ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។
ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ៖ ជុំវិញការធ្វើទស្សនកិច្ចរបស់លោក នីកូឡា នាពេលនេះ ជាចំណែកមួយនៃការត្រៀមខ្លួនរៀបចំនូវព្រឹត្តិការណ៍ទស្សនកិច្ចសំខាន់ៗនៅពេលខាងមុខរបស់លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នៅកម្ពុជានាអំឡុងខែវិច្ឆិកាខាងមុខនេះ។ កម្ពុជា-បារាំង មានទំនាក់ទំនងយូរអង្វែងណាស់ហើយ ជាពិសេស ក្នុងនាមជាប្រទេសធ្លាប់ធ្វើអាណានិគមមកលើកម្ពុជា។

លោកបណ្ឌិត បានមើលឃើញថា ជាមួយនឹងដំណើរទស្សនកិច្ចនាពេលនេះ វាមិនត្រឹមតែពាក់ព័ន្ធទៅនឹងគោលដៅបង្កើនទំហំពាណិជ្ជកម្មនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការធ្វើតុល្យភាពភូមិសាស្ត្រនយោបាយនៅតំបន់ឥណ្ឌូចិន រួមមានដូចជា ៖
ចំណុចទី១ កត្តាប្រវត្តិសាស្ត្រ ៖ បើមើលឱ្យស៊ីជម្រៅ បារាំងសម្រាប់កម្ពុជា គឺជាអ្នកកាន់ផែនទីមួយ ជាផ្នែកមួយនៃការគាំទ្រនូវអ្វីដែលកំពុងតែមានបញ្ហាជាមួយប្រទេសថៃ (ភាគីថៃ) ដែលកំពុងតែឈ្លានពានកម្ពុជា ជាពិសេស សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
ចំណុចទី២ កត្តាសេដ្ឋកិច្ច ៖ ដោយសារមានវត្តមានរដ្ឋមន្ត្រីផ្នែកថាមពល និងសុខាភិបាលបារាំងផងដែរនោះ ការផ្សារភ្ជាប់ទំនិញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ច្រកចូលសហគមន៍អឺរ៉ុប ប្រទេសទាំងពីរនឹងផ្តោតលើថាមពលកកើតឡើងវិញ និងទៅលើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ឧស្សាហកម្មកម្ពុជា ព្រោះនៅកម្ពុជាសព្វថ្ងៃ មានក្រុមហ៊ុនបារាំងប្រហែលជា ២០០ ដែលកំពុងធ្វើសកម្មភាពផលិត និងពាណិជ្ជកម្មនៅក្នុងទំនាក់ទំនងនេះ ដែលអាចជួយឱ្យមានការប្រកួតប្រជែងគុណភាពគ្នាជាមួយនឹងភាគីថៃ និងអាចក្លាយជាផ្នែកមួយនៃទំនិញជំនួសក្នុងពេលអនាគត ជាពិសេស កម្ពុជាមានការគាំទ្រមួយផ្នែកពី AFD ដែលជាអ្នកជួយកាត់បន្ថយហានិភ័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
ចំណុចទី៣ ភូមិសាស្ត្រនយោបាយ ៖ ប្រសិនបើនៅក្នុងបរិបទនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា បរិបទនៃជម្លោះសកលលោកមិនទៀងទាត់ ការបែងចែកអំណាចរវាងប្លុកទៀតហើយ ប៉ុន្តែវាជាពហុប៉ូលម្ ដែលកម្ពុជាក្នុងពេលនេះគឺកំពុងតែពឹងបារាំង ដើម្បីរំលឹកទៅប្រទេសជិតខាងផងថា ខ្លួនមានសម្ព័ន្ធមិត្តដូចជាបារាំងអ៊ីចឹង ដើម្បីទប់ទល់ជាមួយនឹងថៃ។ ទន្ទឹមនឹងនោះ កម្ពុជាក៏អាចទាញបារាំងដើម្បីធ្វើជាអំណាចទន់( Soft Power) ឱ្យមានតុល្យភាពមហាអំណាច ឬក៏អំណាចភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។ បើនិយាយអំពីកម្ពុជា-បារាំង នឹងនឹកឃើញឥណ្ឌូចិនមុនគេ។ ដុច្នេះ ការទាញបារាំងចូល គឺកុំឱ្យគេគិតថា កម្ពុជាទោរទន់ទៅរកចិនដាច់ខាត ឬក៏ទោរទន់ទៅរកផ្នែកណាមួយទៀត។ អ្វីដែលសំខាន់បំផុតនោះ គឺចង់បង្ហាញសកលលោកថា កម្ពុជាមានមិត្តច្រើន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើកក្នុងក្របខ័ណ្ឌនៃការជំរុញទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ហើយវាជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ប្រភពដដែលនេះ បានឱ្យដឹងថា៖ លោករដ្ឋមន្ត្រីនឹងចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចរឹងមាំបារាំងនៅកម្ពុជាផងដែរ ដែលមានបណ្តាញក្រុមហ៊ុនយ៉ាងតិច ២០០ ក្រុមហ៊ុន។
សូមជម្រាបថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងបារាំង ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ មានចំនួន ២៦៧លានដុល្លារអាម៉េរិក ក្នុងនោះ បារាំងនាំចូលកម្ពុជាមានចំនួន ២១៣លានដុល្លារ កើន១៤ភាគរយ ហើយកម្ពុជានាំចេញទៅបារាំង ៥៤លានដុល្លារ កើន១៨ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content