ក្រចេះ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាទៅកាន់អភិបាលខេត្ត ក៏ដូចជាអាជ្ញាធរខេត្តដែលពាក់ព័ន្ធនឹងការថែរក្សាសត្វផ្សោតឱ្យបានគង់វង្សដោយមិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្មតែមួយនោះទេ។ ការប្រកាសរបស់សម្ដេចនេះត្រូវបានធ្វើឡើងនាឱកាសពីធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។
គួររំលឹកថា ការបាត់បង់សត្វផ្ដោតចំនួន ៣ក្បាលត្រឹមតែមួយសប្ដាហ៍កាលពីពេលកន្លងទៅថ្មីៗនេះគឺជារឿងដ៏គួរឱ្យសោកស្ដាយ ខណៈដែលកម្ពុជាមានផ្សោតទឹកសាបត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ។ សាកសពផ្សោតទាំង ៣ក្បាលសុទ្ធតែស្ថិតក្នុងទម្រង់ដូចគ្នា ពោលគឺអណ្ដែតនៅលើផ្ទៃទឹក ដោយមានស្នាម សន្ទូច និងខ្សែរុំជាប់ពេញខ្លួន ខ្លះក៏មានខ្សែរុំជាប់នឹងកន្ទុយដែលបង្អាក់ល្បឿនក្នុងការហែលទឹក និងចាប់ចំណី។ ឆ្លើយតបនឹងស្ថានការណ៍នេះ សម្ដេចតេជោបានដាក់បញ្ជាទៅកាន់អភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ឱ្យគិតគូររកដំណោះស្រាយជាបន្ទាន់ ដោយសម្ដេចបានសង្កត់ធ្ងន់ថា តំបន់ផ្សោតរស់នៅ ត្រូវតែជាតំបន់អភិរក្សពេញទី ដោយគ្មានការលើកលែងឡើយ។
សម្ដេចបានបន្តមានប្រសាសន៍ដែរថា ៖
“ថ្វីបើរឿងនេះស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម ប៉ុន្តែអ្នកដែលស្ថិតនៅផ្ទាល់គឺអាជ្ញាធរខេត្ត ដូច្នេះ សម្ដេចសុំឱ្យភាគីទាំងពីរសហកាធ្វើការរួមគ្នា ដោយមិនចាត់ទុកថាជាបន្ទុកផ្ដាច់មុខរបស់ភាគីតែម្ខាងនោះទេ”
សម្ដេចបន្តថា ៖
“ត្រូវរៀបចំតាមអ្នកបច្ចេកទេស ត្រូវមានតំបន់ស្នូលអចិន្ត្រៃយ៍ តំបន់នេះត្រូវតែមានគំនូស ដើម្បីឱ្យប្រជាជនបានដឹង…ត្រូវទម្លាក់ពោង ដាក់យុថ្កា នៅកន្លែងហ្នឹងអត់មានឱ្យចូល អត់មានឱ្យនេសាទអីតែម្ដង។ ម្យ៉ាងទៀត តំបន់ផ្សេងគឺអាចឱ្យចូលបាន ប៉ុន្តែតំបន់ស្នូលអចិន្ត្រៃយ៍នេះគឺហាមការដាក់រាយមងដាច់ខាតតែម្ដង ដែលវានាំទៅដល់ការផុតពូជ”
បន្ថែមពីនេះ មិនត្រឹមតែគិតគូរពីការថែរក្សាសត្វផ្សោតនោះទេ សម្ដេចក៏បានលើកឡើងផងដែរអំពីការឈានទៅធ្វើឱ្យកន្លែងមើលសត្វផ្សោតក្លាយជាកន្លែងទេសចរណ៍ដ៏សម្បូរបែប ដែលការធ្វើបែបនេះគឺប្រជាជនក្នុងតំបន់អាចទទួលបានចំណូលបន្ថែមជាជាងការបើកឱ្យអ្នកនេសាទចូលទៅបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលវាអាចជាប្រយោជន៍ដល់មនុស្សតែពីរបីនាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ដែរថា សត្វផ្សោតដែលបានបាត់បង់ជីវិតចំនួន៣ក្បាលកាលពីពេលថ្មីៗនេះ គឺជាផ្សោតទឹកសាបដែលមានសុខភាពល្អ និងជាផ្សោតពេញវ័យដែលមានអាយុចន្លោះពី ៧ ទៅ២០ឆ្នាំ ដោយមានផ្សោតញីចំនួន២ក្បាល និងឈ្មោល១ក្បាល។ បូករួមទាំងតួលេខនៃការបាត់បង់ផ្សោតចំនួន១១ក្បាលក្នុងឆ្នាំ២០២២ បានរុញឱ្យការបាត់បង់ផ្សោតនារយៈពេល៣ឆ្នាំចុងក្រោយកើនឡើងដល់ ២៩ក្បាលហើយ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content