កំពង់ស្ពឺ៖ ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្បកម្មផ្លូវការ និងអាចផលិតសាច់កែច្នៃរហូតដល់ ១ តោនក្នុងមួយថ្ងៃ ខណៈម្ចាស់សិប្បកម្មកំពុងមានមហិច្ឆតាពង្រីកការផលិត ដើម្បីឈានទៅកាន់ទីផ្សារអន្តរជាតិ។
អ្នកស្រី ធីម គន្ធា ស្ថាបនិក និងជាម្ចាស់សិប្បកម្ម ជីលីណា បានប្រាប់បណ្តាញព័ត៌មាន AMS ថា អាជីវកម្មនេះបានចាប់ផ្តើមក្នុងលក្ខណៈគ្រួសារតាំងពីឆ្នាំ២០១៦ មុនពេលវិវត្តខ្លួនបង្កើតជាសិប្បកម្មផ្លូវការនៅឆ្នាំ២០២០។
សិប្បកម្មនេះមានទីតាំងលើផ្ទៃដីជាង ៧០អា នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទទួលបានការទទួលស្គាល់ផ្នែកស្តង់ដារ និងអនាម័យពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ និងក្រសួងពាណិជ្ជកម្ម។
បច្ចុប្បន្ន ជីលីណា មានសមត្ថភាពផលិតសាច់កែច្នៃប្រភេទសាច់ជ្រូក សាច់គោ និងសាច់មាន់ ក្នុងបរិមាណចន្លោះពី ៥០០គីឡូក្រាម ដល់ ១,០០០គីឡូក្រាម ឬ១តោន ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។ សង្វាក់ផលិតកម្មនេះអាចបង្កើតចំណូលសម្រាប់សិប្បកម្មប្រមាណជាង ១០លានរៀលក្នុងមួយថ្ងៃ។
ចំណុចសំខាន់មួយក្នុងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្ម គឺការប្រើប្រាស់វត្ថុធាតុដើមដែលប្រមូលទិញដោយផ្ទាល់ពីកសិដ្ឋានចិញ្ចឹមសត្វក្នុងស្រុក។ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកនេះ បានចូលរួមគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងទីផ្សាររបស់កសិករខ្មែរ។
ផលិតផលកែច្នៃរបស់ជីលីណា មានរហូតដល់ ២៣ប្រភេទ។ ក្នុងចំណោមនោះ ផលិតផលដែលមានការលក់ដាច់ជាងគេ រួមមាន សាច់ជ្រូកចង្កាក់អប់ទឹកដោះគោ សាច់គោរុំអំពៅ សាច់គោចង្កាក់ និងសាច់មាន់អប់ទឹកដោះគោ ដែលមានរសជាតិ និងងាយស្រួលក្នុងការចម្អិន។
ក្រៅពីផលិតផលដែលមានស្រាប់ សិប្បកម្មក៏បានបន្តស្រាវជ្រាវ និងអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ រួមមាន មឹកញាត់សាច់ជ្រូក មឹកចង្កាក់ និងនំសាមូសា (Samosa)។
ចំពោះបណ្តាញចែកចាយ អ្នកស្រី ធីម គន្ធា បានឱ្យដឹងថា ផលិតផលជីលីណា បានចូលទៅដល់ទីផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ ដូចជា ផ្សារទំនើបឡាក់គី (Lucky Supermarket) ចំការខ្មែរ អូឡាំពិក ស៊ុភើម៉ាឃីត និងផ្សារទំនើប ជីប ម៉ុង (Chip Mong) ទាំង ៩ សាខា ព្រមទាំងមានការដឹកជញ្ជូន និងចែកចាយទៅកាន់ទីផ្សារនានានៅទូទាំង ២៥ រាជធានី-ខេត្ត-ក្រុង។
ទោះជាយ៉ាងណា ដំណើររបស់សិប្បកម្មមិនមែនតែងតែមានភាពងាយស្រួលនោះទេ។ អ្នកស្រី ធីម គន្ធា បានរំលឹកថា នៅពេលចាប់ផ្តើមដំបូង សិប្បកម្មបានប្រឈមនឹងបញ្ហាប្រកួតប្រជែងខ្លាំង ដោយសារអ្នកប្រើប្រាស់កម្ពុជាភាគច្រើនមាននិន្នាការនិយមប្រើប្រាស់ និងគាំទ្រផលិតផលនាំចូលពីបរទេស។
យ៉ាងណាក៏ដោយ ស្ថានភាពទីផ្សារបានចាប់ផ្តើមផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការផ្សព្វផ្សាយដោយផ្ទាល់របស់សិប្បកម្មតាមប្រព័ន្ធអនឡាញ ឬ Page ដើម្បីបង្កើតទំនុកចិត្តជាមួយអតិថិជន និងបង្ហាញពីគុណភាពផលិតផលក្នុងស្រុក។
ការរឹតបន្តឹង និងបិទព្រំដែនលើទំនិញនាំចូលនាពេលកន្លងមក ក៏បានបើកឱកាសឱ្យផលិតផលក្នុងស្រុក រួមទាំងផលិតផលរបស់ជីលីណា អាចបង្ហាញសមត្ថភាព និងពង្រីកទីផ្សាររបស់ខ្លួន។ ការផ្លាស់ប្តូរនេះក៏ស្របនឹងនិន្នាការកើនឡើងនៃការផ្តោតលើផលិតកម្មក្នុងស្រុក និងការស្វែងរកប្រភពផលិតផលក្នុងស្រុកបន្ថែមទៀតនៅកម្ពុជា។
អ្នកស្រីបានបញ្ជាក់ថា៖ «ក្រោយពីការបិទព្រំដែន និងការធ្វើពហិការទំនិញថៃ ក៏ជាចំណែកមួយដែលធ្វើឱ្យសិប្បកម្មទទួលបានភាពកើនឡើងនៃផលិតកម្ម ដោយផលិតផលក្នុងស្រុកលែងប្រឈមការប្រកួតប្រជែងខ្លាំងពីប្រទេសជិតខាងដូចមុន»។
បន្ថែមពីនេះ អ្នកស្រីបានកត់សម្គាល់ថា ប្រជាជនខ្មែរចាប់ផ្តើមទទួលស្គាល់ និងផ្តល់តម្លៃកាន់តែច្រើនលើសុវត្ថិភាពម្ហូបអាហារ ព្រមទាំងគាំទ្រ «ផលិតផលផលិតដោយកូនខ្មែរ» ខណៈសិប្បកម្មក៏ត្រូវបន្តខិតខំធានាឱ្យផលិតផលមានគុណភាព ស្តង់ដារ និងសុវត្ថិភាព។
ការកើនឡើងនៃការគាំទ្រផលិតផលក្នុងស្រុក បានផ្តល់កម្លាំងចិត្តដល់សិប្បកម្មក្នុងការពង្រីកសមត្ថភាពផលិត ប៉ុន្តែអ្នកស្រី ធីម គន្ធា យល់ថា ចលនាគាំទ្រផលិតផលក្នុងស្រុកនៅមិនទាន់មានទ្រង់ទ្រាយធំធេងនៅឡើយ ហើយត្រូវការការចូលរួមបន្ថែមពីគ្រប់ភាគី។
ទោះមានមហិច្ឆតាចង់ពង្រីកការផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ដោយ ម្ចាស់សិប្បកម្មបានសង្កត់ធ្ងន់ថា ការឈានទៅទីផ្សារបរទេស តម្រូវឱ្យផលិតករក្នុងស្រុកផ្តោតជាចម្បងលើគុណភាព និងសុវត្ថិភាពផលិតផល។
អ្នកស្រី ធីម គន្ធា បានផ្តាំផ្ញើទៅកាន់ផលិតករ និងសហគ្រាសក្នុងស្រុកថា ត្រូវផ្តោតលើ «គុណភាព និងសុវត្ថិភាព» ជាចម្បង មុននឹងរំពឹងសុំការគាំទ្រពីប្រជាពលរដ្ឋ។
ចំពោះអ្នកបរិភោគ និងអតិថិជន អ្នកស្រីបានអំពាវនាវឱ្យរួមគ្នាគាំទ្រ «ផលិតផលខ្មែរ» ព្រោះការគាំទ្រនេះអាចក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញផលិតកម្មក្នុងស្រុក ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content