សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី មិនមែនគ្រាន់តែជាការពង្រីកម៉ោងទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ ពង្រីកសកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មកម្សាន្តទេសចរណ៍ពេលរាត្រីរបស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក្នុងគោលបំណងជំរុញសក្តានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ការទសន្សនាប្រាសាទ និងទេសភាពជនបទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តឱ្យបានកាន់តែច្រើនឡើង និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប។
ថ្លែងក្នុងពិធីដ៏សប្បាយរីករាយនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរស្រុកប្រាសាទបាគង អាជ្ញាធរពាក់ព័ន្ធទាំងអស់, លោកប្រធានសហគមន៍, គណៈគ្រប់គ្រងសហគមប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួមសហការគ្នាយ៉ាងសកម្ម រហូតធ្វើឱ្យគម្រោងទេសចរណ៍ពេលរាត្រីក្នុងសហគមន៍នេះលេចចេញជារូបរាង ដែលជាសេវាកម្មទេសចរណ៍ថ្មីរបស់សហគមន៍ទើបនឹងបង្កើតឡើង។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលចាត់ទុកថា «ជាមាសបៃតង» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ ជាពិសេស រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយទទួលស្គាល់ថា សហគមន៍គឺជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏ជូនជម្រាបជូនបន្ថែមថា សមិទ្ធផលនៃសេវាកម្មទេសចរណ៍ថ្មីរបស់សហគមន៍បាគងភូមិខ្ញុំនៅថ្ងៃនេះ ពិតជាឆ្លើយតបបាននឹង គោលបំណងរបស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតជាគោលការណ៍ឱ្យបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា សំដៅជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី ឱ្យបានកាន់តែសម្បូរបែប, បង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែម និងពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរ។







វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content