ភ្នំពេញ ៖ វិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងទៅនេះ បានធ្វើឱ្យការវិនិយោគពីបរទេសនៅកម្ពុជាមានការថមថយ ហើយរំហូរវិនិយោគិនបរទេសចូលមកកម្ពុជាក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ដែរ។ ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាលបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញបានធ្វើឱ្យវិនិយោគិនបរទេសចាប់ផ្ដើមចូមមកវិញជាបន្តបន្ទាប់ តែក្នុងបរិមាណតិចតួចនៅឡើយ។ យ៉ាងណាក៏ដោយ សម្រាប់កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចស្វាគមន៍វិនិយោគិនបរទេសចូលមកម្ពុជា ជាពិសេសនៅដើមឆ្នាំក្រោយនេះ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះថា ក្នុងឆ្នាំ២០២២នេះថ្វីត្បិតតែស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងក៏ពិតមែន តែស្ថានភាពនៅបណ្ដាប្រទេសជាប្រភពវិនិយោគិននៅកម្ពុជាមិនទាន់បានប្រសើរនៅឡើយទេ ដូច្នេះហើយទើបឃើញថាវិនិយោគិនបរទេសចូលមកកម្ពុជាមិនទាន់ច្រើននៅឡើយ។
លោកបន្តថា ៖
“សកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ភាគច្រើនគឺជាវិនិយោគិនក្នុងស្រុក ហើយបើទោះបីជាវិនិយោគិនបរទេសមិនទាន់ចូលមកកម្ពុជាឡើងវិញក៏ពិតតែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ពួកគេពេលត្រលប់មកវិញ។ ឆ្នាំ២០២២នេះ អ្នកវិនិយោគបរទេសមិនទាន់ចូលច្រើនទេ ដោយសារតែប្រទេសមួយចំនួនមិនទាន់បិទបញ្ចប់នូវស្ថានការណ៍កូវីដ-១៩ ដូច្នេះនៅឆ្នាំ២០២៣ខាងមុខនេះនឹងមានការទាក់ទាញអ្នកវិនិយោគមកបណ្ដើរៗឡើងវិញ”
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា វិនិយោគិនមកពីបណ្ដាប្រទេសមួយចំនួនដែលធ្លាប់ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាលពីមុនកូវីដ-១៩ នឹងចូលមកវិញនៅពេលឆាប់ៗនេះ ហើយកម្ពុជាក៏បានត្រៀមខ្លួនបណ្ដើរៗសម្រាប់ស្វាគមន៍ពួកគេ។
អ្នកស្រីបន្តថា កម្ពុជាមានផ្លូវល្បឿនលឿនដំបូងគេ ពីភ្នំពេញទៅក្រុងព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន និងលើកកម្ពស់ផ្លូវចាស់ៗឡើងវិញ ដូច្នេះវិនិយោគិនកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាទាក់ទាញឱ្យមានការវិនិយោគបន្ថែមទៀតនៅតាមបណ្ដាខេត្ត។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងជំនួបជាមួយវិនិយោគិនបរទេសនៅឯនាយសមុទ្រកាលពីខែមុននេះ ក៏បានលើកឡើងពីកាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជាដល់បណ្ដាវិនិយោគិនបរទេសដើម្បីឱ្យពួកគេបានយល់ដឹង និងមកសិក្សាឱកាសវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ សម្ដេចក៏បានលើកឡើងពីការប្រើប្រាស់រូបិយវត្ថុដុល្លារក្នុងការបើកប្រាក់ខែបុគ្គលិកកម្មករ ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា និងសក្ដានុពជាច្រើនទៀតផងដែរ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ