ភ្នំពេញ៖ ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា។ ការកើនឡើងនៃបរិមាណលក់បានក្លាយជាឱកាសសំខាន់សម្រាប់អាជីវករ និងកសិករខ្មែរ ក្នុងការបង្កើនចំណូល។
ផ្លែឈើក្នុងស្រុកដូចជា ចេកណាំវ៉ា ចេកពងមាន់ ចេកអំបូង មៀន ក្រូចពោធិ៍សាត់ ស្រកានាគ ទទឹម ស្វាយ មង្ឃុត ល្មុត សេដា ដូង ក្រូចថ្លុង និងម្នាស់ ត្រូវបានប្រជាពលរដ្ឋនិយមយកទៅប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណីនេះ ដោយត្រូវបានចាត់ទុកថាជានិមិត្តរូបនៃភាពសម្បូរសប្បាយ និងត្រជាក់ត្រជុំ។
តាមការលើកឡើងរបស់អាជីវករ ប្រជាពលរដ្ឋបច្ចុប្បន្នមានទំនោរទិញផ្លែឈើធម្មជាតិក្នុងស្រុកកាន់តែច្រើន ដោយសារកត្តារសជាតិ និងសុវត្ថិភាពម្ហូបអាហារ។ ការគាំទ្រផលិតផលក្នុងស្រុក រួមជាមួយនឹងចលនាប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ បានជំរុញសកម្មភាពទិញដូរផ្លែឈើប្រចាំតំបន់ ទាំងសម្រាប់ទទួលទានផ្ទាល់ខ្លួន និងធ្វើជាកាដូជូនចាស់ទុំ។
អ្នកស្រី នី ចិន្តា អាជីវករលក់ផ្លែឈើចម្រុះនៅផ្សារប្រាំពីរមករា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តម្លៃផ្លែឈើមិនមានការប្រែប្រួលខ្លាំងធៀបនឹងថ្ងៃធម្មតានោះទេ។
អ្នកស្រីបានឱ្យដឹងថា ផ្លែឈើដែលមានតម្រូវការប្រចាំថ្ងៃខ្ពស់ មានរង្វង់ចំណេញជាមធ្យមត្រឹម ១៥% ទៅ ២០% ប៉ុណ្ណោះ ប៉ុន្តែការកើនឡើងនៃបរិមាណលក់សរុបបានជួយឱ្យអាជីវករអាចរកប្រាក់ចំណេញបានច្រើន។
អ្នកស្រី ចិន្តា បានបន្តថា មុខទំនិញដែលលក់ដាច់ស្ទើរតែទាំងអស់ រួមមានផ្លែឈើក្នុងស្រុកដូចជា ចេកគ្រប់ប្រភេទ មៀន ក្រូចពោធិ៍សាត់ ល្មុត សាវម៉ាវ ក្រូចថ្លុង និងដូង។ ចំណែកផ្លែឈើនាំចូល និងមុខទំនិញដទៃទៀតដែលមានការលក់ដាច់ រួមមានផ្លែប៉ោមក្រហម និងបៃតង ទំពាំងបាយជូរ ក្រូចឃ្វិចសំបកលឿង និងផ្លែទទឹម។
ចំពោះតម្លៃផ្លែឈើវិញ អ្នកស្រីបានឱ្យដឹងថា មានការប្រែប្រួលតិចតួចប៉ុណ្ណោះ ដោយផ្លែប៉ោមមានតម្លៃចន្លោះពី ១២,០០០ ទៅ ១៥,០០០ រៀល ខណៈផ្លែមៀនមានតម្លៃពី ៨,០០០ ទៅ ១០,០០០ រៀលក្នុងមួយគីឡូក្រាម និងក្រូចសំបកលឿងមានតម្លៃពី ១០,០០០ ទៅ ១៧,០០០ រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រី ចិន្តា បានបញ្ជាក់ថា កត្តាគន្លឹះដែលជួយឱ្យអាជីវកម្មរបស់អ្នកស្រីរក្សាបានចំណែកទីផ្សារ គឺការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយទទួលបានប្រភពទំនិញមានគុណភាព តម្លៃដើមទាប ធានាបានភាពស្រស់ និងមិនឆ្លងកាត់ម៉ូយកណ្តាលច្រើនតំណាក់កាល។
ទោះជាយ៉ាងណា អាជីវកររូបនេះបានគូសបញ្ជាក់ថា អាជីវកម្មនៅបាត់បង់ឱកាសមួយចំនួនក្នុងការបង្កើតតម្លៃបន្ថែមលើផលិតផល ដោយសារខ្វះពេលវេលាក្នុងការរៀបចំកន្ត្រកកាដូ ឬសាដកផ្លែឈើស្រស់ និងការពង្រីកការលក់តាមប្រព័ន្ធឌីជីថល។
អ្នកស្រីបានលើកឡើងថា ការលក់តាម E-Commerce ការបង្កើតទំព័រ Facebook និង TikTok ការថតរូប ឬវីដេអូទាក់ទាញ ព្រមទាំងការភ្ជាប់ជាមួយកម្មវិធីដឹកជញ្ជូន អាចជាឱកាសសម្រាប់បង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារផ្លែឈើ។
អ្នកស្រី ចិន្តា បានបន្ថែមថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំក្រោយ អ្នកស្រីនឹងរៀបចំឱកាសបង្កើតតម្លៃបន្ថែមលើផលិតផលទាំងនេះ ដោយផ្តោតលើប្រភេទផ្លែឈើដែលបានកត់សម្គាល់ថាលក់ដាច់ជាងគេ និងដែលប្រជាពលរដ្ឋនិយមយកទៅរៀបចំជាកន្ត្រកផ្លែឈើ ឬសាដកផ្លែ ដើម្បីប្រគេនព្រះសង្ឃ ឬជូនអ្នកមានគុណ។
ដោយឡែក អ្នកស្រី លឿត គីមសួយ អាជីវករលក់ផ្លែឈើនៅផ្សារទួលគោក បានឱ្យដឹងថា ចរន្តនៃការទិញលក់ផ្លែឈើនឹងកើនឡើងខ្លាំងនៅចុងសប្តាហ៍ គឺថ្ងៃសៅរ៍ និងអាទិត្យ ព្រោះជាពេលដែលប្រជាពលរដ្ឋទំនេរពីការងារ និងមានពេលរៀបចំទៅវត្តអារាម។
សរុបសេចក្តីមក ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាពិធីបុណ្យប្រពៃណីសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជំរុញចរាចរណ៍សាច់ប្រាក់ គាំទ្រខ្សែច្រវាក់ផលិតកម្មកសិកម្មក្នុងស្រុក និងបង្កើតចំណូលបន្ថែមដល់អាជីវករលក់ដុំ និងលក់រាយផ្លែឈើនៅកម្ពុជា៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content