញ ៖ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៤ កន្លងទៅនេះ គ្រឹះស្ថានអង្គររកចំណូលបាន ៣០ ៣៣៤ ២២៩ ដុល្លារអាមេរិកពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរជាមួយនឹងចំនួនទេសចរ ៦៥១៨៥៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈទិន្នន័យរបស់គ្រឹះស្ថានអង្គរនេះបានបញ្ជាក់ថា ចំនួនទេសចរបរទេសកើនឡើង ៣០,៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈចំណូលបានកើនឡើង ៣១,៣៦% ។ ដោយឡែក សម្រាប់តែក្នុងខែសីហា ឆ្នាំ២០២៤ មានទេសចរបរទេសសរុប ៦៧ ៤៨២នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់បានចំនួន ៣ ១៥៦ ៧៩៩ ដុល្លារអាមេរិក។
គ្រឹះស្ថានអង្គរបានឱ្យដឹងផងដែរថា ៖ នៅក្នុងខែសីហា បានលក់បណ្ណនៅប្រាសាទកោះកេរ ដល់ភ្ញៀវទេសចរអន្តរជាតិចំនួន ១៣៥៣នាក់ និងទទួលបានចំណូលចំនួន ២០ ២៩៥ដុល្លារ ។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីការលក់សំបុត្រទូកនៅខែសីហាឆ្នាំ២០២៤ មានចំនួន ៤៣៦៧៩ដុល្លារផងដែរ។
ចំណែកប្រាក់ឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាក្នុងរយៈពេល៨ខែ បានជាង១លានដុល្លារអាមេរិក ខណៈដែលសម្រាប់តែខែសីហាកន្លងទៅនេះ មានចំនួនជាង១៣ម៉ឺនដុល្លារ៕