បរទេស៖ ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS។
យោងតាមការរាយការណ៍របស់ CNBC ក្នុងកិច្ចប្រជុំកំពូល BRICS មេដឹកនាំចិន លោក Xi Jinping បានថ្លែងថា ចិននឹងផ្តួចផ្តើមបង្កើតសហគមន៍ដែលមានប្រភពបើកចំហផ្នែក AI ដោយផ្តោតលើការគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ និងការប្រើប្រាស់គំរូភាសាខ្នាតធំ ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាល AI និងការកសាងប្រព័ន្ធអេកូឡូស៊ីបែបបើកចំហ។
ចិនក៏នឹងខិតខំបង្កើតវេទិកា cloud សម្រាប់ប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ BRICS ដែលរួមមានការបណ្តុះបណ្តាលជំនាញឌីជីថល ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការសម្របសម្រួលផ្នែកឧស្សាហកម្ម។
លោក Xi បានបញ្ជាក់ថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់បណ្តាប្រទេស BRICS ផ្សេងទៀតក្នុងការកសាងរោងចក្រឆ្លាតវៃ ក៏ដូចជាការបង្កើតស្តង់ដារ និងបទដ្ឋាននានា ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរ។
លោកក៏បានស្នើឱ្យមានការបង្កើតសម្ព័ន្ធភាពសម្រាប់បណ្តុះបណ្តាលវិស្វករក្នុងចំណោមប្រទេស BRICS និងកម្មវិធីផ្លាស់ប្តូរយុវជនសម្រាប់ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ឱ្យបានកាន់តែច្រើន។
សំណើរបស់លោក Xi ធ្វើឡើងចំពេលដែលវិស័យ AI កំពុងរីកចម្រើនយ៉ាងខ្លាំង ដោយក្រុមហ៊ុននានាកំពុងបញ្ចេញគំរូ AI ដែលមានសមត្ថភាពកាន់តែខ្លាំងឡើង។
យ៉ាងណាក៏ដោយ AI ក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យ និងការជជែកដេញដោលផងដែរ ដោយមនុស្សជាច្រើនដែលធ្វើការក្នុងវិស័យនេះជឿជាក់ថា បច្ចេកវិទ្យានេះអាចនឹងបំផ្លាញមនុស្សជាតិទាំងមូលនៅត្រឹមចុងទសវត្សរ៍នេះ។
គួរបញ្ជាក់ថា ក្រុមប្រទេស BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់លោកខាងលិច ដោយមានសមាជិកដំបូងចំនួន ៥ ប្រទេស រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
ក្រោយមក ក្រុមនេះបានពង្រីកសមាជិកភាពដោយរួមបញ្ចូល អេហ្ស៊ីប អេត្យូពី ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content