ភ្នំពេញ ៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនាគត។ AIIB បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមករាឆ្នាំ២០១៦ ហើយបច្ចុប្បន្ននេះមានសមាជិកផ្លូវការចំនួន ១០៤ ប្រទេស នៅទូទាំងពិភពលោក។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន។ AIIB ចាប់ផ្តើមជាមួយទុនចំនួន ១០០ ពាន់លានដុល្លារអាមេរិក និងត្រូវបានវាយតម្លៃ Triple-A ដោយទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិធំៗ។ ដោយធ្វើការជាមួយដៃគូ AIIB បំពេញតាមតម្រូវការរបស់អតិថិជនដោយផ្តល់ជាដើមទុន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង បច្ចេកវិទ្យា និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។

មេដឹកនាំប្រទេសចិន លោកប្រធានាធិបតេយ្យ Xi Jinping បានស្នើជាលើកដំបូងនូវការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅក្នុងកិច្ចប្រជុំកំពូល APEC នៅកោះបាលីក្នុងឆ្នាំ២០១៣។ មានអ្នកសង្កេតការណ៍ជាច្រើនបានបកស្រាយថា ធនាគារនេះជាការប្រជែងនឹងស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិធំៗមួយចំនួនដែលស្ថិតនៅក្រោមផលប្រយោជន៍គោលនយោបាយការបរទេសរបស់អាមេរិក ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ជាដើម។

ប្រទេសចិនគ្រប់គ្រងពាក់កណ្តាលនៃភាគហ៊ុនបោះឆ្នោតរបស់ AIIB ដែលបញ្ជាក់ថា AIIB នឹងដំណើរការដើម្បីផលប្រយោជន៍របស់រដ្ឋាភិបាលចិន។ សហរដ្ឋអាមេរិកបានរិះគន់អំពីស្តង់ដារគ្រប់គ្រងរបស់ធនាគារ ការការពារសង្គម និងបរិស្ថាន ដែលប្រហែលជាមានបំណងដាក់សម្ពាធដល់សម្ព័ន្ធមិត្តមិនឱ្យដាក់ពាក្យសុំចូលជាសមាជិក។ នេះបើយោងតាមគេហទំព័រ Investopedia ។ យ៉ាងណាក៏ដោយ បើទោះបីជាមានការជំទាស់របស់អាមេរិកក៏ដោយ ប្រមាណជាពាក់កណ្តាលនៃប្រទេសសមាជិកអង្គការណាតូបានចុះហត្ថលេខាចូលជាសមាជិក AIIB ក៏ដូចជាប្រទេសអាស៊ីធំៗស្ទើរតែទាំងអស់ លើកលែងតែប្រទេសជប៉ុន។
ធនាគារនេះត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាលដែលមានអភិបាលមួយរូប និងអភិបាលស្ដីទីមួយរូប ដែលត្រូវបានតែងតាំងដោយប្រទេសសមាជិកនីមួយៗក្នុងចំណោមប្រទេសសមាជិកទាំងអស់ ។ បុគ្គលិកធនាគារត្រូវបានដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសដោយភាគទុនិករបស់ AIIB សម្រាប់អាណត្តិ៥ ឆ្នាំ ហើយមានសិទ្ធិឈរឈ្មោះបោះឆ្នោតឡើងវិញម្តង។ នៅក្រោមប្រធានមាន អ្នកគ្រប់គ្រងជាន់ខ្ពស់ រួមទាំងអនុប្រធានប្រាំនាក់សម្រាប់កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រ ប្រតិបត្តិការវិនិយោគ ហិរញ្ញវត្ថុ រដ្ឋបាល លេខាធិការដ្ឋានសាជីវកម្ម ទីប្រឹក្សាទូទៅ និងប្រធានផ្នែកគ្រប់គ្រងហានិភ័យ។
អាទិភាពរបស់ធនាគារនេះគឺលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងដើម្បីគាំទ្រដល់ប្រទេសដែលកំពុងខិតខំបំពេញតាមគោលដៅបរិស្ថាន និងការអភិវឌ្ឍន៍។ ធនាគារផ្តល់មូលនិធិដល់គម្រោងតភ្ជាប់ប្រទេសក្នុងតំបន់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែនសម្រាប់ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ បំពង់បង្ហូរថាមពល និងទូរគមនាគមន៍ឆ្លងកាត់អាស៊ីកណ្តាល ផ្លូវសមុទ្រនៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ា។ អាទិភាពរបស់ធនាគារក៏រួមបញ្ចូលផងដែរនូវការកៀរគរមូលធនឯកជន និងការលើកទឹកចិត្តដល់ភាពជាដៃគូដែលជំរុញការវិនិយោគទុនឯកជន ដូចជា ធនាគារអភិវឌ្ឍន៍ពហុភាគី រដ្ឋាភិបាល និងអ្នកផ្តល់ហិរញ្ញប្បទានឯកជន។ គូសបញ្ជាក់ថាប្រទេសកម្ពុជាបានចូលជាសមាជិកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content