ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីសារៈសំខាន់នៃវត្តមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងនាមជាខ្សែតភ្ជាប់ពីមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំប្រទេសឆ្ពោះទៅកាន់តំបន់សេដ្ឋកិច្ចពិសេស និងជាមជ្ឈមណ្ឌលពហុបំណងខេត្តព្រះសីហនុ សម្រាប់ការនាំចេញផលិតផល ទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿននេះ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ និងធ្វើឱ្យប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយមិត្តចិន ដើម្បីធ្វើផែនការមេសម្រាប់ខេត្តព្រះសីហនុទាំងមូល ដើម្បីប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស ហើយផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុទាំងមូល ស្របតាមសុភាសិតចិនលើកឡើងថា «ចង់មានបានត្រូវសង់ផ្លូវ» ខណៈដែលសុភាសិតខ្មែរថា «មានផ្លូវ មានក្តីសង្ឃឹម» និងស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់អាទិភាព៤យ៉ាង ដើម្បីកសាងប្រទេសជាតិឱ្យមានការរីកចម្រើនរួមមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។
ទាក់ទងនឹងគុណភាពផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមការងារបច្ចេកទេសរបស់ក្រសួង បានពិនិត្យឃើញថាផ្លូវនេះមានគុណភាពល្អ ទាំងការរៀបចំកសាង និងការរៀបចំសុវត្ថិភាព ។ ការសាងសង់ផ្លូវល្បឿនលឿននេះបានបង្កើតការងារធ្វើជូនបុគ្គលិក កម្មករកម្មការិនីប្រមាណជាង ៣០០០នាក់ ដោយក្នុងនោះប្រមាណ ៧៨% ជាកម្មករកម្ពុជា។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអំពាវនាវទុកជាមុនសុំឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដើម្បីធានាសុវត្ថិភាព ចំណាយតិច ចំណេញពេលវេលា និងបានស្នើឱ្យក្រុមហ៊ុនសាងសង់អនុញ្ញាតរយៈពេលមួយខែឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយមិនបាច់បង់ថ្លៃ និងមានឱកាសសាកល្បងប្រើប្រាស់ផ្លូវនេះ និងបានអំពាវនាវសុំឱ្យពលរដ្ឋចិនមកលេងកម្ពុជា ដើម្បីស្វែងយល់ពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ទាក់ទងនឹងជំនួយរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ចំពោះជំនួយជាប្រាក់កម្ចីសម្បទាន ការប្រាក់ទាបរបស់មិត្តចិន ដែលអនុញ្ញាតឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនខ្វាត់ខ្វែងគ្រប់ទីកន្លែងទាំងអស់ ដើម្បីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋធូរធារ និងល្អជាងមុន សេដ្ឋកិច្ចជាតិមានការរីកចម្រើន អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូននូវគម្រោងដ៏ធំមួយទៀតគឺគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ ដែលជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា មិត្តចិននឹងនៅបន្តផ្ដល់ជំនួយឥតសំណង ក៏ដូចជាប្រាក់កម្ចីការប្រាក់ទាប ដើម្បីអនុវត្តគម្រោងកសាងផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាមួយគ្នា និងគម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹក ទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់បន្ថយពេលវេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nvidia ដើរដល់ជំហ៊ានគ្រោះថ្នាក់រវាងនិយ័តករអាមេរិក និងការថែររក្សាទីផ្សារចិនតម្លៃរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/04/2025
ការសម្រេចចិត្តដំឡើងពន្ធដ៏ធ្ងន់ធ្ងរជាមួយមហាយក្សចិន និងគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនកំពុងធ្វើឲ្យមានការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការជួញដូរនៃក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបដ៏ល្បីរបស់អាមេរិក Nvidia
សម្តេចតេជោ៖ កម្មវិធីចាក់ផ្សាយ«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»នឹងបង្កើតជាស្ពានថ្មីមួយទៀតជំរុញទំនាក់ទំនង កម្ពុជា-ចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/04/2025
កម្មវិធីចាក់ផ្សាយ«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»នឹងបង្កើតជាស្ពានថ្មីមួយទៀតពង្រឹងការយល់ដឹង បង្កើនទំនុកចិត្ត និងទំនាក់ទំនងរវាង កម្ពុជា-ចិន