វិស័យហិរញ្ញវត្ថុនៅកម្ពុជានឹងបន្តរក្សាបានស្ថិរភាព និងចូលរួមគាំទ្រកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២នេះ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានអះអាងថា វិស័យហិរញ្ញវត្ថុនឹងបន្តរក្សាបានស្ថិរភាព និងការចូលរួមគាំទ្រកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២នេះ ស្របពេលសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានអត្រាកំណើន ៤,៨ ភាគរយ ដោយសារតែបច្ច័យវិជ្ជមានពីការកំណើនវិស័យកាត់ដេរ សំណង់ កសិកម្ម និងហិរញ្ញវត្ថុជាដើម។

មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ មានកំណើន ៤,៩ ភាគរយ ដែលក្នុងនោះកំណើនសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍មាន ៤,៥ ភាគរយ ប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍មាន ៥,១ ភាគរយ និងអាស៊ានមាន ៥,៨ ភាគរយ។

ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងការបើកសេដ្ឋកិច្ចនិងប្រទេសឡើងវិញនឹងគាំទ្រវិស័យចម្បងៗនៃសេដ្ឋកិច្ចកម្ពុជា។ វិស័យកាត់ដេរដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជា រំពឹងថាមានកំណើន ៦,៨% ដែលគាំទ្រជាចម្បងដោយភាពប្រសើរឡើងនៃតម្រូវការខាងក គួបផ្សំនឹងវិធានការគាំទ្ររបស់រដ្ឋាភិបាល។ វិស័យសំណង់រំពឹងថាមានកំណើន ៥% ដោយសារការរំពឹងទុកនៃកំណើនលំហូរទុនវិនិយោគបរទេសនិងតម្រូវការក្នុងស្រុកដែលផ្ដោតលើទីផ្សារអចលនទ្រព្យដែលមានតម្លៃសមរម្យ។

វិស័យកសិកម្មរំពឹងមានវឌ្ឍនភាពល្អជាមួយនឹងអត្រាកំណើន ១,១ ភាគរយ ដោយសារគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទៅកាន់វិស័យកសិ-ឧស្សាហកម្មនិងភាពអំណោយផលនៃកត្តាអាកាសធាតុ។ វិស័យទេសចរណ៍រំពឹងថាកើនឡើង ដោយសារគោលនយោបាយគាំទ្រវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល និងអាចមានកំណើនយឺតត្រឹម ១,៥ ភាគរយ ដែលបណ្តាលមកពីការហូរចូលយឺតនភ្ញៀវទេសចរអន្តរជាតិ។

នៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យធនាគារនឹងបន្តរក្សាបានស្ថិរភាព និងការចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន បរិយាបន្នហិរញ្ញវត្ថុ និងជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែល រងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដូចជាការរៀបចំឥណទានឡើងវិញជាដើម។ ជាមួយនឹងបច្ច័យវិជ្ជមានទាំងនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងមានអត្រាកំណើន ៤,៨ ភាគរយនាឆ្នាំ២០២២នេះ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ជោគជ័យនៃការចាក់វ៉ាក់សាំង ការគ្រប់គ្រងបានលើការឆ្លងរាលដាល និងការអនុវត្តគោលនយោបាយ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលបានផ្ដល់កាលានុវត្តភាពឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងដោយភាពជឿជាក់នាឆ្នាំ២០២២ ខាងមុខ។ វិស័យសេដ្ឋកិច្ចចម្បងៗ ត្រូវបានរំពឹងថានឹងកើនឡើង បើទោះបីជាវិស័យទេសចរណ៍នៅទាមទារពេលវេលា ដើម្បីអាចត្រឡប់មករកកំណើនដូចមុនវិបត្តិក៏ដោយ។

ឯកឧត្តមទេសាភិបាលបាថ្លែងបន្តថា ស្ថិរភាពថ្លៃ និងអត្រាប្ដូរប្រាក់រំពឹងថានឹងរក្សាបានជាមួយភាពរឹងមាំនៃប្រព័ន្ធធនាគារ ដែលនឹងផ្តល់សហថាមភាពដល់កំណើនសេដ្ឋកិច្ច ប្រកបដោយនវានុវត្តន៍ បរិយាបន្ន និងចីរភាព។ ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនឹងហានិភ័យមួយចំនួនផងដែរ ជាពិសេសប្រសិនបើមានរលកនៃជំងឺកូវីដ-១៩ ជាមួយនឹងមេរោគបំប្លែងថ្មី ការធ្វើប្រក្រតីកម្មលឿនជាងការរំពឹងទុកនៃនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ដែលបង្កភាពមិនច្បាស់លាស់ក្នុងទីផ្សារហិរញ្ញវត្ថុ ឧក្រិដ្ឋកម្មសាយប័រ (Cybercrime) និងការប្រែប្រួលអាកាសធាតុ។

នៅចំពោះមុខសុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ចពិភពលោក និងកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយស្ដារ កែទម្រង់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ឯកឧត្តម ជា ចាន់តូ បានថ្លែងដូច្នេះថា ៖

“ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តវិធានការគាំទ្រដល់កំណើន និងបានរៀបចំយុទ្ធសាស្ត្រចាកចេញពីវិបត្តិ (Exit Strategy) ដែលនឹងត្រូវធ្វើឡើងតាមដំណាក់កាល ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់និងស្របតាម ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។ ដើម្បីរក្សាភាពធន់នៃប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុក៏ត្រូវបន្តពង្រឹងផែនការនិរន្តរភាពអាជីវកម្ម (Business Continuity Plan) និងផែនការអនុវត្ត ជាយថាហេតុ (Contingency Plan) ជាមួយនឹងការធ្វើស្តសតស្តលើភាពរឹងមាំជាប្រចាំ”

ម៉្យាងទៀត ការបំពេញកាតព្វកិច្ចរួមចំណែកអនុវត្តវិធានការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ត្រូវបន្តលើកកម្ពស់ជាប្រចាំ ស្របតាមច្បាប់ បទប្បញ្ញត្តិ និងការណែនាំរបស់អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានថ្លែងបន្តថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ក្នុងបរិការណ៍ដុល្លារូបនីយកម្មខ្ពស់ ធនាគារជាតិនៃកម្ពុជាគាំទ្រនិងត្រៀមខ្លួនរួមចំណែកក្នុងដំណើរការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល និងដាក់ចេញនូវវិធានការគាំទ្រការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត ស្របតាមយន្តការទីផ្សារ។ ទន្ទឹមនេះ ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ សាធារណជន និងកិច្ចការពារអតិថិជននឹងត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ សំដៅអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយចីរភាពនិងបរិយាបន្ន។


ឯកឧត្តមទេសាភិបាលបានឱ្យដឹងទៀតថា នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ការពង្រឹងសមាហរណកម្ម បរិយាបន្ន និងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ នឹងដើរតួនាទីកាន់តែសកម្មក្នុងការរក្សាភាពធន់នៃស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតឱ្យប្រព្រឹត្តទៅដោយជោគជ័យ ដោយបានដាក់ទិសដៅអាទិភាពក្នុងការពង្រឹងភាពធន់ ឌីជីថលូបនីយកម្ម បរិយាបន្ន និងហិរញ្ញប្បទានប្រកបដោយចីរភាព។

គួររំលេចផងដែរ គិតត្រឹមបំណាច់ឆ្នាំ ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៤ ធនាគារឯកទេស ១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៧៩ គ្រឹះស្ថានឥណទានជនបទ ២៣៤ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ២៨ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៤៤៧។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៦ ភាគរយ (ដល់ ២៧៨,៦ ទ្រីលានរៀល ស្មើនឹង ៦៨,២ ប៊ី លានដុល្លារអាមេរិក(ពាន់លានដុល្លារ)) ក្នុងនោះឥណទានអតិថិជនកើន ២១,២ ភាគរយ (ដល់ ១៨៦,៤ ទ្រីលានរៀល ស្មើនឹង ៤៥,៧ ប៊ីលានដុល្លារអាមេរិក)។ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៥,៤ ភាគរយ (ដល់ ១៥៧,១ ទីលានរៀល ស្មើនឹង ៣៨,៥ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៨ ភាគរយ (ដល់ ៣១,២ ទ្រីលានរៀល ស្មើនឹង ៧,៦ ប៊ីលានដុល្លារអាមេរិក)។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ១២,១ លានគណនី និងគណនីឥណទានអតិថិជនដល់ ៣,៣ លានគណនី។ ទីស្នាក់ការកណ្តាលនិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានចំនួន ២ ៦០០ ទីតាំង និងមានម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៣ ៥១២។ លើសពីនេះ ដើម្បីរួមចំណែកជួយសម្រាលបន្ទុក ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន ៣៧០ ៧៨៥ គណនី ស្មើនឹង ២២,៤ ទីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា