បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា រុស្ស៊ីបានក្លាយជាអ្នកផលិតជីគីមីធំទី២របស់ពិភពលោក ដែលនេះគឺជាការដកស្រង់សម្តីរបស់ប្រធានសមាគមផលិតជីរបស់រុស្ស៊ី លោក Andrey Guryev នៅក្នុងការប្រជុំជាមួយនឹងប្រធានាធីបតីរុស្ស៊ីលោក Vladimir Putin។

យោងទៅតាមសម្តីរបស់លោក Guryev បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍នេះ ទិន្នផលជីបានកើនឡើងជាង ៤០ ភាគរយ ឬ ៥៥ លាតោន។ ស្របពេលនេះដែរ កម្រិតនៃការផ្គត់ផ្គង់ជីគីមីទៅកាន់ទីផ្សារក្នុងស្រុកបានកើនឡើង ២,៥ ដង ឬ ១៣,២ លានតោន។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបានវ៉ាដាច់សហរដ្ឋអាមេរិក និងឥណ្ឌាក្នុងការផលិត ហើយសព្វថ្ងៃនេះពួកគេគឺជាអ្នកផលិតជីគីមីដ៏ធំទី២នៅលើពិភពលោកបន្ទាប់ពីប្រទេសចិន។ លើសពីនេះផងដែរ រុស្ស៊ីគ្រោងនឹងបង្កើនទិន្នផលដល់ ៧០ លានតោនក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។

លោក Guryev ក៏បានកត់សម្គាល់ផងដែរថា ប្រទេសរុស្ស៊ីគឺជាអ្នកនាំចេញជីគីមីច្រើនជាងគេបំផុតរបស់ពិភពលោកដោយផ្គត់ផ្គង់ប្រហែល ៣៨ លានតោនក្នុងមួយឆ្នាំៗ។ យោងតាមសមាគមជីអន្តរជាតិ បានបង្ហាញថា នៅដើមឆ្នាំ ២០២២ ការនាំចេញរបស់រុស្ស៊ីមានចំណែក ១៥ ភាគរយនៃការនាំចេញជីពិភពលោក បន្ទាប់មកប្រទេសចិន ១៣ ភាគរយ និង កាណាដា ៧ ភាគរយ។ ទោះជាយ៉ាងណាក្តី ការនាំចេញបានធ្លាក់ចុះប្រហែល ១៥ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដោយសារវាបណ្តាលមកពីការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច។ ស្របពេលនោះដែរ បើទោះបីជាផលិតផលកសិកម្មរបស់រុស្ស៊ីមិនត្រូវបានកំណត់ជាគោលដៅដោយផ្ទាល់នៅក្នុងទណ្ឌកម្មក៏ដោយ ប៉ុន្តែការរឹតបន្តឹងនេះបានបណ្តាលឱ្យមានបញ្ហាជាច្រើនសម្រាប់អ្នកនាំចេញរបស់ប្រទេសនេះ ដោយសារការដឹកជញ្ជូនផលិតផលរាប់លានតោនត្រូវបានរារាំងនៅក្នុងកំពង់ផែអឺរ៉ុប។

ការលុបបំបាត់ការរឹតបន្តឹងចំពោះការនាំចេញជីគីមីរបស់រុស្ស៊ីគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅរវាងអង្គការសហប្រជាជាតិ និង តួកគី ដែលបានជួយសម្រួលការនាំចេញទំនិញកសិកម្មរបស់អ៊ុយក្រែន និងរុស្ស៊ី។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តជាច្រើនដងរួចមកហើយ ហើយគ្រោងនឹងផុតកំណត់នៅថ្ងៃទី ១៨ ខែឧសភាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ផ្នែកនៃកិច្ចព្រមព្រៀងដែលសំដៅលើការនាំចេញកសិកម្ម និងជីរបស់ខ្លួនមិនត្រូវបានអនុវត្តទេ ដោយសារវាអាចនឹងផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងប្រសិនបើស្ថានភាពកាន់តែអាក្រក់។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទណ្ឌកម្មដែលបង្កគ្រោះថ្នាក់ដល់ការនាំចេញជីរបស់រុស្ស៊ីបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសមួយចំនួនដែលពឹងផ្អែកលើពួកគេរួចហើយ។ ទណ្ឌកម្មត្រូវបានដាក់ដោយប្រទេសដែលមិនត្រូវការជីរបស់រុស្ស៊ីជាពិសេស ដែលបង្កឲ្យទីផ្សារកំពុងអភិវឌ្ឍរងគ្រោះពីផលប៉ះពាល់នេះ។ ប្រទេសទាំងនោះបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទីផ្សារកំពុងអភិវឌ្ឍន៍នៃទ្វីបអាហ្រ្វិក អាមេរិកឡាទីន អាស៊ីបានរងទុក្ខច្រើនជាងគេ ដោយពួកគេខកខានក្នុងការដាក់ជីនៅក្នុងដីដំណាំ ដែលនាំឱ្យមានការប្រមូលផលធ្លាក់ចុះ ខ្វះខាតស្បៀងអាហារ និងការឡើងថ្លៃតម្លៃអាហារនៅទូទាំងពិភពលោក៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content