ភ្នំពេញ៖ នៅក្នុងបរិបទដែលអាកាសធាតុពិភពលោកប្រែប្រួល កម្ពុជាបានបោះជំហានលើវិថីសេដ្ឋកិច្ចបៃតងយ៉ាងមុតមាំ ដោយពង្រឹងសក្ដានុពលឥណទានកាបូន ដើម្បីទាក់ទាញទុនអភិវឌ្ឍន៍ អភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ឱ្យស្របតាមចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។
ជាកត់សម្គាល់ នៅឆ្នាំ២០២៦ នេះ ឥណទានកាបូនហាក់នៅទ្រឹង ឬមិនទាន់មានវឌ្ឍនភាពអ្វីថ្មីនៅឡើយទេ ដោយស្ថានភាពទីផ្សារឥណទានកាបូនស្ម័គ្រចិត្តប្រែប្រួល និងការកែសម្រួលវិធីសាស្ដ្រឥណទានកាបូន ខណៈដែលគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ កម្ពុជាលក់កាបូនបានប្រមាណ ១១លានដុល្លារអាមេរិក រុញចូលសេដ្ឋកិច្ចជាតិរួចហើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា រេដបូក (REDD+) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងការរេចរឹលព្រៃឈើ។ យន្តការនេះ បានរួមបញ្ចូលនូវតួនាទីអភិរក្ស គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងបង្កើនអាងស្តុកកាបូនក្នុងវិស័យព្រៃឈើ តាមរយៈការលើកទឹកចិត្តជាហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្ដមបន្ដថា សម្រាប់កម្ពុជា ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ ដូចជា Total, World Disney ជាដើម មកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូន យកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូន សម្រាប់រាប់បញ្ចូលទៅក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសាកល សំដៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជា ជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០”។
បើតាមក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ការអនុវត្តគម្រោងរេដបូក គឺស្របគ្នាជាមួយនឹងគោលដៅជាតិនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្ដីពីក្រមបរិស្ថាន និងធនធានធម្មជាតិ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ យុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជាឆ្នាំ២០២៤-២០៣៣ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូនជាដើម ដែលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុពិភពលោក។
ក្រសួងបរិស្ថានកម្ពុជា បាន និងកំពុងបន្ដខ្នះខ្នែងរកចំណូលពីការលក់កាបូន ដោយសម្របសម្រួល រៀបចំគម្រោងឥណទានកាបូនថ្មីៗបន្ថែម ទាំងនៅក្នុងវិស័យព្រៃឈើ និងមិនមែនព្រៃឈើ។ បច្ចុប្បន្ន គម្រោងរេដបូកក្នុងប្រទេសកម្ពុជាមានចំនួន ១៥ ក្នុងនោះ ១២ គម្រោងកំពុងសិក្សា និង ៣គម្រោង កំពុងដំណើរការ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង នៅក្នុងខេត្តកោះកុង គម្រោងរេដបូកកែវសីមា ក្នុងខេត្តមណ្ឌលគីរី និងគម្រោងរេដបូកព្រៃឡង់ អនុវត្តតាមកម្មវិធី JCM ជាមួយក្រុមហ៊ុនមីតស៊ូ ប្រទេសជប៉ុន ដែលសរុបផ្ទៃដីទាំង ១៥គម្រោង សរុបផ្ទៃដីគ្របដណ្ដប់ព្រៃឈើចំនួន ៣,៧ លានហិកតា ក្នុងផ្ទៃដីតំបន់ការពារធម្មជាតិជាង ៧លានហិកតា៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content