បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ការនាំចេញកសិផលរបស់រុស្ស៊ីបានកើនឡើងចាប់តាំងពីឆ្នាំមុន បើទោះបីជាមានទណ្ឌកម្មពាណិជ្ជកម្មពីលោកខាងលិចក៏ដោយ។
កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសក្នុងអំឡុងកិច្ចប្រជុំមួយថា រុស្ស៊ីរីករាយនឹងការប្រមូលផលគ្រាប់ធញ្ញជាតិដ៏ធំបំផុតមិនធ្លាប់មានជិត ១៥៨ លានតោនកាលពីឆ្នាំមុន។ លើសពីនេះ ប្រទេសនេះកំពុងរំពឹងថានឹងនាំចេញគ្រាប់ធញ្ញជាតិរហូតដល់ ៦០ លានតោនត្រឹមខែមិថុនខាងមុននេះ។ លោកប្រធានាធិបតី Putin បានកត់សម្គាល់ថា វាដូចទៅនឹងពេលមុនៗដែរ រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មដ៏សំខាន់មួយនៅក្នុងពិភពលោក ហើយធ្វើខ្លួនជាដៃគូមួយដែលអាចទុកចិត្តបាន។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះក៏មានស្បៀង និងផលិតផលកសិកម្មគ្រប់គ្រាន់សម្រាប់ខ្លួនឯងតាមរយៈការធ្វើកសិកម្ម ហើយមានអតិរេកលើសលប់នៃត្រី សាច់ ប្រេងបន្លែ គ្រាប់ធញ្ញជាតិ និងស្ករដែលអាចនាំចេញទៅក្រៅប្រទេសបាន។ ទោះបីជាមានបញ្ហាជាមួយនឹងពាណិជ្ជកម្មបរទេសក៏ដោយ ប៉ុន្តែការនាំចេញផលិតផលកសិកម្មបានកើនឡើងដល់ ៤១,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។
យោងតាមការប៉ាន់ប្រមាណដោយក្រសួងកសិកម្មរុស្ស៊ីបានបង្ហាញថា រុស្ស៊ីនាំចេញគ្រាប់ធញ្ញជាតិចំនួន ៤០ លានតោនរួចហើយគិតត្រឹមខែមីនាកន្លងទៅនេះ។ កាលពីឆ្នាំមុន ការនាំចេញគ្រាប់ធញ្ញជាតិសរុបមានត្រឹមតែជាង ៣៨ លានតោនប៉ុណ្ណោះ។ លើសពីនេះ ទិន្នន័យពីក្រសួងកសិកម្មបានបង្ហាញថា រុស្ស៊ីបានផ្គត់ផ្គង់កសិផលមានតម្លៃ ៣៧,១ ពាន់លានដុល្លារដល់អតិថិជននៅក្រៅប្រទេសកាលពីឆ្នាំ ២០២១ កន្លងទៅនេះ។ ចាប់តាំងពីឆ្នាំ២០១០ មក ការនាំចេញកសិផលរបស់ប្រទេសទាំងមូលបានកើនឡើងប្រាំដង។ យ៉ាងណាក៏ដោយ បើទោះបីជាទីក្រុងមូស្គូត្រូវបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយលោកខាងលិចជាច្រើនលើកចាប់តាំងពីឆ្នាំមុនមកក៏ដោយ រុស្ស៊ីបានបង្កើតភាពជាដៃគូសេដ្ឋកិច្ចថ្មីៗ និងបានរកឃើញមធ្យោបាយផ្សេងទៀតក្នុងការអនុវត្តពាណិជ្ជកម្មបរទេស រួមទាំងការប្រើប្រាស់រូបិយប័ណ្ណជាតិជំនួសឱ្យប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូផងដែរ៕