ធនាគារជាតិនៃកម្ពុជា ៖ ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានស្ថិរភាពយ៉ាងរឹងមាំ

ភ្នំពេញ ៖ បើទោះបីជាបណ្តាប្រទេសមួយចំនួនមានការដួលរលំគ្រឹះស្ថានធនាគារ ដូចជានៅសហរដ្ឋអាមេរិក និងស្វីស ដែលបានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថិរភាពហិរញ្ញវត្ថុសកល ខណៈដែលធនាគារកណ្តាលមួយចំនួនដំឡើងអត្រាការប្រាក់ក៏ដោយ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានស្ថិរភាពយ៉ាងរឹងមាំ ហើយអត្រាការប្រាក់ឥណទានក៏រក្សាបានស្ថិរភាពល្អ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធធនាគារកម្ពុជាបន្តមានស្ថិរភាពយ៉ាងរឹងមាំក្នុងស្ថានភាពដែលនៅបណ្តាប្រទេសមួយចំនួនមានការដួលរលំគ្រឹះស្ថានធនាគារ។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទាននៅកម្ពុជាក៏រក្សាបានស្ថិរភាពល្អ បើទោះជាបានកើនឡើងបន្តិចបន្តួចចំពោះគ្រឹះស្ថានមួយចំនួន បើធៀបនឹងការកើនឡើងនៅបណ្តាប្រទេសផ្សេងៗ ដោយសារការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលក្នុងប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖

“ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែកក្នុងការគោរពតាមបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា និងបន្តខិតខំរក្សាស្ថិរភាពអត្រាការប្រាក់ឥណទាន”។

លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា នៅក្នុងស្ថានភាពដែលការរៀបចំឥណទានឡើងវិញ ត្រូវបានបញ្ចប់ក្រោយវិបត្តិកូវីដ-១៩ ហើយសេដ្ឋកិច្ចជាតិ ក៏ដូចជាក្នុងតំបន់ និងពិភពលោក បានប្រឈមនឹងភាពមិនច្បាស់លាស់ ជាមួយនឹងការកើនឡើងអត្រាការប្រាក់កម្ចីក្រៅប្រទេស កំណើនឥណទានបានថយចុះមកត្រឹម ៤,៨% ដែលជាអត្រាទាបបំផុតក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។ ទោះយ៉ាងណា កំណើនឥណទាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញវិស័យផលិតកម្ម ដូចជា វិស័យកម្មន្តសាល និងកសិកម្ម ដែលនៅតែមានកំណើន ២ខ្ទង់។

ទន្ទឹមនេះ ឥណទានមិនដំណើរការ ក៏បានបន្តកើនឡើងផងដែរ ដែលតម្រូវឱ្យមានការយកចិត្តដាក់ខ្ពស់លើការត្រួតពិនិត្យធនាគារ ការធ្វើ Stress Test ជាប់ជាប្រចាំ ការតាមដានវាយតម្លៃឱ្យបានស៊ីជម្រៅលើហានិភ័យប្រទាក់ក្រឡា ក៏ដូចជាទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ៖

«ប្រឈមនឹងបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជាបានកែសម្រួលការវាយតម្លៃហានិភ័យឥណទាន ដោយបន្ទាបហានិភ័យក្នុងការផ្តល់ឥណទានទៅកាន់វិស័យអាទិភាព ដូចជា កសិកម្ម អប់រំ និងសហគ្រាសធុនតូច និងមធ្យម ជាដើម។ ទន្ទឹមនេះ បទប្បញ្ញាត្តិប្រុងប្រយ័ត្នមួយចំនួន ត្រូវបានអនុគ្រោះ ដើម្បីផ្តល់សន្ទនីយភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាន់តែច្រើន ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាពង្រឹងកិច្ចការពារហានិភ័យនានា ដូចជា ការបន្តអនុវត្តទ្រនាប់ដើមទុនខនស៊ើវេសិនត្រឹម ១,២៥% ការបន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច ជារូបិយប័ណ្ណមក ៧% និងការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប»។

ដោយឡែក ធនាគារជាតិនៃកម្ពុជា ក៏បានបន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅទូទាំងប្រទេស ក្នុងរូបភាពផ្សេងៗ ដូចជាការផ្សព្វផ្សាយក្នុងវេទិកា និងយុទ្ធនាការនានា ក៏ដូចជាកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធដែលរួមមាន ក្រសួងអប់រំយុវជន និងកីឡាលើការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងកិច្ចសហការជាមួយក្រសួងកិច្ចការនារីលើការលើកកម្ពស់ហិរញ្ញប្បទានស្ត្រី និងសហគ្រិនស្ត្រី។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានចាប់ឱកាសអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ជាលំដាប់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ដោយបានដោះស្រាយឧបសគ្គក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។ ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការដោះដូរទំនិញនិងសេវា បរិយាបន្នហិរញ្ញវត្ថុ និងការលើកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលគាំទ្រដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ការតភា្ជប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ក៏ត្រូវបានពង្រឹង និងពង្រីក ដែលបានចូលរួមលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ដូច្នេះថា ៖

“បច្ចុប្បន្ន យើងបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ហើយក្នុងឆ្នាំនេះ យើងនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌ និងចិន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់។ ការតភ្ជាប់នេះនឹងបើកលទ្ធភាពឱ្យប្រជាជនកម្ពុជា អាចទូទាត់តាមប្រព័ន្ធឃ្យូអរកូត ចេញពីគណនីប្រាក់រៀលរបស់ខ្លួន នៅតាមបណ្តាហាងទំនិញរាប់លានកន្លែង ហើយក៏ផ្ដល់លទ្ធភាពឱ្យប្រជាជននៅក្នុងប្រទេស និងបណ្តាញដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ អាចទូទាត់នៅកម្ពុជាបានដោយងាយស្រួល”។

នៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិវិញ ក្រោយពីបានបំពេញតួនាទីជាប្រធានអាស៊ានសម្រាប់វិស័យធនាគារក្នុងឆ្នាំ២០២២ ដោយជោគជ័យ ធនាគារជាតិនៃកម្ពុជាបានបន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសមាហរណកម្ម និងស្ថិរភាពហិរញ្ញវត្ថុតំបន់ ជាពិសេសនៅក្នុងបរិការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការកើនឡើងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាខ្ពស់។

ម៉្យាងទៀត ធនាគារជាតិនៃកម្ពុជាបានចូលរួមក្នុងការផ្តួចផ្តើមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា និងសហការជាមួយអង្គការ ស្ថាប័នអន្តរជាតិ ដូចជា UNESCAP និង IFC ជាដើម ក្នុងការរៀបចំផែនទីមគ្គុទ្ទេសក៍ហិរញ្ញប្បទានប្រកបដោយចីរភាពកម្ពុជា សំដៅគាំទ្រសេដ្ឋកិច្ចបៃតង កិច្ចការពារបរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ ការពង្រឹងកាតព្វកិច្ចអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏បានរួមចំណែកមិនអាចខ្វះបានផងដែរ ក្នុងការធានានូវតម្លាភាពនិងចីរភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាជំនឿទុកចិត្តពីសាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារកម្ពុជា។ ជាក់ស្ដែង អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជាហិរញ្ញប្បទានភេរវកម្ម ហើយបានឈានទៅដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) កាលពីដើមឆ្នាំ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី