បរទេស៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អនៅទូទាំងប្រទេស ដោយអាជ្ញាធរមិនបានរកឃើញភស្តុតាងនៃសកម្មភាពទិញសន្លឹកឆ្នោតទ្រង់ទ្រាយធំ ឬជាប្រព័ន្ធនោះទេ។ នេះបើយោងតាមការរាយការណ៍របស់កាសែតក្នុងស្រុកប៊ុលហ្គារី Novinata។
ក្រោយការបិទបញ្ចប់ការបោះឆ្នោត លោក Ivan Demerdzhiev រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក Lyubomir Nikolov អគ្គលេខាធិការស្តីទីនៃក្រសួងមហាផ្ទៃ បានធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា ដោយបញ្ជាក់ថា អាជ្ញាធរមិនបានរកឃើញភស្តុតាងណាមួយបង្ហាញពីសកម្មភាពទិញទឹកចិត្តអ្នកបោះឆ្នោតក្នុងទ្រង់ទ្រាយធំ ឬជាប្រព័ន្ធឡើយ។
ទោះជាយ៉ាងណា ក៏មានឧប្បត្តិហេតុមួយចំនួន និងការឃាត់ខ្លួនមនុស្សមួយចំនួនផងដែរ។ តាមប្រភពដដែល ករណីទាំងនេះភាគច្រើនកើតឡើងនៅតំបន់ជាក់លាក់មួយចំនួន ដែលមានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមូលដ្ឋានស្របពេលជាមួយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
ដើម្បីធានាសន្តិសុខ និងការពារដំណើរការបោះឆ្នោត ក្រសួងមហាផ្ទៃបានដាក់ពង្រាយកងកម្លាំងចំនួន ១៧,០០០ នាក់ នៅតាមការិយាល័យបោះឆ្នោតជាង ១២,០០០ កន្លែងទូទាំងប្រទេស។ កម្លាំងនគរបាលពិសេសក៏ត្រូវបានត្រៀមសម្រាប់ការអន្តរាគមន៍ ក្នុងករណីមានហេតុការណ៍បន្ទាន់ផងដែរ។
ក្នុងរយៈពេលមួយខែមុនការបោះឆ្នោត កងកម្លាំងនគរបាលបានធ្វើប្រតិបត្តិការបង្ក្រាបចំនួន ១៩២ លើក និងទទួលបានសេចក្តីរាយការណ៍អំពីការរំលោភច្បាប់បោះឆ្នោតចំនួន ២៤២ ករណី។
លោក Demerdzhiev បានថ្លែងអំណរគុណដល់មន្ត្រីនគរបាលទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីធានាថា ប្រជាពលរដ្ឋអាចទៅបោះឆ្នោតដោយសេរី ដោយគ្មានការភ័យខ្លាច ឬការរំខាន។
ទោះបីជាការបោះឆ្នោតបានបញ្ចប់ក៏ដោយ ក្រសួងមហាផ្ទៃនៅតែបន្តការងារការពារសន្តិសុខ ដោយកងកម្លាំងនគរបាលកំពុងការពារគណៈកម្មាធិការរៀបចំការបោះឆ្នោតតាមតំបន់ និងធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនឯកសារបោះឆ្នោត សន្លឹកឆ្នោត និងម៉ាស៊ីនបោះឆ្នោត។
អាជ្ញាធរប៊ុលហ្គារីក៏កំពុងរក្សាការប្រុងប្រយ័ត្នខ្ពស់ផងដែរ ក្នុងអំឡុងពេលត្រៀមរៀបចំការបោះឆ្នោតជុំទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រសួងមហាផ្ទៃបានប្តេជ្ញាបន្តទប់ស្កាត់រាល់ការប៉ុនប៉ងកែប្រែ ឬបន្លំលទ្ធផលបោះឆ្នោតក្នុងអំឡុងពេលរង់ចាំការបោះឆ្នោតជុំបន្ទាប់៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content