បរទេស ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ ការនាំចេញទំនិញរបស់កាណាដាទៅកាន់ទីផ្សារប្រទេសចិនបានកើនឡើងយ៉ាងគំហុករហូតដល់ទៅ ៣០ ភាគរយ និងបានជំរុញទំហំពាណិជ្ជកម្មសរុបកើនឡើង ៣.៦ ភាគរយធៀបនឹងឆ្នាំ២០២៥ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CBC News ។
យោងតាមទិន្នន័យពីស្ថាប័នស្ថិតិជាតិកាណាដា និងរបាយការណ៍ថ្មីមួយពីក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-ចិន បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានសរុប ៦៦.៦ ពាន់លានដុល្លារកាណាដា (ប្រហែល ៤៧,៨ ពាន់លានដុល្លារអាម៉េរិក) ដែលកើនឡើង ៣.៦ ភាគរយធៀបនឹងឆ្នាំ២០២៥ និងជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយកន្លងមកនេះ។ ចំពោះវិស័យថាមពល និងរ៉ែមាន ចំណែកធំជាងគេដល់ទៅ ៥៨.៤ ភាគរយនៃការនាំចេញសរុប ដោយក្នុងនោះ ការនាំចេញប្រេងឆៅ និងប្រេងឥន្ធនៈបានកើនឡើង ៨១.៨ ភាគរយ, រ៉ែដែក និងរ៉ែ មិនមែនលោហៈកើនឡើង ២៩ ភាគរយ។ ដោយឡែក ការនាំចូលពីចិនវិញបានថយចុះប្រមាណ ៥.៨ ភាគរយ ធ្វើឱ្យឱនភាពពាណិជ្ជកម្មរបស់កាណាដាជាមួយចិនថយចុះ ២៥ ភាគរយ។

សូមជម្រាបថា កាលពីខែមករាកន្លងទៅនេះ រដ្ឋាភិបាល លោក Carney បានសម្រេចកិច្ចព្រមព្រៀងជាមួយមេដឹកនាំចិន លោក Xi Jinping ដោយអនុញ្ញាតឱ្យរថយន្តអគ្គិសនី EV របស់ចិនចូលមកកាន់ទីផ្សារកាណាដា ជាថ្នូរនឹងការដែលទីក្រុងប៉េកាំងផ្អាកយកពន្ធលើផលិតផលកសិកម្មកាណាដា ហើយប្រសិនបើស្ថានភាពបន្តដំណើរការល្អបែបនេះ កាណាដា នឹងអាចសម្រេចបាន ឬ អាចលើសពីគោលដៅរបស់រដ្ឋាភិបាលក្នុងការបង្កើនការនាំចេញទៅចិនឱ្យបាន ៥០ ភាគរយត្រឹមឆ្នាំ២០៣០។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបង្ហាញពីគោលបំណងពង្រីកទីផ្សារឲ្យមានភាពចម្រុះជាងមុន និងប្ដេជ្ញាស្វែងរកទីផ្សារពាណិជ្ជកម្មថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើអាម៉េរិក។ លើសពីនេះ ការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ដែលជំរុញឱ្យប្រទេសមួយចំនួនងាកមករកប្រភពផ្គត់ផ្គង់ពីកាណាដាវិញ។ បំពង់បង្ហូរប្រេងរបស់កាណាដា Trans Mountain បានបង្កើនសមត្ថភាពបង្ហូរដល់ទៅ ៩៧ ភាគរយក្នុងខែមិថុនា ដែលជួយបង្កើនលទ្ធភាពឱ្យតំបន់អាស៊ីអាចទិញប្រេងឆៅពីខ្លួនបានកាន់តែងាយស្រួល៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content