ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន ៦០ ០០០ ក្បាល ចូលទៅក្នុងដែនសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោក TONG XINHONG អគ្គនាយកក្រុមហ៊ុន ហ៊រទាន សីហនុវីល លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល តំណាងមន្ទីរកសិកម្មខេត្តព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងព្រឹត្តិការណ៍នេះ កូនត្រីសមុទ្រចំនួន ១០ ០០០ ក្បាល និងកូនក្តាមសេះចំនួន ៥០ ០០០ ក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ សកម្មភាពនេះមិនត្រឹមតែជាការបំពេញកាតព្វកិច្ចសង្គម (CSR) របស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដោយផ្ទាល់ទៅលើ «ទុនធម្មជាតិ» ដែលនឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចត្រឡប់មកវិញ តាមរយៈការកើនឡើងនៃផលនេសាទ និងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជាឲ្យកាន់តែសម្បូរបែប។
ថ្លែងនាឱកាសបើកកម្មវិធី លោកជំទាវ អុឹម រចនា បានគូសបញ្ជាក់ពីស៊ីជម្រៅនៃតម្លៃសេដ្ឋកិច្ច និងបរិស្ថានថា ការលែងកូនពូជជលផលនាពេលនេះ គឺជាសកម្មភាពជាក់ស្ដែងក្នុងការស្ដារជីវៈចម្រុះ និងបង្កើតប្រភពប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជានេសាទក្នុងតំបន់។
លោកជំទាវបានមានប្រសាសន៍ថា៖«ការអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលមិនមែនជាបន្ទុកដាច់ដោយឡែករបស់ស្ថាប័នរដ្ឋនោះឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរួម និងជាផលប្រយោជន៍សេដ្ឋកិច្ចរួមរបស់ភាគីពាក់ព័ន្ធទាំងអស់។ ក្រសួងកសិកម្ម សូមវាយតម្លៃខ្ពស់ចំពោះគំរូដ៏ប្រពៃនៃកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជនមួយនេះ»។
ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវ និងលើកទឹកចិត្តយ៉ាងទទូចដល់ក្រុមហ៊ុន-សហគ្រាសឯកជនផ្សេងទៀត ឱ្យបន្តចូលរួមក្នុងសកម្មភាពអភិរក្សបរិស្ថាន និងធនធានធម្មជាតិឲ្យបានផុលផុសបន្ថែមទៀត។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាសសរស្ដម្ភយ៉ាងរឹងមាំក្នុងការធានានិរន្តរភាពជលផលសមុទ្រ ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងជំរុញកំណើនសេដ្ឋកិច្ចបៃតងនៅតំបន់ឆ្នេរកម្ពុជាប្រកបដោយចីរភាព។
សូមជ្រាបថា ការលែងកូនក្តាមសេះ ត្រូវបានអាជ្ញាធរ និងសហគមន៍នេសាទតែងតែរៀបចំពិធីលែងកូនក្តាមសេះចំនួនរាប់សែនក្បាល ឧទាហរណ៍ កាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កូនក្តាមសេះចំនួនជាង៨សែនក្បាល(ប្រមាណ ៨៥ម៉ឺនក្បាល) ក៏ត្រូវបានលែងនៅខេត្តកំពត។

គួរបញ្ជាក់ដែរថា ក្នុងពិធីលែងកូនក្ដាមសេះទៅក្នុងសហគមន៍នេសាទ តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ធ្លាប់មានប្រសាសន៍ថា បច្ចុប្បន្នពលរដ្ឋច្រើនគ្រួសារកំពុងរស់នៅពឹងផ្អែកស្ទើរតែទាំងស្រុង លើផលនេសាទ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីសមុទ្រ សម្រាប់ទ្រទ្រង់ជីវភាព និងសន្តិសុខស្បៀង។
លោកស្រី Rebekah Bell បន្តថា៖«ជាកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុ ងការស្តារធនធានជលផលសមុទ្រនៅតាមតំបន់ឆ្នេរ។ ពេលដែលស្តុក មានភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ីទទួលបានការការពារត្រឹមត្រូវ នោះប្រជាសហគមន៍នឹងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការធានាសេដ្ឋកិច្ចគ្រួសារ ព្រមទាំងបង្កើនភាពធន់ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ»៕










វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content