ភ្នំពេញ ៖ តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្តធ្លាក់ចុះបន្ថែមទៀតនៅដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង តំបន់ដែលធ្លាប់តែមានតម្លៃខ្ពស់លើស ១ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ បានធ្លាក់មកនៅក្រោម ១ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ ។ នេះបើតាមតារាងតម្លៃដីតាមបណ្ដាខណ្ឌរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) ។
យោងតាមការវាយតម្លៃរបស់សមាគមបានបង្ហាញឱ្យឃើញថា ខណ្ឌដូចពេញ នៅតែចាតំបន់ដែលមានតម្លៃខ្ពស់ជាងគេក្នុងចំណោមបណ្ដាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដោយទីតាំងដីខ្លះក្នុងខណ្ឌដូនពេញអាចមានតម្លៃរហូតដល់១ម៉ឺនដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ ជាក់ស្ដែងតំបន់ក្នុងសង្កាត់ចំនួន៣ គឺផ្សារថ្មីទី១ ទី២ និងទី៣ អាចមានតម្លៃដល់ ១០ ៤០០ដុល្លារអាម៉េរិកក្នុងមួយម៉ែតការ៉េ ហើយផ្សារកណ្ដាលក៏មានតម្លៃខ្ពស់រហូតដល់ ៩ ៦០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។
យ៉ាងណាក៏ដោយ ទោះបីជាតំបន់ទាំងនេះមានតម្លៃខ្ពស់ជាងគេនាពេលបច្ចុប្បន្ន ប៉ុន្តែបើប្រៀបធៀបនឹងដើមឆ្នាំ២០២៥កន្លងទៅ ហាងឆេងដីមានការថយចុះបន្តិច តួយ៉ាងកាលពីដើមឆ្នាំ២០២៥ តម្លៃនៅខណ្ឌដូនពេញ ១ម៉ឺន ១ពាន់ដុល្លារអាម៉េរិកក្នុងមួយការ៉េ គឺតំបន់ផ្សារថ្មីទី១ ទី២ និងទី៣ ខណៈតំបន់ផ្សារកណ្ដាលកាលដើមឆ្នាំ២០២៥ អាចមានតម្លៃ ១០ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

ដោយឡែក ដីនៅតាមតំបន់សំខាន់ផ្សេងក្នុងរាជធានីភ្នំពេញ ដូចជា បឹងកេងកង ក៏មានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងដើមឆ្នាំ២០២៥។ កាលដើមឆ្នាំ២០២៥ ដីនៅក្នុងសង្កាត់បឹងកេងកងទី១ អាចមានតម្លៃខ្ពស់បំផុត ៨ ៣០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ចុងឆ្នាំ២០២៥កន្លងទៅ បានធ្លាក់មកនៅត្រឹម ៧ ៨០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ។
លោកឌឹត ចណ្ណ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី បានមានប្រសាសន៍ថា អ្នកស្វែងរកទិញដីធ្លី បច្ចុប្បន្នសម្លឹងមើលតែដីណាដែលមានតម្លៃក្រោមទីផ្សារ ឬដីដែលត្រូវការលក់បន្ទាន់ ចំពោះដីធ្លីដែលដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែលនឹងហាងឆេងទីផ្សារគឺមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ ។ អ្នកទិញដីដើម្បីអភិវឌ្ឍ ឬក៏វិនិយោគ ភាគច្រើនរកទីតាំងដែលមានសក្ដានុពលខ្ពស់ ហើយតំបន់កណ្ដាលក្រុងការដោះដូរដីសម្រាប់អភិវឌ្ឍ មានន័យថា ទិញហើយសាងសង់អគារខ្ពស់ៗ ចំណែកអ្នកទិញដីនៅជាយៗក្រុងវិញ គេអាចទិញដើម្បីទុកលក់ចំណេញនៅពេលសេដ្ឋកិច្ចងើបឡើងវិញ ឬមានតម្រូវការដីធ្លីខ្ពស់ឡើងវិញ ។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៥ មិនមែនជាទីផ្សារក្រឡាប់ ឬក៏ធ្លាក់ដល់បាតនោះទេ ហើយក៏មិនមែនជាទីផ្សារដែលរីកចម្រើនដែរ ដោយអាចសន្និដ្ឋានបានថាជាឆ្នាំដែលទីផ្សារមានការផ្លាស់ប្តូរ ។
អ្នកស្រីបន្តថា អ្នកវិនិយោគបានរក្សាលំហូរសាច់ប្រាក់របស់ខ្លួន ដោយមិនចំណាយសាច់ប្រាក់ដើម្បីទិញអចលនទ្រព្យដើម្បីប្រើប្រាស់ ដោយងាកមកជួលអចលនទ្រព្យដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ខណៈពេលស្ថានភាពសេដ្ឋកិច្ចទាំងខាងក្នុង និងខាងក្រៅនៅតែបន្តរងផលប៉ះពាល់ ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content